ដោយ វុត្ថា
ខេត្តព្រះសីហនុៈ លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងបានឱ្យដឹងថា ក្នុងរយៈពេល២ឆ្នាំកន្លងមក រហូតមកដល់បច្ចុប្បន្ននេះ ខេត្តព្រះសីនហនុមានការអភិវឌ្ឍយ៉ាងលឿនគួរឱ្យកត់សម្គាល់។
ថ្លែងនៅក្នុងជំនួបជាមួយ លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុនៅថ្ងៃទី ៥ ខែតុលាឆ្នាំ ២០១៩ នេះ លោកស្រី EVA NGUYEN BINH ឯកអគ្គរដ្ឋទូតបារាំងបានបន្តថា គោលបំណងនៃដំណើរទស្សនកិច្ចមកខេត្តព្រះសីហនុ ទៅពិនិត្យមើលតំបន់មួយចំនួន មានដូចជា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កោះឫស្សី ដែលជាគម្រោង វិនិយោគរបស់បារាំង ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ អភិវឌ្ឍន៍ដោយសហ គ្រាសបារាំង និងគម្រោងអភិវឌ្ឍន៍មួយចំនួនទៀតនៅក្នុងខេត្តព្រះសីហនុ។
-->
លោកស្រីបន្ថែមថា ភ្នាក់ងារអភិវឌ្ឍន៍បារាំងបានសហការជាមួយកម្ពុជា លើគម្រោងទឹកស្អាត នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ហើយក៏ចង់មកវិនិយោគទឹកស្អាតនៅខេត្តព្រះសីហនុ ដោយសារតែកំណើនប្រជាពលរដ្ឋមានការកើនឡើង និងការអភិវឌ្ឍ យ៉ាងលឿន ហើយបញ្ហាទឹកស្អាតក៏ជាតម្រូវការចាំបាច់មួយផងដែរ។
លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានឱ្យដឹងថា កម្ពុជា និងបារាំងមានទំនាក់ទំនងការទូត ជាប្រវត្តិសាស្ត្រមកដល់បច្ចុប្បន្ន កិច្ចសហប្រតិបត្តិការកម្ពុជា និងបារាំងកាន់តែល្អប្រសើរ។
លោកបន្តថា សម្រាប់ខេត្តព្រះសីហនុ មានសមិទ្ធផលរបស់បារាំ ងមានដូចជាទំនប់ ប៊ុលឌែ នៅស្រុកព្រៃនប់ មានសារៈសំខាន់ណាស់សម្រាប់ ឱ្យប្រជាកសិករធ្វើកសិកម្មលើផ្ទៃដី ១៥.០០០ហិកតា ដោយសារតែរដូវវស្សាមានជំនន់ទឹក ភ្លៀងធ្វើឱ្យទំនប់នេះ មានការខូចខាតនៅកន្លែងមួយចំនួន។ ម្យ៉ាងទៀតទំនប់ប៊ុលឌែនេះ មានសភាពចាស់ទ្រុឌទ្រោម ដែលកន្លងមកក្រសួងធនធនទឹកបានធ្វើការជួសជុលជូន ប្រជាពលរដ្ឋប្រើប្រាស់។
លោកបន្ថែមថា បច្ចុប្បន្នមានប្រជាពលរដ្ឋរស់នៅអមសងខាងទំនប់ ម្យ៉ាងទៀតទំទប់ ប៊ុលឌែ ខណ្ឌទឹកប្រៃ កុំឱ្យហូរចូលស្រែប្រជាកសិករ និងក៏ជាផ្លូវធ្វើចរាចរ ដឹកជញ្ជូន ផលិតផលកសិកម្មយ៉ាងសំខាន់ និងសំណូមពរឱ្យស្ថានទូតបារាំង ជួយគាំទ្រក្នុងការជួសជុល ទំនប់នេះបន្តទៀត។
អភិបាលខេត្តខេត្តរូបនេះ បញ្ជាក់ទៀតថាខេត្តព្រះសីហនុ មានឆ្នេរសមុទ្រ១៧៥គីឡូម៉ែត្រ និងកោះ៣២ ដែលរាជរដ្ឋាភិបាលបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចគំរូពហុបំណង ដែលមានបណ្ដាញគមនាគមន៍តភ្ជាប់មានកំពង់ផែទឹកជ្រៅ ផ្លូវដែក ផ្លូវគោក ផ្លូវអាកាស កំពុងសាងសង់ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ និងអាចរួចរាល់នៅចុងឆ្នាំ២០២២។
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើសម្បទានព្រលានយន្តហោះអន្តរជាតិ ខេត្តព្រះសីហនុ ទៅឱ្យក្រុមហ៊ុនបារាំង ក្នុងកិច្ចសហប្រតិបត្តិការជំរុញអភិបាលកិច្ច។ បច្ចុប្បន្នមានប្រជាពលរដ្ឋបារាំង មករកស៊ីនៅខេត្តព្រះសីហនុ ដោយបង្កើតជាក្លឹប ភោជនីយដ្ឋាន ហើយនៅ ៩ខែដើមឆ្នាំ២០១៩នេះ ភ្ញៀវទេសចរបារាំងមកកាន់ខេត្តព្រះសីហនុ មានចំនួនជាង ១ម៉ឺននាក់ បើធៀបនឹង៩ខែ ឆ្នាំ២០១៨ កើន២,៥ភាគរយ។

លោកបញ្ជាក់ទៀតថា ដោយសារការអភិវឌ្ឍរយៈពេល៣ឆ្នាំចុងក្រោយនេះ ធ្វើឱ្យ ផ្លូវថ្នល់ក្នុងក្រុងរងការខូចខាតយ៉ាងច្រើន ដោយសារការដឹកជញ្ជូន ធ្វើឱ្យផ្លូវថ្នល់មិនអាចធានាបាន ដែលរាជរដ្ឋាភិបាលបានបញ្ចេញថវិកាធ្វើការជួសជុលកែលម្អ ពង្រីកបន្ថែម និងគ្រោងបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