ដោយ ប៊ី
ភ្នំពេញៈ ធនាគារអយុធ្យា ឬ Bank of Ayudhya (BAY) ដែលជាអ្នកផ្តល់ប្រាក់កម្ចីពាណិជ្ជកម្មធំជាងគេទី៥របស់ថៃ កំពុងកំណត់គោលដៅលើឡាវ វៀតណាម និងកម្ពុជាជាទិសដៅបន្ទាប់របស់ខ្លួន សម្រាប់ការទូទាត់សាច់ប្រាក់ឆ្លងកាត់ព្រំដែនតាមប្រព័ន្ធ QR។
លោក Thakorn Piyapan ប្រធានធនាគារ Krungsri Consumer និងជាប្រធានផ្នែកឌីជីថលធនាគារ និងច្នៃប្រឌិតផ្នែកធនាគារ BAY បាននិយាយថា ធនាគារនឹងចាប់ផ្តើម ចចារលើផែនការពង្រីកសេវាកម្មនៅឆ្នាំក្រោយ។
-->
ធនាគារ BAY បានចាប់ផ្តើមផ្តល់សេវាកម្ម QR ឆ្លងកាត់ព្រំដែនរបស់ខ្លួន នៅឯមជ្ឈមណ្ឌលទិញឥវ៉ាន់ទីក្រុងតូក្យូក្នុងខែ សីហា។
លោក Thakorn បានមានប្រសាសន៍ថា ធនាគារកំពុងចរចាជាមួយប្រតិបត្តិករលក់រាយចំនួន៤ផ្សេងទៀតនៅក្នុងប្រទេសជប៉ុន។ កន្លែងទាំង៤គឺជាហាង ដែលមិនបង់ពន្ធនៅអាកាសយានដ្ឋានអន្តរជាតិជប៉ុន ម៉ាត Big Camera និង Don Quijote។
លោក Thakorn បាននិយាយថា ប្រសិនបើកិច្ចពិភាក្សារបស់ធនាគាទទួលបានលទ្ធផលពីកន្លែងទាំង៤ នោះបរិមាណនៃការទូទាត់ QR អន្តរជាតិរបស់ធនាគារ BAY ត្រូវបានប៉ាន់ប្រមាណថានឹងកើនឡើង៥ដងនៅឆ្នាំក្រោយ។
ប្រតិបត្តិការទូទាត់ប្រាក់ឆ្លងដែនតាមរយៈ QR code សរុបមានចំនួន២៦០, ០០០ បាត ក្នុងខែសីហាដែលកើនឡើងដល់៤០០,០០០បាត ក្នុងខែកញ្ញា និង៥២០,០០០ បាតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៥ ខែតុលា។
តំបន់ Takeya គឺជាទិសដៅទិញទំនិញឈានមុខគេ សម្រាប់ទេសចរថៃនៅជប៉ុន។ QR មានចំនួន២,៣ភាគរយ នៃការបង់ប្រាក់របស់ថៃនៅឯតំបន់នេះ។
ផលិតផលពេញនិយម ដែលបានទិញដោយប្រើ Krungsri QR code មានដូចជាថ្នាំ វីតាមីន គ្រឿងសំអាង អាហារសម្រន់ និងរបស់របរម៉ាកល្បីៗ។
លោក Thakorn បានមានប្រសាសន៍ថា អតិថិជនរបស់ធនាគារធំៗចំនួន៣ គឺធនាគារពាណិជ្ជកម្មសៀម ធនាគារ Kasikornbank និងធនាគារ Bangkok Bank ឥឡូវនេះ អាចស្កេនលេខកូដ ដើម្បីទូទាត់ប្រាក់ឆ្លងកាត់ព្រំដែន តាមរយៈសេវាកម្មរបស់ BAY ដែលនឹងពង្រីកដល់ធនាគារថៃផ្សេងទៀតនាពេលអនាគត។
អត្រាប្តូរប្រាក់សម្រាប់ការទូទាត់ QR ឆ្លងដែនរបស់ Krungsri គឺដូចគ្នានឹងអត្រាប្តូរប្រាក់របស់ធនាគារដែរ។

លោក Thakorn បាននិយាយថា ការទូទាត់តាម QR Code មានភាពងាយស្រួលសម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស ពីព្រោះភ្ញៀវទេសចរមិនចាំបាច់ កាន់សាច់ប្រាក់ច្រើនទេ ហើយអត្រាប្តូរប្រាក់គឺទាបជាងប័ណ្ណឥណពន្ធ៕ (ប្រភព Bangkok Post)៕