វិភាគ​៖ មន្ត្រី​ហិរញ្ញវត្ថុ​ពិភពលោក​នឹង​ធ្វើអ្វី​នៅ​កំឡុង​ពេល​បញ្ហា​ប្រឈម​នៃ​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច​ជាសាកល​?

0

ដោយ​ ប៊ី​

ភ្នំ​ពេញៈ​ បណ្តា​រដ្ឋមន្រ្តី​ហិរញ្ញវត្ថុ​ពិភពលោក​ និង​មន្រ្តី​ធនាគារ​កណ្តាល​បាន​បញ្ចប់​កិច្ចប្រជុំ​ធ្លាក់ចុះ​កាលពី​ថ្ងៃសៅរ៍​ ដោយ​សន្យា​ថា​នឹង​ប្រើ​វិធី​សមស្រប​ទាំងអស់​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ដែល​ចុះ​ខ្សោយ​បំផុត​ក្នុងរយៈពេល​មួយ​ទសវត្សរ៍​ ប៉ុន្តែ​មានការ​បង្ហាញផ្លូវ​តិចតួច​ ក្នុង​ការកាត់បន្ថយ​ភាព​តានតឹង​លើ​គោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​ ជា​ប្រភព​ដ៏​សំខាន់​នៃ​ការ​ធ្លាក់ចុះ​។

គណៈកម្មាធិការ​រៀបចំ​គោលនយោបាយ​ សម្រាប់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​មក​ពី១៨៩ប្រទេស​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​បិទ​ថា​ កំណើន​សេដ្ឋកិច្ច​គួរតែ​កើនឡើង​នៅ​ឆ្នាំក្រោយ​។

ក្រុម​មន្រ្តី​បាន​ទទួលស្គាល់​ថា​ កត្តា​មួយចំនួន​អាច​ធ្វើ​ឱ្យ​ខូចការ​ព្យាករណ៍​នោះ​ រួមមាន​ការ​បន្ត​ជម្លោះ​ លើ​គោលនយោបាយ​ពាណិជ្ជកម្ម​អន្តរជាតិ​ និង​ការ​កើនឡើង​ហានិភ័យ​ភូមិសាស្ត្រ​នយោបាយ​។

សេចក្តី​ថ្លែងការណ៍​នេះ​បានឱ្យ​ដឹង​ថា​ “យើង​ទទួលស្គាល់​ពី​តម្រូវការ​ ក្នុង​ការ​ដោះស្រាយ​ភាព​តានតឹង​ផ្នែក​ពាណិជ្ជកម្ម​ និង​គាំទ្រ​ដល់​ការ​ធ្វើ​កំណែទម្រង់​ចាំបាច់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។ ប៉ុន្តែ​វា​មិនបាន​រៀបរាប់​លម្អិត​ អំពី​វិធី​ដើម្បី​សម្រេច​បាន​នោះ​ទេ​”។

វា​ក៏​មិន​មាន​សញ្ញា​ណាមួយ​ដែល​ថា​ ការពិភាក្សា​នៅ​ខាងក្រៅ​កិច្ចប្រជុំ​បាន​បង្កើត​នូវ​របកគំហើញ​ណាមួយ​ នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ ដែល​ផ្តួចផ្តើម​ដោយ​ប្រធានាធិបតី​ Donald​ Trump​ ដែល​ជាផ្នែក​មួយ​នៃ​វិធី​សាស្រ្ត​ ដ៏​តឹង​រឹង​របស់​លោក​ ក្នុង​ការ​ពង្រឹង​ការអនុវត្ត​ច្បាប់​ពាណិជ្ជកម្ម​អាមេរិក​ ដើម្បី​កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ​របស់​អាមេរិក​។

រដ្ឋ​មន្រ្តី​ក្រសួង​រតនាគារ​អាមេរិក​លោក​ Steven​ Mnuchin​ នៅក្នុង​សុន្ទរកថា​ទៅកាន់​គណៈកម្មាធិការ​ IMF​ បាន​និយាយ​ថា​ គោលបំណង​របស់​រដ្ឋបាល​ គឺ​ដើម្បី​រៀបចំ​មូលដ្ឋាន​គ្រឹះ​ សម្រាប់​ការ​រីកចម្រើន​នា​ពេល​អនាគត​ តាមរយៈ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដែល​ត្រឹមត្រូវ​។

លោក​ Steven ​បាន​និយាយ​ថា​ ការចរចា​កាលពី​សប្តាហ៍​មុន​រវាង​មេ​រិក​ និង​ចិន​ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ធំជាង​គេ​ទាំងពីរ​ បាន​ទទួល​បាន​វឌ្ឍនភាព​គួរ​ឱ្យ​កត់សម្គាល់​លើ​ដំណាក់កាល​ទី១​ នៃ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ ដើម្បី​ដោះស្រាយ​អាមេរិក​ដែល​អះអាង​ថា​ចិន​កំពុង​លួច​កម្មសិទ្ធិ​បញ្ញា​។

