ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងលំហូរសាច់ប្រាក់វិនិយោគដែលមកពីបណ្តាប្រទេសនានានៅលើសាកលលោកមកកាន់កម្ពុជា សម្រាប់តែប្រទេសជប៉ុន ត្រឹមរយៈពេល៩ខែ ឆ្នាំ២០១៩កន្លងទៅនេះ មានទំហំទឹកប្រាក់ប្រមាណ ២៥០០លានដុល្លារសហរដ្ឋអាមេរិក ទៅលើចំនួន ១៤១ គម្រោង ។

ប្រទេសជប៉ុន បានក្លាយជាចំណែកមួយយ៉ាងសំខាន់នៅក្នុងការជួយជំរុញកិច្ចអភិវឌ្ឍនៅកម្ពុជា តាមរយៈការផ្តល់ជំនួយលើគ្រប់វិស័យ ការចាក់បញ្ចូលនូវទុនវិនិយោគយ៉ាងសន្ធឹកសន្ធាប់បន្ទាប់ពីប្រទេសចិន។ ជាក់ស្ដែងនៅត្រឹមរយៈពេល៩ខែ ឆ្នាំ២០១៩កន្លងទៅនេះ ទំហំវិនិយោគរបស់ជប៉ុននៅកម្ពុជា មានចំនួនរហូតដល់ប្រមាណ២៥០០លានដុល្លារសហរដ្ឋអាមេរិក ទៅលើគម្រោងចំនួន១៤១ ដែលក្នុងនោះមានចំនួន ៦៦គម្រោង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានទំហំទឹកប្រាក់ប្រមាណ ៣៤០លានដុល្លារសហរដ្ឋអាមេរិក។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានបង្ហាញពីក្ដីសាទរ និងមោទនចំពោះសមិទ្ធផលដែលទទួលបានពីភាគីជប៉ុន។ លោកឧកញ៉ាបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា “ជប៉ុន គាត់មានចក្ខុវិស័យច្បាស់លាស់ និងវែងឆ្ងាយណាស់”។ លោកឧកញ៉ាបានបន្តទៀតថា “ក្រោមការសម្លឹងឃើញពីសក្ដានុពលក្នុងការវិនិយោគ ជប៉ុនបានបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតំបន់ជាយក្រុងភ្នំពេញ (នៅកំបូល) ហើយអាចនឹងឈានទៅតំបន់ផ្សេងទៀតដូចជាក្រុងព្រះសីហនុ ខណៈដែលនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុង បានចូលរួមចំណែករួចទៅហើយ”។
លោកឧកញ៉ាបានបន្តទៀតថា “ភាគច្រើនការវិនិយោគរបស់ជប៉ុននៅកម្ពុជាដែលមានភាពឈានមុខ រួមមានដូចជាការបង្កើតរោងចក្រផលិតគ្រឿងបង្គុំយានយន្ត រោងចក្រផលិតគ្រឿងអគ្គិសនី រោងចក្រគ្រឿងអេឡិចត្រូនិច និងរោងចក្រផលិតគ្រឿងបរិក្ខាផ្សេងៗទៀត”។ លោកឧកញ៉ាបានបញ្ជាក់ថា “វត្តមាននៃការវិនិយោគនៅកម្ពុជារបស់ជប៉ុន គឺពិតជារឿងសំខាន់ ដែលក្រៅពីចាក់បញ្ចូលចំណូលដល់សេដ្ឋកិច្ចជាតិ ថែមទាំងជួយធ្វើពិពិធកម្មលើផ្នែកធនធានមនុស្សផងដែរដោយសារតែស្ទើរគ្រប់ក្រុមហ៊ុនវិនិយោគរបស់ជប៉ុន តែងជួយបណ្តុះបណ្តាញចំណេះដឹង និងជំនាញដល់បុគ្គលិកជាជនជាតិខ្មែរមុនពេលឱ្យចូលបម្រើការងារ”។
នៅក្នុងកិច្ចគាំទ្រ និងជំរុញលើកទឹកចិត្តដល់ការវិនិយោគរបស់ជប៉ុន រដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានពិភាក្សាទីលើ៥ចំណុចពាក់ព័ន្ធទៅនឹងបរិយាកាសវិនិយោគរបស់ជប៉ុននៅកម្ពុជា ដែលក្នុងនោះរួមមានដូចជា តម្លៃនៃការផ្គត់ផ្គង់អគ្គិសនី, ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ, ប្រាក់រំដោះពន្ធលើប្រាក់ចំណូល និងពន្ធអប្បរមា, សេវាឡូជីស្ទីក និងការបញ្ចេញទំនិញពីគយ, អាករពិសេសលើទំនិញ និងសេវាមួយចំនួនទៀត ៕






