ដោយ ប៊ី
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានអះអាងថា កម្ពុជាគឺជាបេះដូងនៃអាស៊ាន (ASEAN) ដែលជាតំបន់មានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស និងមានប្រជាជនប្រមាណ៦២៥លាននាក់ ខណៈអាស៊ានជាតំបន់ដែលមានសេដ្ឋកិច្ចលំដាប់ថ្នាក់ទី៧ ក្នុងពិភពលោក និងលំដាប់ថ្នាក់ទី៣នៅអាស៊ី។

-->
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីបានថ្លែងក្នុង ”សន្និសីទអន្តរជាតិវិនិយោគចិន-កម្ពុជា” សណ្ឋាគារសុខា រាជធានីភ្នំពេញកាលពីម្សិលមិញថា ទំហំពាណិជ្ជកម្មអាស៊ានមានប្រមាណ២,៣ទ្រីលានដុល្លារ ($2.3 trillion) ដែលក្នុងនោះចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំជាងគេរបស់អាស៊ាន។
កម្ពុជាត្រូវបានទទួលស្គាល់ថា ជាប្រទេសមួយដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សបំផុតមួយ ក្នុងចំណោមប្រទេសក្នុងតំបន់ និងពិភពលោក ដោយចាប់ផ្តើមចេញដំណើរពីចំណុចសូន្យនៅឆ្នាំ១៩៧៩។ ជាមួយ កំណើនផលិតផលក្នុងស្រុកសរុបកើនជាមធ្យមប្រមាណ៧ភាគរយក្នុងមួយឆ្នាំ កម្ពុជាបានប្រែក្លាយឋានៈពីប្រទេសចំណូលទាបទៅជាប្រទេសចំណូលមធ្យមកម្រិតទាប និងត្រៀមខ្លួនឱ្យក្លាយជាប្រទេសចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោកជំទាវបន្តថា “ជោគជ័យផ្នែកសេដ្ឋកិច្ចនេះគឺដោយសារ ផលិតកម្ម និងសេវាកម្មក្នុងស្រុកមានដំណើការល្អ លំហូនៃទុនវិនិយោគទាំងក្នុងស្រុក និងពីបរទេស ពាណិជ្ជកម្ម និងទេសចរណ៍ មានភាពរស់រវើក រួមជាមួយ នឹងគោលនយោបាយទីផ្សារសេរី និងបើកចំហរ និងឆ្ពោះទៅរកការនាំចេញ”។
លោកជំទាវបានបន្តឱ្យដឹងថា រាជរដ្ឋាភិបាលបានធានានូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងដាក់ចេញនូវការកែទម្រង់ និងគោលនយោបាយជាច្រើនដែលគាំទ្រដល់កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យឯកជន ការជំរុញវិនិយោគ និងពាណិជ្ជកម្ម និងការបង្កើនលទ្ធភាពប្រកួតប្រជែងរបស់កម្ពុជា។
លោកជំទាវបានបន្តថា “លើសពីនេះទៀតដោយកម្ពុជាមានទីតាំង ភូមិសាស្ត្រល្អជាយុទ្ធសាស្ត្រ និងពលកម្មវ័យក្មេងទើបធ្វើឲ្យកម្ពុជា ក្លាយជាទិសដៅចម្បងសម្រាប់វិនិយោគ”។
ជាក់ស្តែង នៅកម្ពុជាបច្ចុប្បន្ន ជាពិសេសរាជធានីភ្នំពេញ ក្រុងសៀមរាប និងក្រុងព្រះសីហនុ មានការប្រែប្រួលមុខមាត់យ៉ាងខ្លាំង។យើងសង្កេតឃើញមានសំណង់សណ្ឋាគារភោជនីយដ្ឋានទីស្នាក់ការ ការិយាល័យ លំនៅដ្ឋាន ហាងលក់ទំនិញ ផ្សារទំនើបជាច្រើនកំពុងរីកដុះដាលដូចផ្សិត។ ក្រុមហ៊ុនដែលមានម៉ាកល្បីៗ លំដាប់ពិភព លោកកំពុងតែមានវត្តមានកាន់តែច្រើននៅកម្ពុជា៕