ដោយ Donald Lee
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បាននិយាយថា សង្គ្រាមពាណិជ្ជកម្មគឺជាការបំភាន់ ហើយជម្លោះនេះនឹងត្រូវបញ្ចប់ នៅពេលដែលពន្ធទាំងអស់ត្រូវបានរំកិលត្រឡប់មកវិញ។
លោក Gao បានថ្លែងនៅក្នុងសន្និសីទកាសែតនៅក្រសួងពាណិជ្ជកម្មថា “សង្គ្រាមពាណិជ្ជកម្មគឺជាការបំភាន់មួយដោយការដាក់ពន្ធរបស់អាមេរិក ហើយសង្គ្រាមពាណិជ្ជកម្មនឹងត្រូវបញ្ចប់ ប្រសិនបើពន្ធគយត្រូវបានដកចេញ”។
ការលើកឡើងរបស់លោក Gao ធ្វើឡើងស្របពេលដែលអាមេរិក និងចិនកំពុងបញ្ចប់ផ្នែកចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១។
ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា ជិត ៦០ ភាគរយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី ១ ត្រូវបានបញ្ចប់កាលពីសប្តាហ៍មុន ហើយក្រសួងពាណិជ្ជកម្មចិនបានពង្រឹងទស្សនៈនេះលើដំណើរការនៃការឈានដល់ការចុះកិច្ចព្រមព្រៀងនេះ។
លោក Gao បាននិយាយនៅក្នុងសន្និសីទកាសែតថា “ក្រុមទាំងពីរបានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ យើងសង្ឃឹមថា ក្រុមទាំងពីរអាចធ្វើការជាមួយគ្នា និងធ្វើសកម្មភាពក្នុងស្មារតីស្មើភាពគ្នា ការគោរពគ្នាទៅវិញទៅមក និងដោះស្រាយនូវកង្វល់ស្នូលទាំងសងខាង”។
អង្គការ UNCTAD ដែលជាស្ថាប័នសំខាន់របស់អង្គការសហប្រជាជាតិទាក់ទងនឹងបញ្ហាពាណិជ្ជកម្ម និងការអភិវឌ្ឍ បានចេញរបាយការណ៍ស្តីពីផលប៉ះពាល់នៃការធ្វើសង្រ្គាមពាណិជ្ជកម្មអស់រយៈពេលជាងមួយឆ្នាំទៅលើសេដ្ឋកិច្ចពិភពលោកទាំងមូល។
របាយការណ៍របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា “ជម្លោះពន្ធពាណិជ្ជកម្មរវាងចិន និងអាមេរិកគឺជាស្ថានភាព “ចាញ់ ចាញ់” សម្រាប់ប្រទេសទាំងពីរ និងពិភពលោកទាំងមូល ហើយវាទំនងជាយ៉ាប់យ៉ឺន ដរាបណាមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានយកមកដោះស្រាយ”។
ក្រុមសេដ្ឋវិទូអង្គការសហប្រជាជាតិ និយាយថា ពន្ធគយកាន់តែខ្ពស់លើទំនិញចិនចូលអាមេរិកត្រូវបានប្រគល់ឱ្យអ្នកប្រើប្រាស់ និងក្រុមហ៊ុនអាមេរិកជាអ្នកបង់។
លោក Alessandro Nicita សេដ្ឋវិទូនៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិ បានថ្លែងថា “អតិថិជនអាមេរិកកំពុងបង់ពន្ធលើតម្លៃខ្ពស់ជាងនេះ។ មិនត្រឹមតែអ្នកប្រើប្រាស់ចុងក្រោយប៉ុណ្ណោះទេដែលចូលចិត្តយើង ប៉ុន្តែអ្នកនាំចូលផលិតផលមធ្យម និង ក្រុមហ៊ុនដែលនាំចូលគ្រឿងបន្លាស់ពីចិន”។
របាយការណ៍ក៏បានបញ្ជាក់ផងដែរថា សេដ្ឋកិច្ចចិនបានខាតបង់ ៣៥ ពាន់លានដុល្លារនៅឆមាសទី ១ នៃឆ្នាំ ២០១៩ ដោយសារបញ្ហាសង្គ្រាមពាណិជ្ជកម្មដែលកំពុងកើតឡើង៕






