ក្រុមហ៊ុន​ជប៉ុន​ធំ​មួយ​ចង់​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​កម្រិត​អន្តរជាតិ​នៅ​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ដ៏​ធំ​ប្រចាំ​នៅក្នុង​ប្រទេស​ជប៉ុន​ ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ លើ​ការ​វិនិយោគ​ក្នុង​វិស័យ​អចលនទ្រព្យ​ និង​វិស័យ​កសិកម្ម​នោះ​បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់​បណ្តាក់​ទុន​នៅ​កម្ពុជា​ ដើម្បី​បង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​ សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ សិក្សា​ពី​សក្ដានុពល​ និង​ឱកាស​វិនិយោគ​នៅ​កម្ពុជា​នាយក​ក្រុមហ៊ុន​ Top​ Planning​ Japan​ Co​., Ltd​ លោក ​Murayama​ Tsetuo​ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ចង់​វិនិយោគ​នៅ​កម្ពុជា​ ដោយ​ការបង្កើត​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​លំដាប់​អន្តរជាតិ​សម្រាប់​ការនាំចេញ​ ខណៈ​ដែល​អ្នកជំនាញ​ជនជាតិ​ជប៉ុន​ សុទ្ធតែ​បាន​ទទួលស្គាល់​ថា​ គុណភាព​ និង​រសជាតិ​គ្រាប់ស្វាយ​ចន្ទី​របស់​កម្ពុជា​ មាន​ភាពល្អ​ប្រសើរ​ជាង​គ្រាប់ស្វាយ​ចន្ទី​របស់​ប្រទេស​វៀតណាម​ និង​ប្រទេស​ឥណ្ឌា​។

នៅក្នុង​ឱកាស​ចូល​ជួប​សម្ដែង​ការគួរសម​ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​លោក​ វេង​ សា​ខុន​ នៅ​ទីស្ដីការ​ក្រសួង​កាលពី​ថ្ងៃទី២៤​ ខែតុលា​ឆ្នាំ២០១៩នេះ​ លោក​ Murayama​ Tsetuo​ បាន​មានប្រសាសន៍​ថា​ កន្លង​ពី​ពេល​មកនេះ​ ដោយ​ទទួល​បានការ​ជួយឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ​ JICA​ ក្រុមហ៊ុន​បាន​ធ្វើការ​សិក្សា​ស្រាវជ្រាវ​អំ​ពី​សក្តា​នុ​ពល​ដំណាំ​ស្វាយចន្ទី​កម្ពុជា​ ហើយ​លទ្ធផល​នៃ​ការសិក្សា​គឺ​បាន​ធ្វើតេស្ត​សាកល្បង​រស់​ជាតិ​គ្រាប់ស្វាយ​ចន្ទី​ផលិត​នៅ​កម្ពុជា​ ដោយ​ប្រជាជន​ជប៉ុន​បង្ហាញថា​ គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​មាន​រស់​ជាតិ​ឆ្ងាញ់​ ជាង​គ្រាប់ស្វាយ​ចន្ទី​របស់​វៀតណាម​ ឥណ្ឌា​ និង​អា​ហ្វិ​ក។

លោក​បាន​បញ្ជាក់​ទៀត​ថា​ “ទាំង​គុណភាព​អនាម័យ​ បរិមាណ​ផលិត​ ការប្រើ​ប្រាស់​បច្ចេកវិទ្យា​ដាំដុះ​ និង​ការកែច្នៃ​ផលិតផល​គ្រាប់ស្វាយ​ចន្ទី​ នៅ​កម្ពុជា​នៅ​មានកម្រិត​ ហើយ​កត្តា​អវិជ្ជមាន​ទាំងនេះ​ ធ្វើ​ឱ្យ​ក្រុមហ៊ុន​មាន​ឆន្ទ:ចង់​បង្កើត​រោងចក្រ​ កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​កម្ពុជា​កម្រិត​ស្តង់ដារ​អន្តរជាតិ​ ធ្វើ​យ៉ាងណា​កាត់បន្ថយ​ និង​ឈាន​ទៅ​លុបបំបាត់​ចំណុច​អវិជ្ជមាន​ទាំងនេះ​ ដើម្បី​ទទួល​បាន​ចំណាត់ថ្នាក់​ពិភពលោក​នា​ពេល​អនាគត​”។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ លោក​ វេង​ សា​ខុន​ បាន​មានប្រសាសន៍​ រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ជានិច្ច​ នូវ​រាល់​គម្រោង​វិនិយោគ​នានា​នៅ​កម្ពុជា​ ហើយ​គម្រោង​នៃ​ការបង្កើត​រោងចក្រ​នេះ​ គឺ​ស្រប​នឹង​គោលនយោបាយ​របស់ក្រ​សួង​ ដែល​បាន​ និង​កំពុង​ខិតខំ​ជំរុញ​ផលិតភាព​ផលិតកម្ម​ឱ្យ​មាន​លក្ខណ:ល្អ​ប្រសើរ​។

លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ ក្រសួង​បាន​ព្យាយាម​បង្កើន​គុណភាព​ទាំង​បរិមាណ​ និង​អនាម័យ​ តាម​រយ:វិស័យ​ឯកជន​ ដៃគូ​អភិវឌ្ឍ​ និង​សហគមន៍​កសិកម្ម​ដោយ​អនុវត្ត​តាម​អភិក្រម​ “រដ្ឋ​ ឯកជន​ ដៃគូ​អភិវឌ្ឍ​ និង​សហគមន៍​កសិកម្ម​” ដោយ​ប្រើ​ប្រាស់​ប ច្ចេ​កវិទ្យា​ដាំដុះ​ កែច្នៃ​ វេច​ខ្ចប់​ទាន់សម័យ​ សំដៅលើ​កកម្ពស់​តម្លៃបន្ថែម​ កាត់បន្ថយ​ការនាំចេញ​វត្ថុធាតុដើម​”។

លោក​បាន​បន្ត​ទៀត​ថា​ តាម​រយ:បទពិសោធន៍​ដែល​ក្រុមហ៊ុន​មានស្រាប់​ ក្រសួង​សង្ឃឹមថា​គម្រោង​នេះ​ នឹង​ដំណើរការ​ទៅ​ដោយ​រលូន​ ហើយ​ក្រសួង​ក៏ដូចជា​អង្គភាព​ពាក់ព័ន្ធ​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​ពេញលេញ​ ដើម្បី​ឱ្យ​ការ​វិនិយោគ​នេះ​សម្រេច​ទទួល​បាន​ជោគជ័យ​តាម​ការ​គ្រោងទុក​។ ព្រម​ជាមួយគ្នា​នេះ​ ក្រុមហ៊ុន​គួរតែ​រៀបចំផែនការ​ដាំដុះ​ ឯកសារ​ផ្លូវច្បាប់​ បច្ចេកទេស​ ចងក្រង​សហគមន៍​ផលិត​ ហើយ​គួរ​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ប្រជាកសិករ​កម្ពុជា​ ក្រុមហ៊ុន​ និង​ជាពិសេស​សេដ្ឋកិច្ច​ជាតិ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here