កម្ពុជាបាននាំចេញត្បូងពេជ្រមិនទាន់កែច្នៃជាង ៥៦ លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំ

0

ដោយ ៖ ប៊ី
ភ្នំពេញ៖ កម្ពុជាបាននាំចេញត្បូងពេជ្រមិនទាន់កែច្នៃជាង ៥៦ លានដុល្លារក្នុងរយៈពេល ៤ ឆ្នាំ ខណៈការនាំចូលត្បូងពេជ្រមិនទាន់កែច្នៃតាមវិញ្ញានបត្រគីមប័រលីប្រូសេស (Kimberly Process) មានទឹកប្រាក់ប្រហែលជាង ១៣០លានដុល្លារ។

កម្ពុជាបានក្លាយជាសមាជិកពេញសិទ្ធិរបស់ Kimberly Process ឆ្នាំ២០១២ ក្នុងរយៈពេល ០៤ឆ្នាំ (២០១៤-២០១៨) ការនាំចូលត្បូងពេជ្រមិនទាន់កែច្នៃតាមវិញ្ញានបត្រគីមប័រលីប្រូសេស មានទឹកប្រាក់ប្រហែលជាង ១៣០លានដុល្លារសហរដ្ឋអាមេរិក និងការនាំចេញមានទឹប្រាក់ប្រហែលជាង ៥៦លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
កាលពីពេលថ្មីៗនេះ ក្នុងនាមជាសមាជិករបស់អង្គការគីមប័រលីប្រូសេស (Kimberley Process Certificates-KPCs) ដែលមានក្រសួងពាណិជ្ជកម្មជាស្ថាប័នចេញវិញ្ញាបនបត្រគីមប័រលីប្រូសេស នាំចូល-នាំចេញត្បូងពេជ្រមិនទាន់កែច្នៃ (Rough Diamond) បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រប្រូសេស Working Group On Monitoring WGM ចុះបំពេញបេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៤ ដល់ទី០៦ ខែវិច្ឆិកា ឆ្នាំ០១៩។

គោលដៅនៃដំណើរទស្សនកិច្ចនៅកម្ពុជា គឺមានគោលបំណងត្រួតពិនិត្យការអនុវត្តគម្រោងគីមប័រលីប្រូសេស សម្រាប់ការនាំចូល-នាំចេញត្បូងពេជ្រមិនទាន់កែច្នៃ របស់ប្រទេសដែលជាសមាជិក ស្របតាមនីតិវិធី និងក្របខណ្ឌគតិយុត្តរបស់ Kimberley Process Certificates Scheme។
នៅក្នុងរយៈពេលនៃដំណើរទស្សនកិច្ចនេះ លោក កឹម ស៊ីថន រដ្ឋមន្រ្តីស្តីទីក្រសួងពាណិជ្ជកម្ម បានជួបសម្តែងការគួរសមជាមួយក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រលីប្រូសេស កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ និងក្នុងនាមស្ថាប័នចេញវិញ្ញាបនបត្រគីមប័រលីប្រូសេសនាំចូល-នាំចេញត្បូងពេជ្រមិនទាន់កែច្នៃ ចូលរួមសហការយ៉ាងជិតស្និទ្ធ និងស្វាគមន៍រាល់យោបល់ណែនាំ ព្រមទាំងការផ្តល់អនុសាសន៍ល្អៗ ដើម្បីឲ្យការអនុវត្តការងារក្នុងគម្រោងគីមប័រលីប្រូសេសនៅកម្ពុជា កាន់តែល្អប្រសើរ។
ជានិច្ចកាលកម្ពុជាអនុវត្តទៅតាមបទបញ្ញត្តិនានារបស់អង្គការគីមប័រលីប្រូសេស ដើម្បីចូលរួមប្រឆាំងនឹងការចរាចរត្បូងពេជ្រដោយខុសច្បាប់ និងការធ្វើពាណិជ្ជកម្មត្បូងពេជ្រ ដោយបានពីការបង្ហូរឈាម (Blood Diamond) ស្របទៅតាមច្បាប់អន្តរជាតិ។
បន្ទាប់មក ក្រុមការងារត្រួតពិនិត្យរបស់ការអនុវត្តគម្រោងគីមប័រលីប្រូសេស បានជួបប្រជុំជាមួយលោកប្រធាននាយកដ្ឋាននាំចេញ-នាំចូល តំណាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ព្រមទាំងចុះទស្សនកិច្ចផ្ទាល់នៅនាយកដ្ឋាននាំចេញ-នាំចូល ក្រសួងពាណិជ្ជកម្ម ការិយាល័យគយ និងរដ្ឋាករប្រចាំតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងសាខាគយ និងរដ្ឋាករច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងក្រុមហ៊ុន Laurelton Diamonds (Cambodia) Co., Ltd ដើម្បីពិនិត្យលើដំណើរការនៃការអនុវត្តនីតិវិធី ការត្រួតពិនិត្យការនាំចេញ-នាំចូលត្បូងពេជ្រមិនទាន់កែច្នៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here