ដោយ ៖ វុត្ថា
ភ្នំពេញ៖ ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយនេះ រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ហិរញ្ញប្រមាណ ៥៦លានដុល្លារក្នុងមួយឆ្នាំដល់កម្ពុជា ដែលបានចូលរួមចំណែកធំធេងក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។

យោងតាមកិច្ចប្រជុំរវាងមន្ត្រីជាន់កម្ពុជា និងអូស្ត្រាលី កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ម្សិលមិញនេះ ក៏បានផ្តោតសំខាន់លើ ការផ្លាស់ប្តូរយោបល់ និងស្វែងយល់លើកាលានុវត្តភាពថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និង ការពិភាក្សាអំពីផែនការហិរញ្ញប្បទានសម្រាប់វិនិយោគនៅម្ពុជា (Aid Investment Plan) ឆ្នាំ ២០២០-២០២៤ ដែលនឹងអនុម័តនាពេលខាងមុខផងដែរ។
លោកស្រី Julie Heckscher មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី បានឱ្យដឹងថាកម្ពុជាគឺជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា។

ទន្ទឹមនឹងនេះ លោកស្រី បានបញ្ជាក់អំពីការបន្តគាំទ្រដល់ការអភិវឌ្ឍកម្ពុជា តាមរយៈផែនការហិរញ្ញប្បទានសម្រាប់វិនិយោគនៅកម្ពុជា ឆ្នាំ ២០២០-២០២៤ មានគោលដៅដូចជា ១) ជំរុញសេវាសាធារណៈប្រកបដោយនិរន្តភាព និងបរិយាប័ន្ន ២)កំណើនសេដ្ឋកិច្ចប្រកបដោយភាពរឹងមាំ និងបរិយាប័ន្ន ៣) ដំណើរការរៀបចំគោលនយោបាយសាធារណៈប្រកដោយប្រសិទ្ធិភាព និងតម្លាភាព។
លោក ឈៀង យ៉ាងណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលអូស្ត្រាលីដែលបានជួយអភិវឌ្ឍកម្ពុជាហើយបន្តគាំទ្រការអភិវឌ្ឍនៅកម្ពុជាលើវិស័យសំខាន់ៗនៅក្នុងប្រទេសកម្ពុជារួមមាន ៖ វិស័យហេដ្ឋារចនាសម្ព័ន្ធ វិស័យកសិកម្ម វិស័យអប់រំ និងសុខាភិបាល ព្រមទាំងវិស័យអភិបាលកិច្ច ។
បន្ថែមពីនេះ លោកបញ្ជាក់ថា ផែនការហិរញ្ញប្បទានសម្រាប់វិនិយោគនៅកម្ពុជាឆ្នាំ ២០២០-២០២៤ និងជួយកម្ពុជា ឱ្យសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០៕






