កម្ពុជា​គ្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ប្រចាំ​នៅ​ខេត្ត​សាន​ស៊ី​ប្រទេស​ចិន

0

​ដោយ​ ៖ រ៉ា​ណេត​

ក្រុង​យាន​តាយ​-សាន​ស៊ី​ ប្រទេស​ចិន​ ៖ ​រដ្ឋាភិបាល​ តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​ បាន​ស្នើសុំ​រដ្ឋាភិបាល​ចិន​ បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ប្រចាំ​នៅក្នុង​ទីក្រុង​ យាន​តាយ​ ខេត្ត​សាន​ស៊ី​ ដើម្បី​ពង្រឹង​ និង​ពង្រីក​សក្ដានុពល​នៃ​ការ​វិនិយោគ​ទ្វេភាគី​ឱ្យ​កាន់តែ​ទូលំទូលាយ​ ជាពិសេស​ធ្វើ​ពិពិធ​កម្ម​ពាណិជ្ជកម្ម​លើ​ផ្នែក​កសិផល​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​យ៉ាង​ជិតស្និទ្ធ​ទាំង​វិស័យ​ការទូត​ និង​វិស័យ​ពាណិជ្ជកម្ម​ កាលពី​ពេល​កន្លងទៅ​នេះ​ប្រទេស​ទាំង២បានសម្រេច​នូវ​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​ជាង៦ពាន់​លាន​ដុល្លារ​ ដែល​ជា​កម្រិត​មួយ​ស្ថិតនៅ​ក្នុង​ការកំណត់​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង២​។

បន្ថែម​ពីនេះ​ ក្នុង​គោលបំណង​ជំរុញ​កំណើន​ការ​វិនិយោគ​ ក៏ដូចជា​ការ​ធ្វើ​ពាណិជ្ជកម្ម​ឱ្យ​កាន់តែ​ទូលំទូលាយ​ រដ្ឋាភិបាល​កម្ពុជា​ តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ចិន​ បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ប្រចាំ​នៅក្នុង​ទីក្រុង​យាន​តាយ​ នៃ​ខេត្ត​សាន​ស៊ី​ ដើម្បី​ងាយស្រួល​ដល់​កិច្ច​ទំនាក់ទំនង​។

នៅក្នុង​ដំណើរ​ទស្សនកិច្ច​ និង​ចូលរួម​នៅក្នុង​ពិធី​ពិព័រណ៍​ពាណិជ្ជកម្ម​អន្តរជាតិ​លើក​ទី៤​ ឆ្នាំ២០១៩​ កាលពី​ថ្ងៃទី២៣​ ខែតុលា​ កន្លងទៅ​នេះ​ រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ លោក​ សំ​ សិរី​រត​ន៍​ ដែល​បាន​ដឹកនាំ​គណប្រតិភូ​ពាណិជ្ជករ​កម្ពុជា​ចូលរួម​នៅក្នុង​ពិធី​ខាងលើ​នេះ​ បាន​បង្ហាញ​ពី​ការចាប់អារម្មណ៍​ចំពោះ​ការ​រីកចម្រើន​លើ​គ្រប់​វិស័យ​របស់​រដ្ឋបាល​ប្រជាជន​ខេត្ត​សាន​ស៊ី​ ដែល​ជា​តំបន់​មានការ​អភិវឌ្ឍ​ និង​រីកចម្រើន​គួរ​ឱ្យ​កត់សម្គាល់​។

