សញ្ញា​វិជ្ជមាន​៖ កិច្ចចរចា​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​មាន​ភាព​ប្រសើរ​ជាង​មុន​

0

ដោយ​ Donald​ Lee​

ភ្នំ​ពេញៈ​ ប្រធានាធិបតី​អាមេរិក​លោក​ Donald​ Trump ​បាន​ថ្លែង​ថា​ កិច្ចពិភាក្សា​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន​កំពុង​រីកចម្រើន​យ៉ាង​ល្អ​ ហើយ​កិច្ច​ព្រមព្រៀង​មួយ​នឹង​ត្រូវ​ចុះហត្ថលេខា​នៅក្នុង​ប្រទេស​ឈីលី​ ក្នុង​អំឡុង​កិច្ចប្រជុំ​កិច្ច​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី១៦​ ខែវិច្ឆិកា​។

លោក​ Trump​ បាន​និយាយទៅ​កាន់​អ្នកយកព័ត៌មាន​ នៅ​លើ​កញ្ចក់​ទូរទស្សន៍​អាមេរិក​នៅ​រដ្ឋ​ម៉ា​រី​លែ​នកា​លពី​ថ្ងៃម្សិល​ម៉ិញ​ថា​ “យើង​កំពុង​ទន្ទឹងរង់ចាំ​ពេលវេលា​ ដើម្បី​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដ៏​ធំ​មួយ​ នៃ​កិច្ច​ព្រមព្រៀង​ជាមួយ​ចិន​។ យើង​នឹង​ហៅ​វា​ថា​ដំណាក់កាល​ទី១​ ប៉ុន្តែ​វា​គឺជា​ចំណែក​ដ៏​ធំ​មួយ​”។

ក្រុម​អ្នកវិភាគ​ជឿជាក់​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ចង់ឱ្យ​អាមេរិក​លុបចោល​ពន្ធគយ​លើ​ទំនិញ​ចិន​មានតម្លៃ១៥៦ពាន់​លាន​ដុល្លារ​ ដែល​នឹង​ចូលជាធរមាន​នៅ​ថ្ងៃទី១៥​ ខែ​ ធ្នូ​ និង​រួមបញ្ចូល​ទាំង​កុំព្យូទ័រ​ ទូរស័ព្ទចល័ត​ និង​ប្រដាប់​ប្រដា​ក្មេង​លេង​។

ជា​ថ្នូរ​វិញ​ ចិន​នឹង​ចរចា​នាំចូល​ទំនិញ​កសិកម្ម​អាមេរិក​ ជាពិសេស​សណ្តែកសៀង​ដែល​ប្រធានាធិបតី​អាមេរិក​ Donald​ Trump​ បាន​និយាយ​ថា​ អាច​មានតម្លៃ​រហូតដល់៥០ពាន់​លាន​ដុល្លារ​។

លោក​ Trump​ បាន​បញ្ជាក់​ថា​ “ចិន​ចាំបាច់​ត្រូវ​ធ្វើ​កិច្ច​ព្រមព្រៀង​ជាមួយ​អាមេរិក​ ខណៈ​សេដ្ឋកិច្ច​ចិន​ជួបប្រទះ​ការ​ធ្លាក់ចុះ​ជាបន្តបន្ទាប់​”។

សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះ​ដល់​ ៦ ភាគរយ​នៅក្នុង​ត្រីមាស​ទី​ ៣។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ស្ថិតិ​ជាតិ​ (NBS​) ចេញផ្សាយ​ក្នុង​ខែ​នេះ​។ ត្រីមាស​នេះ​គឺជា​រយៈពេល​ដ៏​អាក្រក់​បំផុត​ ក្នុងរយៈពេល​ជិត៣០ឆ្នាំ​ ហើយ​ជា​សញ្ញា​បង្ហាញថា​ការ​ធ្លាក់ចុះ​ពី​កំណើន៦​,២ ភាគរយ​នៅក្នុង​ត្រីមាស​ទី២​។

ទីក្រុង​ប៉េកាំង​បាន​អះអាង​ថា​ សេដ្ឋកិច្ច​កំពុង​ផ្លាស់​ប្តូរ​ទៅ​ដំណាក់កាល​ចាស់ទុំ​ ដែល​ការប្រើ​ប្រាស់​ក្នុង​ស្រុក​ នឹង​ដើរតួ​នាទី​ធំជាង​ពាណិជ្ជកម្ម​អន្តរជាតិ​ ហើយ​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ នៅតែ​ខ្ពស់​ជាង​សេដ្ឋកិច្ច​ពិភពលោក​ដទៃទៀត​។

របាយការណ៍​របស់​កាសែត​ Global​ Times​ ដែល​គាំទ្រ​ចិន​បានឱ្យ​ដឹង​ថា​ “ជាមួយ​អត្រាកំណើន៦.២ភាគរយ​ ទោះបីជា​ទាប​ជាង​មុន​បន្តិច​ក៏ដោយ​ ក៏​នៅតែ​ជា​កំណើន​ខ្ពស់​នៅក្នុង​បរិបទ​ពិភពលោក​។ កំណើន​បែបនេះ​ត្រូវ​បាន​ប៉ាន់ស្មាន​ថា​ មាន​ល្បឿន​លឿន​បំផុត​ក្នុងចំណោម​បណ្តា​ប្រទេស​ ដែល​មាន​ទំហំ​សេដ្ឋកិច្ច១ទ្រី​លាន​ដុល្លារ​”។

របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា​ “ខណៈ​កំណើន​សេដ្ឋកិច្ច​នៅក្នុង​រយៈពេល​ ៣ ត្រីមាស​ដំបូង​ធ្លាក់ចុះ​ដល់៦​,២​ភាគរយ​ ប៉ុន្តែ​លទ្ធផល​នេះ​គឺ​ស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​ល្អ​បំផុត​នៅ​លើ​ពិភពលោក​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here