ក្រសួងបរិស្ថាន​គ្រោង​ចំណាយ​ថវិកា​ជាង​ ២៤២លាន​ដុល្លារ​លើ​ផែនការ​អភិវឌ្ឍ​ ៣ឆ្នាំ​រំកិល​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ក្រសួងបរិស្ថាន​គ្រោង​ ចំណាយ​ទឹកប្រាក់២៤២លាន​ដុល្លារ​អាមេរិក​ នៅក្នុង​ផែនការ​អភិវឌ្ឍ​បី​ឆ្នាំ​រំកិល​ និង​ផែនការ​នៃ​ការប្រើ​ប្រាស់​ថវិកា​តាម​ឆ្នាំ​នី​មួយ​ៗ លើ​គម្រោង​ចំនួន៧០​ ខណៈ​ដែល​បច្ចុប្បន្ន​បាន​បញ្ចប់​ចំនួន២៥គម្រោង​ ស្មើនឹង​ប្រមាណ២៥លាន​ដុល្លារ​។

រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ លោក​ សៅ​ សុភាព​ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ២០១៩​ និង​លើក​ទិសដៅ​អនុវត្ត​សម្រាប់​ឆ្នាំ២០២០​ កាលពី​ថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ថា​ កិច្ច​សហ​ប្រតិ​បតិ្តការ​ ផែនការ​ និង​ថវិកា​ ពិតជា​មាន​សារសំខាន់​ណាស់​សម្រាប់​វិស័យ​បរិស្ថាន​។

លោក​បាន​បញ្ជាក់​ថា​ ក្រសួង​បាន​បញ្ចប់​ការ​កសាង​ផែនការ​ យុទ្ធ​សាស្រ្ត​ថវិកា៣ឆ្នាំ​រំកិល​ និង​ផែនការ​ថវិកា​តាម​ឆ្នាំ​នី​មួយ​ៗរបស់ក្រ​សួង​ និង​មន្ទីរ​បរិស្ថាន​ រាជធានី​-ខេត្ត​ ដោយ​ឈរ​លើ​មូលដ្ឋាន​ នៃ​ផែនការ​យុទ្ធ​សាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ និង​យុទ្ធ​សាស្រ្ត​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ គួបផ្សំ​នឹង​គោលនយោបាយ​ ម៉ាក្រូ​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​សាធារណៈ​ឆ្នាំ​នី​មួយ​ៗ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលបំណង​គោលនយោបាយ​របស់ក្រ​សួង​។

ក្រសួងបរិស្ថាន​ បាន​សម្របសម្រួល​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ ចំណុះ​ក្រសួងបរិស្ថាន​ និង​អគ្គលេខាធិការ​ដ្ឋាន​ ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​គម្រោង​សហការ​ជាមួយ​ដៃគូ​ អភិវឌ្ឍន៍​ អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​បាន​បញ្ចប់​ គម្រោង​ដែល​កំពុង​ដំណើរការ​ និង​គម្រោង​ដែល​កំពុង​រៀបចំ​សរុប៧០សរុប​ជា​ទឹកប្រាក់​ចំនួន​ ២៤២លាន​ដុល្លារ​។

គម្រោង​ដែល​បាន​បញ្ចប់​មាន​ចំនួន២៥​ បាន​ចំណាយ​ថិ​កា​សរុប​អស់​ចំនួន២៥​ លាន​ដុល្លា​ គម្រោង​កំពុង​ដំណើរការ​ចំនួន៣២​ គ្រោង​ចំណាយ​ថវិកា​សរុប១២៧លាន​ដុល្លា​ និង​គម្រោង​ដែល​កំពុង​រៀបចំ​មាន​ចំនួន១៣​ ដែល​មាន​ថវិកា​ជាង៩០លាន​ដុល្លា​៕

LEAVE A REPLY

Please enter your comment!
Please enter your name here