ដោយ ៖ រ៉ាណេត
អូសាកា, ជប៉ុន៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានចូលរួមផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជានៅប្រទេសជប៉ុន ដែលនៅក្នុងព្រឹត្តិការណ៍នេះមានក្រុមហ៊ុនជាង២០០ ចូលរួម។
នៅក្នុងព្រឹត្តិការណ៍ពិព័រទេសចរណ៍សាកលលោកដែលបានធ្វើឡើងនៅក្នុងក្រុងអូសាកា ប្រទេសជប៉ុនដដែលនេះ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏ត្រូវបានអញ្ជើញជាអធិបតីក្នុងកម្មវិធីរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងរាត្រីផ្សព្វផ្សាយទេសចរណ៍កម្ពុជា (Cambodia Tourism Roadshow and Cambodia Night) ផងដែរ ក្រោមការចូលរួមពីរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំទេសចរណ៍មកពីទ្វីបអាហ្វ្រិក អឺរ៉ុប អារ៉ាប់ អាស៊ី ជាអាទិមកប្រទេសអូហ្កោដា ម៉ាឌីវ ម៉ុងហ្កោលី អេហ្ស៊ីប ឡាវ ភូមា ។ល។
-->
លោករដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីកំណើនសេដ្ឋកិច្ចកម្ពុជា គោលនយោយបាយអភិវឌ្ឍន៍ទេសចរណ៍វប្បធម៌ ធម្មជាតិ អេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ ដើម្បីទាក់ទាញទេសចរអន្តរជាតិ ក៏ដូចជាទេសចរ និងអ្នកវិនិយោគជប៉ុន មកកម្ពុជា ដោយបានលើកឡើងថា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងនយោបាយវិនិយោគដ៏ប្រសើររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លៀសវៃរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ គណៈប្រតិភូ និងភ្ញៀវអន្តរជាតិបានចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងអំពីប្រពៃណីវប្បធម៌ អរិយធម៌ខ្មែរ និងសក្ដានុពលវិនិយោគទេសចរណ៍កម្ពុជា តាមរយៈទស្សនីយភាពសិល្បៈ និងបទបង្ហាញដោយក្រសួងទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ ANA ក្រុមប្រឹក្សាធុរកិច្ចវប្បធម៌កម្ពុជា-ជប៉ុន និងក្រុមហ៊ុនសុខា អូតែល និងរីស៊ត ៕