ដោយៈ រ៉ាណេត
ភ្នំពេញៈ ជើងហោះហើរត្រង់ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងដាណាំង ប្រទេសវៀតណាម របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ត្រូវបានសម្ពោធជាផ្លូវការ និងចាប់ផ្តើមហោះហើរជាលើកដំបូងបង្អស់ ជាមួយនឹងការរំពឹងទុកថា កម្ពុជានឹងទទួលបានកំណើនទេសចរបន្ថែមទៀត ពីគោលដៅទេសចរណ៍ដ៏ល្បីរបស់វៀតណាមមួយនេះ។

-->
ការសម្ពោធជាផ្លូវការនេះ ធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិដាណាំង កាលពីល្ងាចចុងសប្ដាហ៍កន្លងទៅនេះ ដោយបាននាំយកប្រតិភូកម្ពុជា ដឹកនាំដោយលោកសូ វិសុទ្ធី អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ រួមជាមួយលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា និងក្រុមហ៊ុនទេសចរណ៍ជាច្រើននាក់ទៀត។
លោកសូ វិសុទ្ធី បានមានប្រសាសន៍ថា “ការបើកជើងហោះហើរត្រង់នេះ បង្ហាញពីការតាំងចិត្តយ៉ាងមុះមុត និងការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជា អង្គរ អ៊ែរ ក្រសួងទេសចរណ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ព្រមទាំងផ្នែកពាក់ព័ន្ធ ក្នុងការតភ្ជាប់កម្ពុជាទៅកាន់គោលដៅ និងប្រភពទីផ្សារដ៏មានសក្តានុពលក្នុងតំបន់ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ ពីប្រភពទីផ្សារទាំងនោះ និងភ្ញៀវទេសចរពីប្រទេសទី៣”។លោកបានបន្តទៀតថា “តាមរយៈការហោះហើរទាំងនេះ នឹងជួយជំរុញសកម្មភាពពាណិជ្ជកម្ម វិនិយោគ សេដ្ឋកិច្ច កិច្ចសហប្រតិបត្តិការ និងរឹតចំណងមិត្តភាពកម្ពុជា-វៀតណាមឱ្យកាន់តែជិតស្និទ្ធថែមទៀតផង”។
ប្រធានសមាគមន៍ទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានលើកឡើងផងដែរថា ការបើកជើងហោះហើរត្រង់ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តដាណាំងនេះ នឹងជួយជំរុញឱ្យមានកំណើនទេសចរ មកកានកម្ពុជាច្រើនបន្ថែមទៀត។ លោកស្រីបានបន្តទៀតថា ពីមុនភ្ញៀវទេសចរដែលចេញពីដាណាំងមកកាន់កម្ពុជា ត្រូវឆ្លងកាត់តាមទីក្រុងហូជីមិញសិន ហើយត្រូវចំណាយពេលវេលា និងថវិកាច្រើន អាចដល់កន្លះថ្ងៃ ឬស្ទើរតែមួយថ្ងៃតែម្ដង ទើបអាចមកដល់រាជធានីភ្នំពេញបាន ប៉ុន្តែចាប់ពីពេលនេះទៅ ភ្ញៀវទេសចរចំណាយពេលតែ១ម៉ោង១០នាទីប៉ុណ្ណោះ។

លោកស្រីបានបន្តថា “ការដឹកជញ្ជូនភ្ញៀវពីវៀតណាម មកកាន់កម្ពុជានឹងមានកាន់ច្រើនឡើង ហើយក៏សង្ឃឹមថានឹងអាចទាក់ទាញភ្ញៀវបរទេសផ្សេងទៀត ដែលឆ្លងកាត់ខេត្តដាណាំងនេះមកកាន់កម្ពុជាផងដែរ ដោយសារតែភ្ញៀវទេសចរមកពីប្រទេសផ្សេងៗភាគច្រើនត្រូវឆ្លងកាត់ខេត្តនេះ”៕