ដោយៈ រ៉ាណេត
ខេត្តកែបៈ ជាមួយនឹងភាពល្អប្រសើរ និងអភិវឌ្ឍទាំងផ្នែកទេសចរណ៍ និងកំណើននៃការវិនិយោគនៅក្នុងតំបន់ សេដ្ឋកិច្ចនៅក្នុងខេត្តកែបទាំងមូល បានកើនឡើងដល់ប្រមាណ២០៥,៥២៦លានរៀល (៥០,៧លានដុល្លារ) ស្មើនឹងប្រមាណ ០.២០ភាគរយ នៃផលទុនជាតិសរុប។
លោក រិន វីរៈ រដ្ឋលេខាធិការប្រចាំការក្រសួងផែនការ បានមានប្រសាសន៍ក្នុងពិធីផ្សព្វផ្សាយបឋមពីលទ្ឋផល នៃទំហំសេដ្ឋកិច្ចរបស់ខេត្តជាប់មាត់សមុទ្រនេះ កាលពីព្រឹកថ្ងៃទី២២ តុលានេះថា យោងតាមការគណនារបស់អ្នកបច្ចកទេស ខេត្តកែបមានទំហំសេដ្ឋកិច្ចសរុបប្រមាណ៥០.៧លានដុល្លាអាមេរិក មានប្រមាណ០,២០ភាគរយនៃសេដ្ឋកិច្ចជាតិទាំងមូល។
-->
កំណើនសេដ្ឋកិច្ចក្នុងខេត្តកើនឡើងប្រមាណ៥,៦ភាគរយ នៅឆ្នាំ២០១៨ បើធៀបនឹងឆ្នាំ២០១៧។ ប្រាក់ចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់ៗនៅឆ្នាំ២០១៨ មានចំនួន១,២១៧ដុល្លារ។
លោករិន វីរៈបានបន្ថែមទៀតថា ថ្វីត្បិតតែទំហំសេដ្ឋកិច្ចខេត្ត មានការកើនឡើងក៏ដោយ ក៏ខេត្តត្រូវយកចិត្តទុកដាក់លើវិស័យមួយចំនួន ដូចជា វិស័យសេវាកម្ម កសិកម្ម និងឧស្សាហកម្ម ព្រោះវិស័យទាំងនេះហើយ ដែលជម្រុញសេដ្ឋកិច្ចខេត្តកែបឱ្យមានការរីកចម្រើនខ្លាំង។ ក្នុងឆ្នាំ២០១៨ នេះផ្នែកសេវាកម្មមានទំហំ៥៤.០ ភាគរយ ផ្នែកកសិកម្មមាន២៩.៧ ភាគរយ និងផ្នែកឧស្សាហកម្មមាន១៦.៣ភាគរយ ក្នុងការជម្រុញសេដ្ឋកិច្ចខេត្តឱ្យមានការរីកចម្រើន។

លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប បានលើកឡើងថា សម្រាប់ខេត្តកែប រដ្ឋបាលខេត្តគ្រប់ជាន់ថ្នាក់ បានខិតខំព្យាយាមធ្វើការអភិវឌ្ឍខេត្តឱ្យទទួលបាននូវភាពរីកចម្រើនជាបន្តបន្ទាប់។ ជាក់ស្ដែងអត្រាភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងខេត្តថយចុះពីចំនួន១៤,៣៧ភាគរយនៅឆ្នាំ២០១៥ មកត្រឹម ៤,៤៣ភាគរយក្នុងឆ្នាំ២០១៩នេះ៕