ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនែការគ្រប់គ្រងកំពង់ផែនៅកម្ពុជា ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់កំពង់ផែដើម្បីស្វែងរកភាពខ្វះខាត និងបំពេញបន្ថែមឱ្យកាន់តែមានភាពល្អប្រសើរនៅពេលអនុវត្ត ដោយមានការចូលរួមពីមន្ត្រីរាជធានី/ ខេត្ត ដែលពាក់ព័ន្ធ រួមទាំងអ្នកតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនផងដែរ។

នៅក្នុងរយៈពេល២ថ្ងៃ (ថ្ងៃទី១៧-១៨ ខែតុលា) នៃអង្គសិក្ខាសាលាពិភាក្សាស្ដីពី «សេចក្ដីព្រាងច្បាប់កំពង់ផែ» នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពរបស់លោក អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងមានការចូលរួមពីសំណាក់មន្ត្រីក្រោមឱវាទ មន្ត្រីតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) ព្រមទាំងបណ្តាអ្នកតំណាងក្រុមហ៊ុនកំពង់ផែឯកជនផងដែរ។

-->
រដ្ឋលេខាធិការ ក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក អៀង វ៉េងស៊ុន បានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យកំពង់ផែក្នុងការជំរុញវិស័យពាណិជ្ជកម្មគ្រប់ប្រភេទ និងដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងអន្ដរជាតិ។ បន្ថែមពីនេះ លោកក៏បានបញ្ជាក់ថា “កម្ពុជាបានទទួលការវិនិយោគជាបន្តបន្ទាប់ពីដៃគូអភិវឌ្ឍន៍នានាក្នុងវិស័យកំពង់ផែ ដែលធ្វើឱ្យវិស័យមួយនេះទទួលបាននូវការអភិវឌ្ឍ និងរីកចម្រើនគួរជាទីមោទនៈ”។ លោកបានបន្តទៀតថា “រដ្ឋាភិបាលកម្ពុជា បានជំរុញលើកទឹកចិត្តឱ្យអ្នកចូលរួមពីស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ មេត្តាយកចិត្តទុកដាក់សិក្សាស្វែងយល់ ការពិភាក្សាជាក្រុម និងផ្តល់ជាមតិយោបល់កែលម្អសេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែឲ្យកាន់តែល្អប្រសើរដើម្បីយកមកអនុវត្តក្នុងការបម្រើជាប្រយោជន៍ជូនប្រទេសជាតិ”។
អ្នកតំណាងជាន់ខ្ពស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំនៅកម្ពុជា បានលើកឡើងថា ៖ “ការជំរុញក្នុងការបង្កើតបទដ្ឋានគតិយុត្តិជាពិសេសច្បាប់ស្តីពីកំពង់ផែ គឺពិតជាមានសារៈសំខាន់ក្នុងការអភិវឌ្ឍកំពង់ផែនៅកម្ពុជាកាន់តែប្រសើរ”។ លោកបានបញ្ជាក់ថា “ច្បាប់ស្តីពីកំពង់ផែ ពិតជាមានសារៈសំខាន់ ក្នុងការអភិវឌ្ឍកំពង់ផែនៅកម្ពុជា ប្រកបដោយចីរភាព ហើយទីភ្នាក់ងារJICA សង្ឃឹមថា សេចក្តីព្រាងច្បាប់ស្តីពីកំពង់ផែ នឹងត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា នៅពេលឆាប់ៗខាងមុខនេះ” ៕