លោក​បណ្ឌិត​សុក​ ស៊ី​ផាន់​ណា​៖ អ្នកជំនួញ​កម្ពុជា​ត្រូវតែ​មាន​មហិច្ឆតា​ដូច​បណ្តា​ប្រទេស​មហាអំណាច​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ថ្វីត្បិត​កម្ពុជា​គឺជា​ប្រទេស​ដែល​តូច​ មាន​ចំនួន​ប្រជាជន​តិច​ និង​ជា​ប្រទេស​ ទើបតែ​ចាកចេញ​ពី​ភាព​ក្រីក្រ​យ៉ាង​លឿន​ក្នុងរយៈពេល​ខ្លី​ ប៉ុន្តែ​ប្រទេស​នេះ​ត្រូវតែ​មាន​មហិច្ឆតា​បន្ថែម​ទៀត​ ដើម្បី​អាច​ប្រែក្លាយ​ទៅជា​ប្រទេស​ ដែល​អភិវឌ្ឍ​ដូច​បណ្តា​ប្រទេសជិតខាង​។ នេះ​បើ​តាម​ប្រសាសន៍​លើកឡើង​របស់​លោក​បណ្ឌិត​សុក​ ស៊ី​ផាន់​ណា​ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​។

មានប្រសាសន៍​នៅក្នុង​ពិ​ធី​ប្រា​រព្វ​ខួប១០ឆ្នាំ​របស់​ CEO​ Master​ Club​ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​កាល​សប្តាហ៍​មុន​ លោក​បណ្ឌិត​សុក​ ស៊ី​ផាន់​ណា​បាន​មាន​ប្រសា​ន៍​ថា​ ដើម្បី​ជំរុញ​ឱ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាពរឹងមាំ​ និង​អាច​រក្សា​បាន​នូវ​អត្រាកំណើន​ជាប់​ជាប្រចាំ​ គឺ​ចាំបាច់​ណាស់​ត្រូវ​មានការ​ចូលរួម​ពី​វិស័យ​ឯកជន​ ព្រមទាំង​បង្កើត​មហិច្ឆតា​ឱ្យ​ធំ​ដូច​បណ្តា​ប្រទេស​ជឿនលឿន​ និង​មហាអំណាច​សេដ្ឋកិច្ច​ដទៃទៀត​។

លោក​បណ្ឌិត​បាន​បន្ត​ទៀត​ថា​ “ប្រទេស​មួយ​ដែល​រីកចម្រើន​ទៅ​បាន​ គឺ​ទាល់តែ​មាន​ចក្ខុវិស័យ​មួយ​ច្បាស់លាស់​ ហើយ​ព្យាយាម​បន្ត​អនុវត្តន៍​ឱ្យ​មានប្រសិទ្ធភាព​”។ លោក​បាន​បន្ត​ទៀត​ថា​ “កាលពី១០ឆ្នាំមុន​ កាលពី​ខ្ញុំ​ទើប​ត្រឡប់​មក​ពី​ប្រទេស​ស្វីស​ ខ្ញុំ​យល់ថា​ប្រទេស​កម្ពុជា​ ​ប្រៀប​ដូចជា​កូនក្មេង​តូច​មួយ​ ដែល​ទើបតែ​ចេះ​វារ​តែប៉ុណ្ណោះ​ បើ​ប្រៀប​ទៅ​នឹង​សេដ្ឋកិច្ច​របស់​ប្រទេសជិតខាង​ ប៉ុន្តែ​ពេលនេះ​វា​ដល់ពេល​ដែល​យើង​ត្រូវតែ​មាន​មហិច្ឆតា​ ដែល​អាច​រត់ចេញ​ទៅ​ប្រណាំង​ជាមួយ​ប្រទេស​ដទៃទៀត​”។

លោក​បាន​បន្ត​ថា​ “ប្រទេស​កម្ពុជា​ មាន​ប្រជាជន​ត្រឹម​ប្រមាណ១៦លាន​នាក់​ ប៉ុន្តែ​យើង​មានវាសនា​មួយ​ត្រង់ថា​ ស្ថិតនៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​សហគមន៍​អាស៊ាន​ ដែល​មាន​ប្រជាជន​សរុប​ជាង៦៥០លាន​នាក់​ ដែល​ជាទី​ផ្សារ​មួយ​ដ៏​ធំ​ និង​អាច​ផ្តល់​ឱកាស​ដល់​កម្ពុជា​ក្នុង​ទាញ​យក​ផលប្រយោជន៍​បាន​យ៉ាង​ប្រសើរ​”។លោក​បន្ត​ថា​ “ចង់​ឬមិន​ចង់​ គឺ​យើង​ត្រូវតែ​ចាប់ផ្ដើម​ធ្វើ​ ដោយ​ចាប់ផ្តើម​ចេញពី​ការប្រកួត​ប្រជែង​នៅក្នុង​ស្រុក​ជាមុន​សិន​”។

លោក​បណ្ឌិត​បាន​បន្ថែម​ថា​ “ក្រោយពេល​ជោគជ័យ​នៅក្នុង​ស្រុក​ ត្រូវ​បន្តម​ហិ​ច្ឆ​តា​ចេញទៅ​ក្រៅ​ស្រុក​ ដោយ​ផ្តើម​ពី​ការប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេសជិតខាង​ និង​បន្ត​ចេញទៅ​ប្រទេស​ដែល​ស្ថិតនៅ​ក្នុង​តំបន់​នានា​ក្នុង​សាកលលោក​”។

ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​រូប​នេះ​បាន​បន្ត​ថា​ បន្ទាប់ពី១០ឆ្នាំ​កន្លង​ផុត​ទៅ​នោះ​ កម្ពុជា​មិនមែន​ជា​កូនក្មេង​តូច​ ដែល​ទើបតែ​ចេះ​ដើរ​ទៀត​នោះ​ទេ​ ប៉ុន្តែ​ជា​ពេលវេលា​ដែល​កម្ពុជា​ចាប់ផ្តើម​ពង្រឹង​សមត្ថភាព​ និង​ធ្វើការ​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អាស៊ាន​យ៉ាង​ពេញទំហឹង​ ជាមួយនឹង​ក្បួនខ្នាត​ត្រឹមត្រូវ​ រាល់​ផលិតផល​ត្រូវ​មាន​ស្តង់ដារ​កម្រិត​អន្តរជាតិ​ ដូចជា​ភូ​គាម​អនាម័យ​ ស្ដ​ង់​ការ​វិច​ខ្ជប់​ និង​ស្ដ​ង់​ដារ​នៃ​ការផលិត​ ដែល​ចាំបាច់​ត្រូវតែ​មាន​អ្នកជំនាញ​។

លោក​បន្ត​ថា​ “ការ​ធ្វើជំនួញ​ជាមួយ​អន្តរជាតិ​មិន​ត្រូវ​បាន​គិត​ និង​យកចិត្ត​ទុកដាក់​ទៅលើ​មនោសញ្ចេតនា​នោះ​ទេ​ ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​រាល់​ផលិតផល​ ដែល​ត្រូវ​បាន​នាំ​យក​ទៅកាន់​ទីផ្សារ​មានគុណ​ភាព​ តាម​ការកំណត់​ត្រឹមត្រូវ​ ទើប​អាច​ទទួល​បាន​ចំណែក​ទីផ្សារ​ ដែល​ស្រប​ទៅ​នឹង​មហិច្ឆតា​ដូច​ការ​គ្រោងទុក​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here