ប្រធានាធិបតី​ហុងគ្រី​សសើរ​ទីក្រុង​ភ្នំពេញ​មានការ​អភិវឌ្ឍន៍​ និង​មាន​អគារ​ខ្ពស់​ៗច្រើន​

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖ លោក​ Janos​ Ader​ ប្រធានាធិបតី​សាធារណរដ្ឋ​ហុងគ្រី​បាន​សសើរ​ពី​ការ​អភិវឌ្ឍ​ទីក្រុង​ភ្នំពេញ​ប្រកបដោយ​វិបុលភាព​ ដោយមាន​អគារ​ខ្ពស់​ៗ នា​ពេល​បច្ចុប្បន្ន​នេះ​ ជា​សញ្ញា​បង្ហាញ​ពីអ​នាគ​តដ៏​ល្អ​របស់​កម្ពុជា​។

ក្នុង​ឱកាស​ជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិន​ ប្រធាន​រដ្ឋសភា​ នៅ​រសៀល​ថ្ងៃទី២៨​ ​ខែតុលា​ ឆ្នាំ២០១៩នេះ​ ​លោក​ Janos​ Ader​ ប្រធានាធិបតី​សាធារណរដ្ឋ​ហុងគ្រី​ បាន​សម្តែង​ការចូលរួម​អបអរសាទរ​ជាមួយ​វឌ្ឍនភាព​កម្ពុជា​ និង​ ជា​ប្រទេស​មួយ​ដែល​មាន​វប្បធម៌​ អរិយធម៌​ដ៏​រុងរឿង​ និង​យូរ​លុង​មក​ហើយ​ ប្រាសាទ​អង្គរ​ ជា​អច្ឆរិយ​ដ៏​ល្អឯក​មួយ​ ដែល​ពលរដ្ឋ​ហុងគ្រី​ចង់​មក​ទស្សនា​។

សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិន​ បានឱ្យ​ដឹង​ដែរ​ថា​ វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ប្រធានាធិបតី​ និង​គណៈប្រតិភូ​ជាន់ខ្ពស់​នៅពេល​នេះ​ មាន​អត្ថន័យ​ជា​ ប្រវត្តិ​សាស្រ្ត​ និង​បាន​ផ្តល់​កិត្តិយស​យ៉ាង​ធំធេង​ដល់​ប្រជាជាតិ​កម្ពុជា​។ រដ្ឋសភា​កម្ពុជា​ វាយ​តំលៃ​ខ្ពស់​ និង​ពេញចិត្ត​ ចំពោះ​វឌ្ឍនភាព​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​ទ្វេភាគី​ រវាង​រដ្ឋាភិបាល​ នៃ​ប្រទេស​ទំាង​ពីរ​ រួម​ទំាង​សមិទ្ធិ​ផល​នានា​ ដែល​ប្រមុខ​រដ្ឋាភិបាល​ នៃ​ប្រទេស​ទំាង​ពីរ​ខិតខំ​រួមគ្នា​សម្រេច​បាន​មកនេះ​។

សម្តេច​ប្រធាន​រដ្ឋសភា​ បាន​រម្លឹក​ថា​ ហុងគ្រី​ គឺជា​មិត្តចាស់​របស់​កម្ពុជា​ ដែល​ធ្លាប់​មានគុណ​បំណាច់​ដ៏​ធំ​ចំពោះ​កម្ពុជា​ កាលពី​ទសវត្សរ៍​ឆ្នាំ១៩៨០​ បន្ទាប់ពី​កម្ពុជា​ទើបបាន​រំដោះ​ពី​របប​ ប៉ុល​ ពត​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ ហុងគ្រី​ក៏បាន​ចូលរួម​ចំណែក​យ៉ាងសកម្ម​ ក្នុង​ការស្វែងរក​សន្តិភាព​ ជូន​កម្ពុជា​ ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​ទៀតផង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here