ដោយ Donald Lee
ភ្នំពេញៈ មុនពេលកិច្ចប្រជុំកំពូលអាស៊ានបានបញ្ចប់នៅសប្តាហ៍នេះ នាយករដ្ឋមន្រ្តីជប៉ុនលោកស៊ីនហ្សូ អាបេបានសន្យាបង្កើនចំនួនប្រាក់កម្ចី និងវិនិយោគទ្វេរដងនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន ដើម្បីប្រកួតប្រជែងជាមួយនឹងកម្មវិធីផ្តល់មូលនិធិអន្តរជាតិ ដ៏ធំរបស់ចិនដែលជាគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។
លោកអាបេបានថ្លែងថា “យើងបានត្រៀមប្រាក់កម្ចី និងការវិនិយោគទ្វេរដងដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដែលកំពុងឆ្ពោះទៅមុខក្នុងគោលបំណងកៀរគរថវិការួមទាំងពីវិស័យឯកជន”។ លោកបន្តថា “នៅក្នុងខែឧសភា ឆ្នាំនេះ កិច្ចព្រមព្រៀងជាមួយអាស៊ាន ត្រូវបានពន្លឿន ដើម្បីធ្វើឱ្យកិច្ចសហប្រតិបត្តិការបច្ចេកទេសផ្តល់ផលប្រយោជន៍ដល់អាស៊ានទាំងមូល ក្នុងការលើកកម្ពស់ការតភ្ជាប់គ្នាទៅវិញទៅមក”។
-->
ទីភ្នាក់ងារវាយតម្លៃឥណទានអន្តរជាតិ Fitch Solutions បានឱ្យដឹងថា រហូតមកដល់ពេលនេះ ជប៉ុនមានគំរោងហេដ្ឋារចនាសម្ព័ន្ឋច្រើនជាងចិននៅអាស៊ីអាគ្នេយ៍។
គម្រោងក្នុងតំបន់របស់ជប៉ុន នៅទូទាំងអាស៊ានមានចំនួន២៤០គម្រោង ខណៈចិនមាន២១០គម្រោង។ គម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ជប៉ុន មានតម្លៃ៣៦៧ពាន់លានដុល្លារ ធៀបនឹង២៥៥ពាន់លានដុល្លាររបស់ចិន។
ទោះយ៉ាងណានៅកម្ពុជា គម្រោងហេដ្ឋារចនាសម្ព័ន្ធចិន នៅតែនាំមុខគេនៅគ្រប់ប្រទេសទាំងអស់ ដោយមានទឹកប្រាក់
៣,៨ពាន់លានដុល្លារ ក្នុងការវិនិយោគនៅក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធកាលពីឆ្នាំមុន។
រដ្ឋាភិបាលកម្ពុជា បានអនុម័តការវិនិយោគផ្ទាល់ពីបរទេស ហើយ៧៥ភាគរយមកពីចិន។ ចិនមិនត្រឹមតែជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិនិយោគិនបរទេសធំជាងគេ ម្ចាស់ជំនួយទ្វេភាគី អ្នកនាំចូលអង្ករកម្ពុជា និងប្រភពដើមនៃភ្ញៀវទេសចរបរទេសច្រើនជាងគេ។
ជប៉ុនកំពុងមានស្ថិរភាពនៅកម្ពុជា ជាមួយជនជាតិជប៉ុនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាកើនឡើងពី២០០០នាក់ក្នុងឆ្នាំ២០១៤ ដល់ជិត៤០០០ នាក់នៅថ្ងៃនេះ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ការវិនិយោគដោយជប៉ុនបានកើនឡើងដល់ជាង១,៦៦ពាន់លានដុល្លារ ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ។
យោងតាម CDC បានឲ្យដឹងទៀតថា ជប៉ុនបានបង្កើនថវិកា នៅក្នុងគម្រោងវិនិយោគក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទិន្នន័យពី CDC បង្ហាញថា ការបង្កើនមូលនិធិវិនិយោគរបស់ជប៉ុន មានចំនួន១១៩,៧លានដុល្លារក្នុងឆ្នាំ២០១៦ ដល់ ១៧១,៨លានដុល្លារកាលពីឆ្នាំមុននៅកម្ពុជា។
CDC ប៉ាន់ស្មានថា ជប៉ុននឹងផ្តល់មូលនិធិដល់គម្រោងចំនួន ២៤៩.៤ លានដុល្លារនៅឆ្នាំនេះ។ នៅក្នុងការប្រៀបធៀប ការគាំទ្រដល់ការវិនិយោគពីសហភាពអឺរ៉ុប និងអាមេរិកនៅតែបន្តធ្លាក់ចុះ។
អង្គការឃ្លាំមើលសិទិ្ធមនុស្ស ដែលមានមូលដ្ឋាននៅអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយនៅដើមឆ្នាំនេះ ដោយរិះគន់ជប៉ុនចំពោះការព្យាយាម បង្កើតទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីប្រកួតប្រជែងជាមួយចិន។

អង្គការឃ្លាំមើលសិទិ្ធមនុស្ស បានលើកឡើងថា “ជប៉ុនមានសារៈសំខាន់ ចំពោះកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍ ដែលជាម្ចាស់ជំនួយដ៏ធំបំផុតរបស់ខ្លួន និងជាវិនិយោគិនបរទេសធំបំផុតរបស់ខ្លួន”។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមទៀតថា “ឥឡូវនេះជាមួយចិន ដែលវ៉ាដាច់ជប៉ុននៅក្នុងតំបន់ទាំងពីរ រដ្ឋាភិបាលជប៉ុនហាក់ដូចជាមានឆន្ទៈ បោះចោលគោលការណ៍របស់ខ្លួន ដើម្បីបើកការប្រកួតប្រជែងជាមួយចិន សម្រាប់ទាញយកការស្រឡាញ់ពីកម្ពុជា”៕