ដោយៈ រ៉ាណេត
ភ្នំពេញៈ លោកបណ្ឌិតហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកបានថ្លែងថា ប្រទេសជាតិមួយរីកចម្រើនបានដោយសារប្រទេសនោះមានប្រជាជនខ្លាំង ប្រជាជនមានចំណេះដឹង។

ដោយៈ រ៉ាណេត
ភ្នំពេញៈ លោកបណ្ឌិតហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកបានថ្លែងថា ប្រទេសជាតិមួយរីកចម្រើនបានដោយសារប្រទេសនោះមានប្រជាជនខ្លាំង ប្រជាជនមានចំណេះដឹង។

លោកបណ្ឌិតបានមានប្រសាសន៍ក្នុងពិធីអបអរសាទរខួប១០ឆ្នាំនៃ CEO Master Club កាលពីរាត្រីថ្ងៃទី២៦ កន្លងមកថា ប្រទេសជាតិមួយដែលខ្លាំង មានការរីកចម្រើន និងកិច្ចអភិវឌ្ឍន៍ល្អ មិនមែនពឹងទៅលើតែក្រុមហ៊ុនបរទេសនោះទេ ប៉ុន្តែគឺអាស្រ័យទៅលើក្រុមហ៊ុនក្នុងស្រុកខ្លាំង ប្រជាជនមានចំណេះដឹង និងសមត្ថភាព ចេះទទួលខុសត្រូវ ជាពិសេស មានសហគ្រិនភាព ក្នុងការចូលរួមចំណែកកសាងស្ថាបនាសេដ្ឋកិច្ចជាតិ ឱ្យមានភាពរឹងមាំ និងរីកចម្រើន។នេះជាការលើកឡើងរបស់លោកហ៊ុន ម៉ាណែតអគ្គមេបញ្ជាការរងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។
លោកបន្តថា“ប្រទេសជាតិយើងរីកចម្រើនបាន ដោយសារប្រទេសយើងមានប្រជាជនខ្លាំង មានប្រជាជនដែលមានចំណេះដឹង សមត្ថភាព និងការទទួលខុសត្រូវខ្ពស់”។ លោកបន្តថា “វិស័យឯកជនមានសារៈសំខាន់សំខាន់ ជាមួយនិងវិស័យរដ្ឋ និងវិស័យផ្សេងៗទៀតក្នុងក្របខណ្ឌទីផ្សារសេរី ដែលរាជរដ្ឋាភិបាលមានតួនាទីជំរុញ ឲ្យវិស័យឯកជនខ្លាំង តាមរយៈការពង្រឹងផ្នែកច្បាប់ និងការដោះស្រាយវិវាទផ្សេងៗ លើកទឹកចិត្តនិងមានប្រព័ន្ធការងារដើម្បីឲ្យវិស័យឯកជនរីកចម្រើន”។
លោកបណ្ឌិតហ៊ុន ម៉ាណែត ប្រទេសអភិវឌ្ឍន៍នានានៅលើសកលលោក ដែលមានការរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ច គឺប្រទេសទាំងនោះសម្បូរទៅដោយសហគ្រិន មានសមត្ថភាពពូកែអាចដឹកនាំគ្រប់គ្រង ចាត់ចែងអាជីវកម្មរបស់ពួកគេ ជាលក្ខណៈស្តង់ដារជាតិ និងអាចស្រូបយកប្រាក់ចំណេញពីគ្រប់ទិសទី នៅក្នុងពិភពលោកចូលក្នុងប្រទេសរបស់ពួកគេ ដែលធ្វើអោយសេដ្ឋកិច្ចជាតិមានភាពរឹងមាំ។
លោកបណ្ឌិតបានបញ្ជាក់ថា “ត្រង់ចំណុចនេះខ្ញុំកត់សម្គាល់ ចំពោះតួនាទីរបស់សហគ្រិន ក្នុងការចូលរួមចំណែកការកសាងស្ថាបនាសេដ្ឋកិច្ចជាតិ ឱ្យមានភាពរឹងមាំ រីកចម្រើន ហើយខ្ញុំសូមឯកភាពទស្សនៈរបស់លោក អោមសេងបូរ៉ា ក្នុងអត្ថន័យថាសហគ្រិនជាបុគ្គលស្នេហាជាតិ”។លោកបន្តថា “សហគ្រិនមានបេសកកម្មឧត្តុង្គឧត្តម ក្នុងការកសាង និងអភិវឌ្ឍជាតិលើគ្រប់វិស័យ តាមរយ:ការចូលរួមផ្គត់ផ្គង់ផលិតផល និងសេវាកម្មតាមសេចក្តីត្រូវការរបស់សង្គមការបង្កើតការងារជូនប្រជាពលរដ្ឋ ការចូលរួមកសាងធនធានមនុស្ស និងការចូលរួមបង្កើនចំណូលថវិកាជាតិ”។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តទៀតថា ប្រទេសយើងរីកចម្រើន ក្រុមហ៊ុនត្រូវតែរីកចម្រើន សក្តានុពលរបស់យើងគឺត្រូវរីកចម្រើន។ ខ្មែរខ្លាំងមិនអាស្រ័យទៅលើក្រុមហ៊ុនបរទេសខ្លាំងនោះទេ គឺអាស្រ័យលើក្រុមហ៊ុនខ្មែរខ្លាំង។ វិស័យឯកជនខ្មែរខ្លាំង គឺជាកត្តាមួយដើម្បីចូលរួមលើកស្ទួយសេដ្ឋកិច្ចខ្មែរពិត ព្រោះថាក្រុមហ៊ុនខ្មែរមិនលើកក្រុមហ៊ុនទៅណាទេ ព្រោះជាប្រទេសរបស់យើង ផ្ទុយពីការវិនិយោគរបស់បរទេសគេអាចលើកទៅប្រទេសផ្សេង ប៉ុន្តែកម្ពុជាទោះបីមានលទ្ធភាពពង្រីកទៅប្រទេសផ្សេងក៏មិនចោលមូលដ្ឋានប្រទេសកំណើតដែរ ព្រោះគ្រប់វិស័យ ខ្មែរត្រូវតែរឹងមាំម្ចាស់ការលើខ្លួនឯង”។
រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងជាដៃគូពិតប្រាកដនៅក្នុងការអភិវឌ្ឍប្រទេស។ វឌ្ឍនភាពរបស់វិស័យឯកជនគឺជាវឌ្ឍនភាពរួមរបស់ប្រទេសជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមនឹងកង្វល់ធំៗលើវិស័យឯកជនក៏ដូចជាជំរុញ សក្តានុពល ចីរភាពនៃកំណើន និងភាពរឹងមាំនៃដំណើរការពេលវែងខាងមុខរបស់កម្ពុជា។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យសហគ្រិនកម្ពុជាទាំងអស់បន្តខិតខំប្រឹងប្រែងដឹកនាំ គ្រប់គ្រង ចាត់ចែង អាជីវកម្មឱ្យកាន់តែរីកចម្រើនរឹងមាំប្រសើរថែមទៀត ជាពិសេសត្រូវទាញយកប្រយោជន៍ជាតិ អតិបរិមាពីសក្តានុពលដែលកម្ពុជាកំពុងមាន គឺកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះ ហើយសេដ្ឋកិច្ចកម្ពុជា រឹងមាំបែបនេះឆ្នាំខាងមុខទៀត ទោះបីមានហានិភ័យតិចតួចនៃការថយចុះកំណើនសេដ្ឋកិច្ចសកលលោកក៏ដោយ។
CEO Master Club ដែលមានលោកអោម សេងបូរ៉ាជាស្ថាបនិកនិងជាប្រធានក្រុមប្រឹក្សាភិបាលមានភាពរីកចម្រើន និងទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ដោយបច្ចុប្បន្នមានសមាជិកកើនឡើងជា១០០០នាក់ ដែលសុទ្ឋតែជាសហគ្រិនជោគជ័យក្នុងអាជីវកម្ម និងបានផ្តល់ការងារដល់ប្រជាពលរដ្ឋជាង១០ម៉ឺននាក់។
លោ
កអោម សេងបូរ៉ាបានមានប្រសាសន៍ថា “ប្រទេសជាតិមួយដែលខ្លាំង គឺដោយសារមានមេដឹកនាំខ្លាំង ហើយក្រុមហ៊ុនមួយដែលខ្លាំង ដោយសារមានថ្នាក់ដឹកនាំខ្លាំង”។

ជាមួយគ្នានេះ លោកអោម សេងបូរ៉ាបាននិងកំពុងពង្រីកមហិច្ឆតាក្នុងការពង្រីកការិយាល័យ CEO Master Club នៅតាមបណ្តាប្រទេសរីកចម្រើននានា នៅលើពិភពលោក ហើយបច្ចុប្បន្ន CEO Master Club បានពង្រីកការិយាល័យទៅកាន់រដ្ឋម៉ាសាឈូសេត សហរដ្ឋអាមេរិករួចហើយ៕