កិច្ចប្រជុំ​កំពូល​អាស៊ាន​-សហរដ្ឋអាមេរិក​លើក​ទី៧ផ្តោត​សំខាន់​លើ​ការជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ាន​

0

ដោយៈ​ រ៉ា​ណេត​

បាង​កកៈ​ បន្ទាប់ពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក៣​ លើក​ទី២២ត្រូវ​បាន​បញ្ចប់​ នៅ​ព្រឹក​ថ្ងៃទី៤​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​ ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ បាន​អញ្ជើញ​ចូលរួម​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​-សហរដ្ឋអាមេរិក​ លើក​ទី៧​ ជាមួយនឹង​លោក​ ​; រ៉ូប៊ែ​រ អូ​ប្រៀន​ បេសកជនពិសេស​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ ដូ​ណាល់​ ត្រាំ​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​អាស៊ាន​-សហរដ្ឋអាមេរិក​លើក​ទី៧​ ប្រមុខរដ្ឋ​ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ និង​តំណាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ បាន​ធ្វើការ​ពិភាក្សា​គ្នា​យ៉ា​ ងយ​កចិត្ត​ទុកដាក់​ ទៅលើ​របៀប​វារ:ដែល​បាន​គ្រោងទុក​ ពិសេស​បាន​ធ្វើការ​ពិនិត្យ​ និង​ពិភាក្សា​គ្នា​យ៉ាង​យកចិត្ត​ទុកដាក់​ ទៅលើ​ការជំរុញ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិ​ការ​រវាង​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ឲ្យ​កាន់តែ​រឹងមាំ​រីកចម្រើន​ទ្វេឡើង​ថែមទៀត​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ដែរ​ មេដឹកនាំ​អាស៊ាន​ និង​សហរដ្ឋអាមេរិក​ បាន​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ វឌ្ឍនភាព​នៃ​ទំនាក់ទំនង​រវាង​អាស៊ាន​ និង​សហរដ្ឋអាមេរិក​។ មេដឹកនាំ​អាស៊ាន​ សហរដ្ឋអាមេរិក​ ក៏បាន​សង្កត់ធ្ងន់​នូវ​សារ:សំខាន់​ នៃ​ការជំរុញ​ភាពជា​ដៃគូ​ជាមួយ​ដៃគូ​សន្ទនា​ ដៃគូ​សន្ទនា​តាម​វិស័យ​ ដៃគូ​អភិវឌ្ឍ​ និង​ភាគី​ខាងក្រៅ​ដទៃទៀត​ តាម​រយ:ក្របខណ្ឌ​និ​មួយ​ៗ និង​ការអនុវត្ត​ផែនការ​សកម្មភាព​ទាំងឡាយ​ នៃ​កិច្ច​សហប្រតិបត្តិ​ការ​នានា​។

មេដឹកនាំ​អាស៊ាន​ បាន​លើកទឹកចិត្ត​ឲ្យ​សហរដ្ឋអាមេរិក​ ឱ្យ​បន្ត​គាំទ្រ​ការអនុវត្ត​ផែនការមេ​ស្តី​ពី​ ការ​តភ្ជាប់​អាស៊ាន​ ឆ្នាំ២០២៥​ និង​គំនិត​ផ្តួចផ្តើម​សមាហរណកម្ម​អាស៊ាន​ ដំណាក់កាល​ទី៣​ ដែល​ផ្តោត​សំខាន់​លើ​ការ​តភ្ជាប់​ ដើម្បី​ជួយ​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​រវាង​ប្រទេស​ សមាជិក​អាស៊ាន​ និង​ជំរុញ​ការ​តភ្ជាប់​តំបន់​សំដៅ​សម្រេច​ឲ្យបាន​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ ឆ្នាំ២០២៥​។

មេដឹកនាំ​អាស៊ាន​ក៏បាន​វាយតម្លៃ​ខ្ពស់​ ចំពោះ​កម្មវិធី​ជំនួយ​បច្ចេកទេស​ថ្មី​ រវាង​អាស៊ាន​ និង​ ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរជាតិ​ សហរដ្ឋអាមេរិក​ ស្តី​ពី​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិ​យា​ប័ន្ន ក្នុង​តំបន់​អាស៊ាន​ តាម​រយ:នវានុវត្តន៍​ពាណិជ្ជកម្ម​ និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ សម្រាប់​ឆ្នាំ២០១៩​-២០២៣​ ដែល​នឹង​បន្ត​ជួយ​លើកកម្ពស់​ការ​កសាង​សហគមន៍​អាស៊ាន​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​នេះ​ដែរ​ មេដឹកនាំ​អាស៊ាន​ សហរដ្ឋអាមេរិក​ បាន​ឈាន​ទៅ​ចេញផ្សាយ​សេចក្តី​ប្រកាស​របស់​ ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​ សហរដ្ឋអាមេរិក​ លើក​ទី៧​ និង​បាន​អនុម័ត​សេចក្តី​ប្រកាស​របស់​ថ្នាក់ដឹកនាំ​អាស៊ាន​ សហរដ្ឋអាមេរិក​ ស្តី​ពី​សន្តិសុខ​ថាមពល​៕

LEAVE A REPLY

Please enter your comment!
Please enter your name here