ដោយ Donald Lee
ហ្វីលីពីនៈ សេដ្ឋកិច្ចហ្វីលីពីនបានចាប់ផ្តើមងើបឡើងវិញ និងកំពុងឈេជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅអាស៊ី។
ទិន្នន័យដែលចេញដោយអាជ្ញាធរស្ថិតិហ្វីលីពីន (PSA) បានឱ្យដឹងថា សេដ្ឋកិច្ចបានកើនឡើង ៦.២ភាគរយ នៅក្នុងត្រីមាសទី៣ឆ្នាំនេះ ហើយទំនងជានឹងឈានដល់កំណើនចន្លោះពី៦ ទៅ៧ភាគរយសម្រាប់ឆ្នាំនេះ។
នេះមានន័យថា សេដ្ឋកិច្ចហ្វីលីពីន នឹងត្រូវកើនឡើងយ៉ាងហោចណាស់៦,៧ភាគរយនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ ដើម្បីឆ្លើយតបនឹងគោលដៅ៦,៧ និង៧ភាគរយសម្រាប់ឆ្នាំ២០១៩ ជាបញ្ហាប្រឈម ដែលប្រទេសនេះកំពុងយកចិត្តទុកដាក់។
រដ្ឋលេខាធិការផែនការសេដ្ឋកិច្ច សង្គម លោក Ernesto Pernia បានមានប្រសាសន៍ថា សេដ្ឋកិច្ចហ្វីលីពីន មើលទៅកំពុងឆ្ពោះទៅរកការធ្លាក់ចុះ ចាប់តាំងពីដើមឆ្នាំមក ប៉ុន្តែស្ថានភាពបានចាប់ផ្តើមប្រសើរជាងមុននៅត្រីមាសចុងក្រោយនេះ។
យោងតាមទិន្នន័យ ដែលបានចេញផ្សាយដោយធនាគារកណ្តាលហ្វីលីពីនបានឱ្យដឹងថា សេដ្ឋកិច្ចនៅទ្រឹងអត្រាកំណើននៅត្រីមាសទី២ ទាបបំផុតចាប់តាំងពីឆ្នាំ២០១៥ ។ អត្រាកំណើននៅក្នុងត្រីមាសទី២ មានចំនួន៥,៥ភាគរយ ដែលជាការធ្លាក់ចុះគួរឱ្យកត់សម្គាល់ពីការព្យាករណ៍ ដែលប៉ាន់ស្មានថាមានអត្រាជិត៦ភាគរយ។ ហើយការធ្លាក់ចុះគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងអត្រាកំណើន៦.២ភាគរយ រវាងខែមេសា និងមិថុនាឆ្នាំមុន។
អាជ្ញាធរហ្វីលីពីនបានឱ្យដឹងថា “ក្នុងចំណោមវិស័យសេដ្ឋកិច្ចសំខាន់ៗ សេវាកម្មបានបង្ហាញ ពីកំណើនលឿនបំផុតជាមួយ ៦,៩ ភាគរយ ឧស្សាហកម្មបានកើនឡើង៥,៦ ភាគរយ កសិកម្ម ការប្រមាញ់ ព្រៃឈើ និងនេសាទបានកើនឡើង ៣,១ ភាគរយ”។
អាជ្ញាធរហ្វីលីពីនបានបន្ថែមថា “ជាមួយនឹងចំនួនប្រជាជន ដែលបានព្យាករនៅក្នុងប្រទេសឈានដល់១០៨,៣ លាននាក់នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៩ ផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់បានកើនឡើង៤.៥ភាគរយ”។
ធនាគារកណ្តាលហ្វីលីពីន និងធនាគារកណ្តាលនៅទូទាំងទ្វីបអាស៊ី បានកាត់បន្ថយអត្រាការប្រាក់នៅឆ្នាំនេះ ដើម្បីជំរុញសេដ្ឋកិច្ចធ្លាក់ចុះរបស់ពួកគេ។
ឥណ្ឌូនេស៊ី ថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី នូវែលសេឡង់ និងឥណ្ឌា បានកាត់បន្ថយអត្រាការប្រាក់រួចហើយ ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្មជាមួយចិន។

តាមរយៈការទម្លាក់អត្រាការប្រាក់ ធនាគារកណ្តាលគ្រោងនឹងជំរុញ ធនាគារពាណិជ្ជកម្មនៅក្នុងប្រទេសរបស់ខ្លួនឱ្យផ្តល់ប្រាក់កម្ចីក្នុងអត្រាទាប និងជំរុញឱ្យខ្ចីកាន់តែច្រើន ដើម្បីបង្កើនចរាចរប្រាក់នៅក្នុងសេដ្ឋកិច្ច៕






