ដោយ វុត្ថា
ភ្នំពេញៈ មូលនិធិសាកល (The Global Fund) បានផ្តល់ហិរញ្ញប្បទានប្រមាណជាង៥០០លានដុល្លារអាមេរិក សម្រាប់ចូលរួមអភិវឌ្ឍសុខមាលភាពសង្គមសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលជាង២ទសវត្សរ៍កន្លងមកនេះ។
លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅក្នុងជំនួបជាមួយ លោក Donald Kaberuka ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសកល កាលពីថ្ងៃទី ៣០ ខែតុលាកន្លងមកថា គិតមកដល់ពេលនេះ កម្ពុជាបានទទួលហិរញ្ញប្បទានពីមូលនិធិសកលប្រមាណជាង៥១៥,៩៥លានដុល្លារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺទាំងបីរួមមាន ជំងឺអេដស៍ របេង និងជំងឺគ្រុនចាញ់ និងជាពិសេសជួយឱ្យកម្ពុជាសម្រេចបានគោលដៅ៩០-៩០-៩០ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំនងឺអេដស៍មុនការគ្រោងទុក។
-->
លោកបន្តថា “សមិទ្ធិផលដែលកម្ពុជាទទួលបាននាពេលនេះ គឺបានរួមចំណែកដ៏ធំធេងក្នុងការអភិវឌ្ឍជាតិ ដែលស្របតាមចក្ខុវិស័យប្រកបដោយមហិច្ឆិតា នៃផែនការយុទ្ធសាស្រ្តសុខាភិបាល២០១៦-២០២០ គឺប្រជាពលរដ្ឋកម្ពុជាទាំងអស់មានសុខភាពនឹងសុខមាលភាពកាន់តែប្រសើរឡើង ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកិច្ចប្រកបដោយចីរភាព”។
លោក Donal Kaberuka ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសកល បានយតម្លៃខ្ពស់ចំពោះប្រព័ន្ធប្រទេសកម្ពុជា (Country System) និងភាពជាម្ចាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំអនុវត្តគម្រោងហិរញ្ញប្បទាន ដោយមូលនិធិសកលដើម្បីឈានទៅសម្រេចបានលទ្ធផលគួរជាទីមោទនៈ។
លោកបន្តថា ជាក់ស្តែងកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ និងរបេងនៅកម្ពុជាសម្រាប់ឆ្នាំ២០១៨-២០២០ ដែលកំពុងអនុវត្តត្រូវបានមូលនិធិសកលវាយតម្លៃ បានជាប់ចំណាត់ថ្នាក់ A2 ដោយសម្រេចបាន៩៩% នៃសូចនាករដែលជា Excellence Rating Exceptionally។

ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិសកលរូបនេះ ក៏បានសន្យាបន្តពង្រិកកិច្ចសហប្រតិបត្តិការ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកម្មប្រយុទ្ធប្រឆាំងនឹងជំងឺទាំង៣នេះបន្តទៀត ក្នុងទំហំហិរញ្ញប្បទានសហប្រតិបត្តិការកាន់តែធំជាងមុន ដើម្បីជួយសង្គ្រោះជីវិតមនុស្សកាត់បន្ថយអត្រាមរណៈ និងឈានទៅលុបបំបាត់ការរីករាលដាល ទាំងស្រុងនៃជំងឺទាំងបីមុនដំណាច់ឆ្នាំ២០៣០៕