កម្ពុ​ជារ​រំពឹង​ទទួល​បា​នកំនើន​ទេស​ចរ​ណ៍៍​ពី​វៀតណាម​តាមរយៈ​ការ​តភ្ជាប់​ជើង​ហោះហើរ​ត្រង់​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ជើងហោះហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ទីក្រុង​ដា​ណាំង​ ប្រទេស​វៀតណាម​ របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ កម្ពុជា​ អង្គរ​ អ៊ែរ​ ត្រូវ​បាន​សម្ពោធ​ជា​ផ្លូវការ​ និង​ចាប់ផ្តើម​ហោះហើរ​ជាលើកដំបូង​បង្អស់​ ជាមួយនឹង​ការ​រំពឹង​ទុក​ថា​ កម្ពុជា​នឹង​ទទួល​បាន​កំណើន​ទេសចរ​បន្ថែម​ទៀត​ ពី​គោលដៅ​ទេសចរណ៍​ដ៏​ល្បី​របស់​វៀតណាម​មួយ​នេះ​។

ការ​សម្ពោធ​ជា​ផ្លូវការ​នេះ​ ធ្វើឡើង​នៅ​ព្រលា​នយន្តហោះ​អន្តរជាតិ​ដា​ណាំង​ កាលពី​ល្ងាច​ចុង​សប្ដាហ៍​កន្លងទៅ​នេះ​ ដោយ​បាន​នាំ​យក​ប្រតិភូ​កម្ពុជា​ ដឹកនាំ​ដោយ​លោក​សូ​ វិ​សុទ្ធី​ អនុរដ្ឋ​លេខាធិការ​ក្រសួងទេសចរណ៍​ រួម​ជាមួយ​លោកស្រី​ ឆាយ​ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ និង​ក្រុមហ៊ុនទេសចរណ៍​ជាច្រើន​នាក់​ទៀត​។

លោក​សូ​ វិ​សុទ្ធី​ បាន​មានប្រសាសន៍​ថា​ “ការ​បើក​ជើងហោះហើរ​ត្រង់នេះ​ បង្ហាញ​ពី​ការ​តាំងចិត្ត​យ៉ាង​មុះមុត​ និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ កម្ពុជា​ អង្គរ​ អ៊ែរ​ ក្រសួងទេសចរណ៍​ និង​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ស៊ីវិល​ ព្រមទាំង​ផ្នែក​ពាក់ព័ន្ធ​ ក្នុង​ការ​តភ្ជាប់​កម្ពុជា​ទៅកាន់​គោលដៅ​ និង​ប្រភព​ទីផ្សារ​ដ៏​មាន​សក្តា​នុ​ពល​ក្នុង​តំបន់​ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ពី​ប្រភព​ទីផ្សារ​ទាំងនោះ​ និង​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​ទី៣​”។លោក​បាន​បន្ត​ទៀត​ថា​ “តាមរយៈ​ការហោះហើរ​ទាំងនេះ​ នឹង​ជួយ​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម​ វិនិយោគ​ សេដ្ឋកិច្ច​ កិច្ច​សហប្រតិបត្តិ​ការ​ និង​រឹតចំណង​មិត្តភាព​កម្ពុជា​-វៀតណាម​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​ផង​”។

ប្រធាន​សមាគមន៍​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោកស្រី​ឆាយ​ ស៊ី​វលី​ន បាន​លើកឡើង​ផង​ដែរ​ថា​ ការ​បើក​ជើងហោះហើរ​ត្រង់​ពី​រាជធានី​ភ្នំពេញ​ ទៅកាន់​ខេត្ត​ដា​ណាំង​នេះ​ នឹង​ជួយ​ជំរុញ​ឱ្យ​មាន​កំណើន​ទេសចរ​ មក​កាន​កម្ពុជា​ច្រើន​បន្ថែម​ទៀត​។ លោកស្រី​បាន​បន្ត​ទៀត​ថា​ ពីមុន​ភ្ញៀវ​ទេសចរ​ដែល​ចេញពី​ដា​ណាំង​មកកាន់​កម្ពុជា​ ត្រូវ​ឆ្លងកាត់​តាម​ទីក្រុង​ហូជីមិញ​សិន​ ហើយ​ត្រូវ​ចំណាយពេល​វេលា​ និង​ថវិកា​ច្រើន​ អាច​ដល់​កន្លះ​ថ្ងៃ​ ឬស្ទើរតែ​មួយថ្ងៃ​តែម្ដង​ ទើប​អាចម​កដល់​រាជធានី​ភ្នំពេញ​បាន​ ប៉ុន្តែ​ចាប់ពី​ពេលនេះ​ទៅ​ ភ្ញៀវ​ទេសចរ​ចំណាយពេល​តែ១ម៉ោង១០នាទី​ប៉ុណ្ណោះ​។

លោកស្រី​បាន​បន្ត​ថា​ “ការ​ដឹកជញ្ជូន​ភ្ញៀវ​ពី​វៀតណាម​ មកកាន់​កម្ពុជា​នឹង​មាន​កាន់​ច្រើនឡើង​ ហើយក៏​សង្ឃឹមថានឹង​អាច​ទាក់ទាញ​ភ្ញៀវ​បរទេស​ផ្សេងទៀត​ ដែល​ឆ្លងកាត់​ខេត្ត​ដា​ណាំង​នេះ​មកកាន់​កម្ពុជា​ផង​ដែរ​ ដោយសារតែ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ផ្សេង​ៗភាគច្រើន​ត្រូវ​ឆ្លងកាត់​ខេត្ត​នេះ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here