ដោយគង់ សូរិយា
ភ្នំពេញៈ ពេលវេលាមាសរបស់យុវជនមិនគួរជាពេលដើរផឹកស៊ី រាំរែកច្រើនពេកនោះទេ ប៉ុន្តែពួកគេគួរតែចំណាយពេលវេលាគិតពីការរកស៊ី ដើម្បីអនាគតរបស់ខ្លួនមានភាពត្រចេះត្រចង់។

អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងបានប្រឡូកក្នុងវិស័យអចលនទ្រព្យជាច្រើនគំរោងនៅកម្ពុជា លោកង៉ែត ជូ បានមាន ប្រសាសន៍ថា ចាប់តាំងពីពេលមានការងារធ្វើដំបូង យុវជនគួរកុំសង្វាតបង់រំលស់ផ្ទះ បង់រំលស់ឡាន ឬបង់រំលស់ម៉ូតូនាំខាតឱកាស ខាតពេលវេលា ប៉ុន្តែពួកគេគប្បីនាំគ្នាសង្វាតខ្ចីប្រាក់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកមកវិនិយោគជាមួយគេឯងក្រែងទទួលបានផលចំណេញ ដកបទពិសោធន៍ ទទួលបានចំណេះដឹង និងរៀនស្គាល់មនុស្សអោយបានច្រើន។
លោកបន្តថា “ក្នុងកាលៈទេសៈនេះយុវជនមិនត្រូវឈប់ពីការងារ និងត្រូវខិតខំបំពេញការងារអោយបានល្អ”។ លោកបន្ថែមថា “បើការងារក៏ជោគជ័យ មុខរបរក៏ជោគជ័យ នោះគឺជាសមិទ្ធិផលល្អរបស់អ្នកហើយ។ ជំហានបន្ទាប់ អ្នកអាចចេញរកស៊ីបាន”។
នៅពេលនិយាយដល់បញ្ហានេះ ស្មេរនឹកឃើញដល់សម្តីរបស់មហាសេដ្ឋីលេខនៅ ហុងកុង គឺលោកលី កាស៊ីញ ដែលបានលើកឡើងថា “ចេញរកស៊ីបើអ្នកខាត អ្នកនឹងឆ្លាតជាងមុន ហើយបើរកស៊ីជោគជ័យ អ្នកនឹងក្លាយជាអ្នកមាន”៕






