ដោយ Donald Lee
ភ្នំពេញ៖ ប្រធានាធិបតីអាមេរិក Donald Trump បានដាក់ពន្ធលើទំនិញអឺរ៉ុប ដែលមានតម្លៃ ៧,៥ពាន់លានដុល្លារ កាលពីថ្ងៃសុក្រ ដែលអាចធ្វើឱ្យអាមេរិកធ្លាក់ចូលក្នុងសង្គ្រាមពាណិជ្ជកម្មមួយថ្មីទៀត ជាមួយប្រទេសសេដ្ឋកិច្ចពិភពលោកដ៏ធំមួយផ្សេងទៀត។
ការដាក់ពន្ធនេះធ្វើឡើង បន្ទាប់ពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានសម្រេចគាំទ្រឱ្យអាមេរិក វាយបកសេដ្ឋកិច្ចអឺរ៉ុបជាមួយនឹងពន្ធគយ បន្ទាប់ពីរកឃើញថា អឺរ៉ុបបានផ្តល់ជំនួយរដ្ឋខុសច្បាប់ ដល់ក្រុមហ៊ុនផលិតយន្តហោះ Airbus កាលពីដើមខែនេះ។
-->
លោក Trump បានសាទរចំពោះការសម្រេចចិត្ត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម Twitter បន្ទាប់ពីការប្រកាសរបស់អង្គការពាណិជ្ជកម្មពិភពលោក។
លោក Donald Trump បានសរសេរកាលពីដើមខែនេះថា “អាមេរិកបានឈ្នះទឹកប្រាក់ចំនួន៧,៥ពាន់លានដុល្លារ ពីអង្គការពាណិជ្ជកម្មពិភពលោក ទាក់ទងនឹងការប្រព្រឹត្តិរបសសហគមន៍អឺរ៉ុប ដែលបានធ្វើបាបសហរដ្ឋអាមេរិកយ៉ាងធ្ងន់ធ្ងរ លើពាណិជ្ជកម្ម ដោយសារតែពន្ធគយរបាំងពាណិជ្ជកម្ម និងអ្វីៗជាច្រើនទៀត។ ករណីនេះនៅតែបន្តអស់រយៈពេលជាច្រើនឆ្នាំដែលជាជ័យជម្នះដ៏ល្អ!”។
សកម្មភាពរបស់អាមេរិក អាចសម្គាល់ការចាប់ផ្តើម នៃសង្គ្រាមពាណិជ្ជកម្មសកលមួយផ្សេងទៀត បន្ទាប់ពីសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនបានធ្វើឱ្យកំណើន GDP សកលធ្លាក់ចុះ ហើយនឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោក ខាតបង់ប្រាក់ចំណូល៧០០ពាន់លានដុល្លារនៅឆ្នាំ ២០២០។ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ។
សហគមន៍អ៊ឺរ៉ុបបានសន្យា សងសឹកប្រឆាំងនឹងសេដ្ឋកិច្ចអាមេរិក ចំពោះបញ្ហាពន្ធគយខាងលើ។
ប៉ុន្មានម៉ោងមុនការប្រកាសជាផ្លូវការរបស់អាមេរិកស្តីពី ពន្ធគយអាមេរិក លោក Bruno Le Maire រដ្ឋមន្ត្រីសេដ្ឋកិច្ចបារាំងបានមានប្រសាសន៍ថា “យើង (អឺរ៉ុប) នឹងទទួលទណ្ឌកម្មស្រដៀងគ្នានេះ នៅក្នុងប៉ុន្មានខែទៀត សូម្បីតែការរឹតត្បិតថែមទៀតនៅក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីសងសឹកទៅនឹងទណ្ឌកម្មរបស់អាមេរិកទាំងនេះ”។
បញ្ជីពន្ធអាមេរិកនឹងរួមបញ្ចូលពន្ធ២៥ភាគរយ លើស្រាវីស្គីអៀរឡង់ និងស្កុក ឧបករណ៍ និងគ្រឿងម៉ាស៊ីនអាឡឺម៉ង់ និងអេស៉្បាញ។
អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ អាមេរិកនឹងដាក់ពន្ធបន្ថែម១០ភាគរយ លើយន្តហោះ ដែលផលិតនៅប្រទេសបារាំង អាល្លឺម៉ង់ អេស្ប៉ាញ ឬអង់គ្លេស៕