ដោយ វុត្ថា
ខេត្តព្រះសីហនុ៖ គណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តហ្វូជាន នៃប្រទេសចិនបានបង្ហាញបំណង ក្នុងការបង្កើតចំណងទំនាក់ទំនងមិត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងមានគោលបំណងសិក្សាឈ្វេងយល់ពីឱកាស សម្រាប់វិនិយោគនៅខេត្តព្រះសីហនុ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតគណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តហ្វូជានកាលពីថ្ងៃទី ២៩ ខែតុលាម្សិលមិញនេះ។ លោកបានស្វាគមន៍ចំពោះប្រតិភូមន្ទីរពាណិជ្ជកម្ម ខេត្តហ្វូជាន ដែលបានចាប់អារម្មណ៍ចង់ មកបណ្តាក់ទុនរកស៊ីនៅខេត្តព្រះសីហនុ និងបង្ហាញជំហរការពារផលប្រយោជន៍ អ្នកវិនិយោគដោយយកច្បាប់ជាគោល។
-->
លោកគួច ចំរើន បានស្នើប្រតិភូខេត្តហ្វូជាន ជួយជម្រុញអ្នកជំនាញផ្នែកកសិកម្ម មកធ្វើការសិក្សា ដើម្បីធ្វើការវិនិយោគផ្នែកវិស័យកសិកម្ម នៅខេត្តព្រះសីហនុផងដែរ។លោកថា “ប្រសិនជាមានការវិនិយោគលើវិស័យកសិកម្ម នោះនឹងធ្វើអោយស្ថានភាពជីវភាពកសិករនៅខេត្តព្រះសីហនុ កាន់តែមានភាពប្រសើរឡើង”។
លោកអភិបាលខេត្តរូបនេះថា ស្របជាមួយនឹងគោលនយោបាយ ផ្លូវមួយខ្សែក្រវាត់មួយ របស់លោកប្រធានាធិបតីចិន និងចំណងទំនាក់ទំនងដ៏រឹងមាំរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន គួបផ្សំនឹងសក្តានុពលរបស់ខេត្តព្រះសីហនុផងនោះ រំពឹងថាអ្នកវិនិយោគនឹងសំលឹងមើលឱកាស ដើម្បីវិនិយោគនៅខេត្តព្រះសីហនុបន្ថែមទៀត ខណៈបច្ចុ ប្បន្នខេត្តព្រះសីហនុ បាននិងកំពុងទទួលផ្លែផ្កា នៃការអភិវឌ្ឍដោយសារតែអ្នកវិនិយោគចិន។
លោក Liu depei គណៈប្រតិភូមន្ទីរពាណិជ្ជកម្ម ខេត្តហ្វូជានបានឱ្យដឹងថា ភូមិសាស្ត្រខេត្តព្រះសីហនុ ប្រហាក់ប្រហែលគ្នានឹងខេត្តហ្វូជាន កាលពី២០ឆ្នាំមុនដែរ គ្រាដែលខេត្តហ្វូជាន ទើបមានការចាប់ផ្តើមដំបូងនៃកំណែទំរង់សេដ្ឋកិច្ច។
លោកបន្តថា “គោលបំណងសំខាន់នៃជំនួបលើកនេះគឺ ចង់មកធ្វើការសិក្សាស្វែងយល់ពីឱកាសវិនិយោគ បង្កើតចំណងមិត្តភាពរវាងខេត្តហ្វូជាន និងខេត្តព្រះសីហនុ និងចង់ឲ្យមានកិច្ចសហប្រតិបត្តិការស៊ីជម្រៅ ចែករំលែកនូវបទពិសោធន៍សក្កានុពល នៅខេត្តព្រះសីហនុបានទូលំទូលាយ”។
លោក Liu depei បានបន្តថា នឹងជំរុញឲ្យមានវិនិយោគិនមកពីហ្វូជាន ចូលមករកស៊ីនៅខេត្តព្រះសីហនុ។ ស្របទៅតាមគោល នយោបាយ “ផ្លូវមួយខ្សែក្រវាត់មួយ” និង “ទំនាក់ទំនងដ៏ស៊ីជម្រៅ រវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលចិន” រួមទាំងសក្តានុពលរបស់ខេត្តព្រះសីហនុ អ្នកវិនិយោគនឹងសម្លឹងមកខេត្តព្រះសីហនុ ដើម្បីស្វែងយល់និងធ្វើការបណ្ដាក់ទុនរកស៊ីនៅទីនេះកាន់តែច្រើនថែមទៀត។

ជាមួយនេះដែរ លោកបានអញ្ជើញគណៈប្រតិភូខេត្តព្រះសីហនុ ទៅធ្វើទស្សនកិច្ចសិក្សា និងជួបសហគ្រិននានានៅក្នុងខេត្តហ្វូជាន ដើម្បីចែករំលែកផ្លាស់ប្ដូរបទពិសោធន៍ និងសម្លឹងមើលខេត្តព្រះសីហនុ សម្រាប់ជាគោលដៅក្នុងការធ្វើទំនាក់ទំនង ពាណិជ្ជកម្មនៅថ្ងៃអនាគត៕
