ដោយ Donald Lee
ភ្នំពេញ៖ លោក Lee Nak-yon នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងបានធ្វើទស្សនកិច្ចនៅគេហដ្ឋានរបស់នាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe នៅទីក្រុងតូក្យូកាលពីថ្ងៃ ព្រហស្បតិ៍ ហើយបានយល់ព្រមព្យាយាមដោះស្រាយបញ្ហាប្រវត្តិសាស្ត្រដែលបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេពីរនៅអាស៊ីក្នុងឆ្នាំនេះ។
ក្រុមអ្នកវិភាគជឿជាក់ថា កិច្ចប្រជុំនេះត្រូវបានធ្វើឡើងដើម្បីត្រួសត្រាយផ្លូវមួយសម្រាប់ការចរចាកាន់តែច្រើន នៅពេលដែលប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ជួបលោក Abe ក្នុងអំឡុងកិច្ចប្រជុំ APEC នៅប្រទេសឈីលីនៅខែក្រោយ។
-->
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលមួយរូបប្រចាំនៅប្រទេសកូរ៉េខាងត្បូងបានប្រាប់សារព័ត៌មានកូរ៉េនៅថ្ងៃ ព្រហស្បតិ៍ ថា “យើងមិនចង់បដិសេធលទ្ធភាពរបស់លោកប្រធានាធិបតី Moon ដែលមានជំនួបកំពូលជាមួយលោក Abe នៅខែក្រោយនោះទេ។ មុននឹងបញ្ហានេះអាចកើតឡើង ទោះយ៉ាងណាមានបញ្ហាជាច្រើនត្រូវដោះស្រាយ”។
សង្រ្គាមពាណិជ្ជកម្មកូរ៉េខាងត្បូង និងជប៉ុនបានចាប់ផ្តើមកាលពីឆ្នាំមុន នៅពេលដែលតុលាការកំពូលកូរ៉េខាងត្បូងបានបញ្ជាឱ្យសាជីវកម្មជប៉ុនបង់ប្រាក់សំណងសម្រាប់ការចូលរួមរបស់ពួកគេនៅក្នុងពលកម្មទាសករនៅឧបទ្វីបកូរ៉េក្នុងអំឡុងពេលកាន់កាប់របស់ខ្លួនក្នុងឆ្នាំ ១៩១០ ដល់ ១៩៤៥ ។
រដ្ឋាភិបាលជប៉ុនបានអះអាងថា សេចក្តីសម្រេចរបស់តុលាការកូរ៉េមានចេតនាប្រឆាំងដោយផ្ទាល់នឹងសន្ធិសញ្ញាឆ្នាំ ១៩៦៥ រវាងប្រទេសទាំងពីរដែលបានបញ្ជាក់យ៉ាងច្បាស់ថា រាល់ការទាមទារសំណងពេលសង្គ្រាមគឺបានបញ្ចប់ទាំងស្រុង និងចុងក្រោយ។
សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសជប៉ុន បានឱ្យដឹងថា “ប្រទេសយើងទាំងពីរគឺជាប្រទេសជិតខាងដ៏សំខាន់សម្រាប់គ្នាទៅវិញទៅមក ហើយការជជែកគ្នាជុំវិញកូរ៉េខាងជើង ទំនាក់ទំនងទ្វេភាគី និងចំណងមិត្តភាពរបស់យើងជាមួយអាមេរិកគឺមានសារៈសំខាន់ណាស់”។
លោក Abe បានបន្ថែមថា “ទំនាក់ទំនងបច្ចុប្បន្នស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមិនគួរទុកចោលផ្លូវនោះទេ ប្រសិនបើកូរ៉េខាងត្បូងអាចរក្សាការសន្យាទ្វេភាគី នោះអាចជាឱកាសវិលត្រឡប់ទៅរកទំនាក់ទំនងប្រកបដោយសុខភាពល្អឡើងវិញ”។
ទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ និងវប្បធម៌រវាងប្រទេសយក្សសេដ្ឋកិច្ចអាស៊ីទាំងពីរបានឈានដល់កំរិតទាបជាប្រវត្តិសាស្ត្រ។ ប្រជាជនកូរ៉េខាងត្បូងបានធ្វើពហិការរាល់អ្វីៗទាំងអស់ដែលផលិតនៅជប៉ុនចាប់តាំងពីជប៉ុនបានដាក់កម្រិតលើការនាំចេញវត្ថុធាតុដើមដែលចាំបាច់នៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង៕