លោក​ សំ​ សិរី​រត​ន៍​ បាន​មានប្រសាសន៍​ថា​ “កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​ភាពជា​ដៃគូ​យុទ្ធ​សាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​កម្ពុជា​-ចិន​ រហូត​សម្រេច​បាន​នូវ​ទំហំ​ពាណិជ្ជកម្ម​ជាង​ ៦ពាន់​លាន​ដុល្លារ​ ដល់កម្រិត​ដែល​ប្រមុខរដ្ឋ​នៃ​ប្រទេស​ទាំងពីរ​ចង់បាន​ ប៉ុន្តែ​បើ​ចំពោះ​ការ​ធ្វើ​ពាណិជ្ជកម្ម​ផ្ទាល់​រវាង​ខេត្ត​សាន​ស៊ី​ និង​កម្ពុជា​ ហាក់​នៅ​មានកម្រិត​នៅឡើយ​ ដែល​ទាម​ទា​ឱ្យ​ថ្នាក់ដឹកនាំ​នៃ​ភាគី​ទាំង២ព្យាយាម​ជំរុញ​បន្ថែម​ទៀត​”។

នៅក្នុង​ឱកាស​នោះ​ លោក​រដ្ឋលេខាធិការ​ ក៏បាន​ស្នើរ​ដ្ឋ​បាល​ខេត្ត​សាន​ស៊ី​ ពិនិត្យ​ និង​គាំទ្រ​លើ​ចំណុច​មួយចំនួន​ ដូចជា​ ១).ជំរុញ​ការ​ធ្វើ​ពាណិជ្ជកម្ម​លើ​ផលិតផល​កសិកម្ម​ទៅវិញទៅមក​, ២). ការ​បើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កម្ពុជា​ ប្រចាំ​ទីក្រុង​ យាន​ តាយ​ ខេត្ត​សាន​ស៊ី​, ៣). ផ្លាស់​ប្តូរ​បេសកកម្ម​ពាណិជ្ជកម្ម​ និង​ជំរុញ​វិស័យ​ឯកជន​ចូលរួម​ពិព័រណ៍​ទៅវិញទៅមក​, ៤). ជំរុញ​អ្នកវិនិយោគទុន​ខេត្ត​សាន​ស៊ី​ ធ្វើការ​វិនិយោគ​លើ​ការកែច្នៃ​កសិផល​នៅ​កម្ពុជា​ និង​ជំរុញ​ធ្វើការ​ផ្លាស់​ប្តូរ​វិស័យ​ទេសចរណ៍​ផង​ដែរ​។

ជា​កិច្ច​ឆ្លើយតប​តាម​សំណើ​ររបស់​ប្រតិភូ​កម្ពុជា​ លោក​ វ៉ាន​ យី​ ស៊ីន​ អភិបាលរងខេត្ត​សាន​ស៊ី​ បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​កំណើន​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-ចិន​។ ជាមួយគ្នា​នេះ​ លោក​ក៏បាន​ឯកភាព​ និង​បង្ហាញ​នូវ​ការ​គាំទ្រ​ចំពោះ​ចំណុច​ទាំងឡាយ​ដែល​លើកឡើង​ដោយ​ភាគី​កម្ពុជា​។

ចំពោះ​ការជំរុញ​វិស័យ​ទេសចរណ៍​ លោក​ វ៉ាន​ យី​ ស៊ីន​ បាន​ស្នើ​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត​សាន​ស៊ី​ ធ្វើការ​ជាមួយ​ភ្នាក់ងារ​ទេ​ចរណ៍​នៃ​ប្រទេស​ទាំងពីរ​ ប្រសិនបើ​មាន​ភ្ញៀវ​ទេ​ចរ​ច្រើន​ នោះ​រដ្ឋបាល​ខេត្ត​សាន​ស៊ី​ និង​ពិនិត្យ​លទ្ធភាព​រៀបចំ​ជើងហោះ​ហើរ​​ពិសេស​ (Charter​ Flight​) ហោះហើរ​ពីទី​ក្រុង​ យាន​តាយ​ ខេត្ត​សាន​ស៊ី​ មកកាន់​កម្ពុជា​ ដើម្បី​ជួយ​សម្រួល​ដល់​ភ្ញៀវ​ទេ​ចរ​នៃ​ប្រទេស​ទាំងពីរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here