ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ)បាននឹងកំពុងរៀបចំសេចក្តីព្រាងគោលនយោបាយជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០២០-២០៣០ សម្រាប់បំរើដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព ។

-->
យោងតាមសចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីល្ងាចថ្ងៃទី ៣០ ខែតុលាម្សិលមិញនេះបានឱ្យដឹងថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) គឺជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ធ្វើឱ្យកាន់តែប្រសើរឡើងនូវជីវភាពសង្គម និងផ្តល់ដំណោះស្រាយលើបញ្ហាបរិស្ថាន ដែលជាកត្តាមូលដ្ឋានគ្រឹះសម្រាប់ការរស់រានរបស់មនុស្សជាតិ។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា ការវិនិយោគលើ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) ជាពិសេសលើការស្រាវជ្រាវ និងអភិវឌ្ឍ (Research and Development) ដែលមានយុទ្ធសាស្ត្រ និងគោលនយោបាយត្រឹមត្រូវ មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងអាចជួយឱ្យសម្រេចបាននូវសេដ្ឋកិច្ចឌីជីថល និងការចូលរួមបដិវត្តន៍ឧស្សាហកម្មទី ៤ ឈានទៅដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០។
សេចក្តីព្រាងគោនយោបាយជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ ២០២០-២០៣០ គឺជាសេចក្តីព្រាងដ៏មានសារៈសំខាន់ កំណត់យុទ្ធសាស្ត្រ និងវិធានការដើម្បីសម្រេចបាននូវគោលដៅដែលបានកំណត់សមស្របតាមបរិការណ៍ជាក់ស្តែងនៃប្រទេសជាតិរួមមាន៖
១) កសាង និងពង្រឹងធនធានមនុស្សឱ្យបានគ្រប់គ្រាន់ ទាំងបរិមាណ ក៏ដូចជាគុណភាព និងសមាសភាពដោយពិនិត្យពិចារណាទៅលើកត្តសមភាពយេនឌ័រ ផ្តល់លទ្ធភាពឱ្យបំពេញភារកិច្ច និងមានការលើកទឹកចិត្តសមស្រប ដើម្បីឱ្យបានធនធានមនុស្សផ្នែក វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) ជាតិ មានសមត្ថភាព។
២) ផ្តល់លទ្ធភាពដល់សកម្មភាពស្រាវជ្រាវ និងអភិវឌ្ឍជាតិប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ និងកសាងប្រព័ន្ធអេកូនវានុវត្តន៍ប្រកបដោយបរិយាប័ន្ន ដោយផ្តោតលើសមត្ថភាពធ្វើការ សម្របបច្ចេកវិទ្យាដែលបាននាំចូលទៅនឹងស្ថានភាពជាក់ស្តែងក្នុងស្រុក លើកស្ទួយឧស្សាហកម្មជាអាទិភាពជាតិ ដើម្បិបំរើឱ្យការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ ដើម្បីការអភិវឌ្ឍប្រសើរជាង និង បង្កើនសមត្ថភាពស្រូបយកបច្ចេកវិទ្យាអន្តរជាតិ ដើម្បីជាកម្លាំងស្ទុះឱ្យផុតអំពីអន្ទាក់នៃភាពជាអ្នកមានចំណូលមធ្យមកម្រិតទាបទៅការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្រិតខ្ពស់ជាងប្រកបដោយចីរភាព ។
៣) ពង្រឹងស្ថាប័ន និងក្របខណ្ឌគតិយុត្តិផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សម្រាប់គាំទ្រប្រព័ន្ធអេកូនវានុវត្តន៍ជាតិ ដើម្បីធ្វើជាមូលដ្ឋាននៃការអភិវឌ្ឍវិស័យឯកជន និងរដ្ឋឱ្យបានសម្រេចប្រកបដោយចីរភាព និងទីផ្សារប្រកបដោយសក្តានុពល ព្រមជាមួយនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិល្អប្រសើរ។
៤) បណ្តុះសង្គមឱ្យមានវប្បធម៌ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) ប្រកបដោយបរិយាប័ន្ន ដោយការកសាងទំនុកចិត្តសាធារណៈលើផលិតផល និងសេវាកម្មបច្ចេកវិទ្យាជាតិ និងការពេញចិត្តទៅលើលទ្ធផលនៃការខិតខំ និងការវិនិយោគលើការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន) របស់ខ្លួន ក៏ដូចជាទៅលើការកែទម្រង់អភិបាលកិច្ចផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន)៕