ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតជោ ហ៊ុន សែនបានបញ្ជាឱ្យលោកកែវ រតនៈ អគ្គនាយកនៃអាជ្ញាធរអគ្គិសនីកម្ពជា ដកការបង់ថ្លៃសេវា ដែលមានភ្ជាប់ថ្លៃសំរាមជាមួយវិក្ក័យបត្រអគ្គិសនី នៅតាមបណ្តាខេត្តនានានៅទូទាំងប្រទេស ក៏ត្រូវដកចេញដូចគ្នានឹងរាជធានីភ្នំពេញដែរ។
សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅព្រឹកថ្ងៃសុក្រនេះបានអះអាងថា ការធ្វើដូចយ៉ាងដូច្នេះ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ពលរដ្ឋដែលមិនបានប្រើប្រាស់សេវាប្រមូលសំរាមតែត្រូវបង់លុយ។
-->
សម្តេចថា “វាអយុត្តិធម៌ពេកហើយ ឡានមិនដែលប្រមូលសំរាមដល់ផ្ទះផង តែត្រូវបង់ថ្លៃសេវាដែរ”។សម្តេចបន្ថែមថា “ម្យ៉ាងទៀតបើទោះបីអគ្គិសនីកម្ពុជាបញ្ចុះថ្លៃ ក៏នៅតែមានតម្លៃខ្ពស់ដដែល។ ចឹងត្រូវដកចេញទាំងអស់ បើពិនិត្យខេត្តណាដូចនៅភ្នំពេញ”។
សម្តេចបញ្ជាក់ថា “ការដកតម្លៃសំរាមចេញពីវិក្ក័យបត្រអគ្គិសនី ជាការវះកាត់ជំងឺរ៉ាំរ៉ៃមួយដែលគ្មានការដោះស្រាយ ដែលនឹងចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០”។
សម្តេចតេជោ បានប្រកាសការដកសិទ្ធិគ្រប់គ្រង សំរាមពីក្រុមហ៊ុនស៊ិនទ្រីជារឿងចាំបាច់ ហើយត្រូវប្រញាប់ដាក់ចេញវិធានការដោះស្រាយ ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ។ ក្រោយរដ្ឋគ្រប់គ្រងមានស្ថិរភាពហើយ រដ្ឋនឹងជ្រើសរើសក្រុមហ៊ុនចំនួន៤ សម្រាប់ធ្វើការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដោយចែកចេញជា៤តំបន់។
ជាមួយគ្នានេះ សម្តេចតេជោហ៊ុន សែន ប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ និងថាមពល គិតគូរស្វែងរកការវិនិយោគ បង្កើតរោងចក្រអគ្គិសនី ដោយការដុតសំរាមនៅទីលានចាក់សំរាម និងហាមដាច់ខាត មិនឱ្យមានការនាំចូលសំរាមពីក្រៅប្រទេស ដើម្បីដំណើរការរោងចក្រអគ្គិសនីនេះឡើយ។
សម្រាប់របៀបវារៈនៃកិច្ចប្រជុំពេញអង្គគណរដ្ឋមន្រ្តី ដែលអញ្ជើញចូលរួមជាអធិបតីពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានាសប្តាហ៍នេះ បានផ្តោតកិច្ចពិភាក្សា លើរបបៀបវារៈមួយចំនួនរួមមាន ទី១ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ ទី២ សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។
ទី៣បញ្ហាផ្សេងៗ សេចក្តីប្រកាសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាស្តីពី ការដាក់ឱ្យអនុវត្ត “យុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រង ការវិនិយោសាធារណៈ២០១៩-២០២៥” និង “យុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈ២០១៩-២០២៣”៕