ខណៈ​លោក ​Trump​ បាន​ផ្អាក​ការដំឡើង​ពន្ធ​ លើ​ផលិតផល​ចិន​ចំនួន២៥០ពាន់​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​គ្រោង​នឹង​ចូលជាធរមាន​នៅ​សប្តាហ៍​មុន​នេះ​ មាន​ព័ត៌មាន​ជាក់លាក់​មួយចំនួន​ អំពី​កិច្ច​ព្រមព្រៀង​នោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​។ ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ការចរចា​ដើម្បី​បញ្ចប់​ព័ត៌មាន​លម្អិត​ទាំងនោះ​ កំពុង​ដំណើរការ​ហើយ​។

នាយក​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF​) លោកស្រី​ Kristalina​ Georgieva​ មានប្រសាសន៍​ថា​ #ការ​គំរាមកំហែង​ពី​សង្គ្រាម​ពាណិជ្ជកម្ម​ គឺជា​ចំណុច​សំខាន់​នៃ​ការពិភាក្សា​សម្រាប់​មន្រ្តី​ហិរញ្ញវត្ថុ​។

លោកស្រី​បាន​និយាយ​ថា​ IMF​ បាន​ប៉ាន់ប្រមាណ​ថា​ ពន្ធគយ​ដែល​បាន​ដាក់​រួចហើយ​ ឬគំរាមកំហែង​អាច​នឹង​កាត់បន្ថយ​កំណើន​ សេដ្ឋកិច្ច​ពិភពលោក ​0,៨ភាគរយ​នៅ​ចុងឆ្នាំ​ក្រោយ​។ ភាគច្រើន​នៃ​កត្តា​ទាំងនោះ​គឺ​មក​ពី​ទំនុកចិត្ត​អាជីវកម្ម​។

លោកស្រី​បាន​និយាយ​ថា​ “នៅក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ មនុស្ស​គ្រប់គ្នា​ចាញ់​។ អ្នកបង្កើត​គោលនយោបាយ​ គួរតែ​យកចិត្ត​ទុកដាក់​ខ្ពស់​ ចំពោះ​កាតព្វកិច្ច​របស់​ខ្លួន​ ចំពោះ​កិច្ច​សហប្រតិបត្តិ​ការអន្តរជាតិ​ក្នុង​ពាណិជ្ជកម្ម​”។

ចំណែក​លោក​ David​ Malpass​ ប្រធាន​ធនាគារពិភពលោក​បាន​មានប្រសាសន៍​ថា​ ការពិភាក្សា​ផ្នែក​ហិរញ្ញវត្ថុ​នៅ​សប្តាហ៍​នេះ​ បាន​ផ្តោត​លើ​វិធី​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​។

លោក​បាន​មានប្រសាសន៍​ថា​ “កំណើន​សេដ្ឋកិច្ច​កំពុង​ធ្លាក់ចុះ​ ការ​វិនិយោគ​មាន​សភាព​យឺត​ សកម្មភាព​ផលិតកម្ម​មាន​សភាព​ទន់ខ្សោយ​ ហើយ​ពាណិជ្ជកម្ម​កំពុង​ចុះ​ខ្សោយ​”។ លោក​បន្ត​ថា​ “ការប្រែប្រួល​អាកាសធាតុ​ និង​ភាព​ផុយ​ស្រួយ​កំពុង​ធ្វើ​ឱ្យ​ប្រទេស​ក្រីក្រ​ងាយ​រងគ្រោះ​”។

លោក​បាន​មានប្រសាសន៍​ថា​ ធនាគារពិភពលោក​ ប្តេជ្ញា​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ​ ដោយ​ផ្តល់​នូវ​ជីវភាព​ប្រសើរ​ សម្រាប់​ប្រជាជន ៧០០លាន​នាក់​ នៅក្នុង​ពិភពលោក​ដែល​កំពុង​រស់នៅ​ក្នុង​ភាព​ក្រីក្រ​ខ្លាំង​។

តាម​ទស្សនវិស័យ​សេដ្ឋកិច្ច​ ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ IMF​ បាន​ព្យាករ​ថា​ សេដ្ឋកិច្ច​ពិភពលោក​នឹង​កើនឡើង៣ភាគរយ​នៅ​ឆ្នាំនេះ​ ដែល​ជា​កំនើន​ទាប​បំផុត​ ក្នុងរយៈពេល​មួយ​ទសវត្សរ៍​។ IMF​ បាន​និយាយ​ថា​ ៩០ភាគរយ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ កំពុង​ជួបប្រទះ​នូវ​ការ​ធ្លាក់ចុះ​នៃ​កំណើន​។

​ប៉ុន្តែ​ IMF​ ព្យាករណ៍​ថា​ កំណើន​សេដ្ឋកិច្ច​ នឹង​កើនឡើង​បន្តិច​ដល់៣​,៤ភាគរយ​ក្នុង​ឆ្នាំ២០២០​ ប៉ុន្តែ​តួលេខ​នេះ​ នៅតែ​ទាប​ជាង​អត្រា៣​,៦ភាគរយ​ក្នុង​ឆ្នាំ​ ២០១៨​ ។

អង្គការ​ Jubilee​ USA​ ដែល​ជា​អង្គការ​សាសនា​ ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ​ជាស​កល​បានឱ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​ ខណៈ​ពេល​ដែល​ IMF​ បាន​គូសបញ្ជាក់​ ពី​ការ​គំរាមកំហែង​ធ្ងន់ធ្ងរ​មួយចំនួន​ អនុសាសន៍​សម្រាប់​ដោះស្រាយ​ជាមួយ​ពួកគេ​មាន​តិច​តូច​។

លោក​ Eric​ LeCompte​ នាយក​ប្រតិបត្តិ​របស់​អង្គការ​ខាងលើ​នេះ​ បាន​មានប្រសាសន៍​ថា​ “ការ​វិនិយោគ​ដែល​មាន​ហានិភ័យ​ ភាព​តានតឹង​ពាណិជ្ជកម្ម​ និង​ប្រទេស​កំពុង​ខ្ចីប្រាក់​ច្រើន​ពី​បណ្តា​ប្រទេស​នានា​ គឺជា​ក្តី​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​”។

ខណៈ​គោលនយោបាយ​ពាណិជ្ជកម្ម​របស់​លោក​ Trump​ គឺជា​ប្រធានបទ​ដ៏​សំខាន់​នៃ​ការពិភាក្សា​នៅ​ឯកិច្ចប្រជុំ​ មន្ត្រី​ហិរញ្ញវត្ថុ​ភាគច្រើន​ បាន​ជៀសវាង​ការរិះគន់​ផ្ទាល់​ដល់​ ប្រធានាធិបតី​អាមេរិក​។

លោកស្រី​ Christine​ Lagarde​ ដែល​បាន​ដោះស្រាយ​ជាមួយ​រដ្ឋបាល​លោក​ Trump​ ក្នុងអំឡុងពេល៣ឆ្នាំ​ចុងក្រោយ​ ក្នុងនាម​ជា​ប្រធាន​ IMF​ បាន​និ​យា​យត្រង់ៗ​នៅក្នុង​បទសម្ភាសន៍​មួយ​ ដែល​ត្រូវ​ចាក់​ផ្សាយ​ថ្ងៃអាទិត្យ​ របស់​ទូរទស្សន៍​ CBS​។

នៅពេល​សួរ​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​របស់​លោក​ Trump​ ជាមួយ​ចិន​ លោកស្រី​បាន​និយាយ​ថា​ “វា​នឹង​ផ្តល់​ឱ្យ​សេដ្ឋកិច្ច​ពិភពលោក​នូវ​ “ការ​កាត់សក់​ដ៏​ធំ​មួយ​” (ការ​ធ្លាក់ចុះ​ខ្លាំង​) ហើយ​គួរតែ​ត្រូវ​បាន​ដោះស្រាយ​ ដោយ​ឱ្យ​ភាគី​ទាំងអស់​អង្គុយ​ចុះ​ ហើយ​ដាក់អ្វី​ៗនៅ​លើ​តុ​ និង​ព្យាយាម​ដោះស្រាយ​គ្នា​បន្តិច​ម្តង​ៗ ដើម្បី​ឱ្យ​យើង​មាន​ភាព​ប្រាកដប្រជា​”។

ការវាយប្រហារ​តាម​ Twitter​ ជា​ញឹកញាប់​របស់​ Trump​ ទៅលើ​ប្រធាន​ធនាគារ​ Federal​ Reserve​ លោក​ Jerome​ Powell​ លោកស្រី​ Lagarde​ បាន​និយាយ​ថា​ ធនាគារ​កណ្តាល​ ចាំបាច់​ត្រូវ​មាន​ឯករាជ្យ​ ដើម្បី​ធ្វើការងារ​របស់​ពួកគេ​បាន​ល្អ​។

លោកស្រី​បាន​ថ្លែង​ថា​ “ស្ថេរ​ភាព​ទីផ្សារ​ មិន​គួរ​ជា​ប្រធានបទ​លើ​បណ្តាញ​សង្គម​នៅ​ទីនេះ​ ឬនៅ​ទីនោះ​ទេ​។ វា​តម្រូវ​ឱ្យ​មានការ​ពិចារណា​ គិត​ដោយ​ស្ងប់ស្ងាត់​ និង​វាស់វែង​ និង​សម​ហេតុផល​”។

លោកស្រី​ Lagarde​ គ្រោង​នឹង​ចូលកាន់​តំណែង​ នៅ​ថ្ងៃទី១​ ខែ​ វិច្ឆិកា​ ក្នុងនាម​ជា​ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប​ ដែល​គ្រប់គ្រង​គោលនយោបាយ​រូបិយវត្ថុ​ សម្រាប់​ប្រទេស​ចំនួន១៩​ ដែល​ប្រើប្រាស់​រូបិយប័ណ្ណ​អឺ​រ៉ូ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here