ក្រសួងទេសចរណ៍​ត្រៀម​រៀបចំ​ព្រឹត្តិ​កា​រណ៍​ធំៗ​ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​

0
ក្រសួងទេសចរណ៍​ត្រៀម​រៀបចំ​ព្រឹត្តិ​កា​រណ៍​ធំៗ​ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​
ក្រសួងទេសចរណ៍​ត្រៀម​រៀបចំ​ព្រឹត្តិ​កា​រណ៍​ធំៗ​ដើម្បី​ជំរុញ​កំណើន​ទេសចរណ៍​

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ បាន​បង្ហើប​ប្រាប់​ពី​គម្រោង​ នៃ​ការរៀបចំ​បង្កើត​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ធំ​ជាច្រើន​ នៅ​តាម​បណ្តា​ខេត្ត​គោលដៅ​ទេសចរណ៍​នានា​ ទូទាំង​ប្រទេស​ ដើម្បី​ធ្វើ​យ៉ាងណា​អាច​បង្កើន​ភាព​ទាក់ទាញ​ និង​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ឱ្យ​បាន​កាន់តែ​ច្រើន​នៅ​ឆ្នាំ​បន្ទាប់​នេះ​។

​មានប្រសាសន៍​នៅក្នុង​កិច្ច​សម្ភាសន៍​ ជាមួយ​បណ្តា​អ្នកសារព័ត៌មាន​ជាតិ​កាលពី​ថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩កន្លងមក​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ថោង​ ខុន​ បាន​បង្ហើប​ប្រាប់​ថា​ “រាជរដ្ឋាភិបាល​បាន​តម្រូវ​ឱ្យ​អាជ្ញាធរ​ខេ​ត្ត​ទំាង​អស់​ ពង្រឹង​ការគ្រប់គ្រង​រមណីយដ្ឋាន​ គ្រប់គ្រង​សហគមន៍​ទេសចរណ៍​ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ គ្មាន​សំរាម​ សេវាកម្ម​ល្អ​ ប្រកបដោយ​គុណភាព​ និង​មាន​ភាព​បៃតង​ ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចង​មក​ម្តង​ហើយ​ចង​មក​ម្តង​ទៀត​”។

បន្ទាប់ពី​បញ្ចប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្តែត​ ប្រទីប​ និង​សំពះព្រះខែ​ អកអំបុក​ នេះ​ទៅ​ អាជ្ញាធរ​ខេត្ត​មួយចំនួន​បាន​ត្រៀម​រៀបចំ​ បង្កើត​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ទេស​ចរ​ណ៍​ធំៗ​ជាច្រើន​ ដូចជា​ ព្រឹត្តិ​ការណ៍​រត់ប្រណាំង​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ នៅ​ខេត្តសៀមរាប​ ការរៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​ ការ​ប្រណាំង​កង់​អន្តរជាតិ​ ការរត់ប្រណាំង១២៦គីឡូម៉ែត្រ​ ព្រមទាំង​មានបុណ្យ​ទន្លេ​នៅ​ខេត្តបាត់ដំបង​ និង​ព្រឹត្តិ​កា​រណ៍​ផ្សេង​ៗជាច្រើន​ទៀត​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា​ យើង​មាន​ព្រឹត្តិ​កា​រណ៍​ធំៗ​ជាច្រើន​ ឆ្នាំនេះ​ចុងឆ្នាំ២០១៩​ ដោយ​នៅ​ខែធ្នូ​មាន​ព្រឹត្តិ​ការណ៍​រត់ប្រណាំង​ ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​ នៅ​សៀមរាប​ ចុះឈ្មោះ​ជាង១ម៉ឺន​នាក់​ហើយ​ថ្ងៃ៨ខែធ្នូ​។ ថ្ងៃទី៥​ ទី៦ធ្នូ​ នឹង​មានការ​ប្រណាំង​កង់​អន្តរជាតិ​ ដែល​មក​ជាច្រើន​ប្រទេស​ នៅ​តាម​តំបន់ឆ្នេរ​សមុទ្រ​។ ចាប់ពី​ថ្ងៃទី២០ដល់២២ធ្នូ​ នឹង​មានការ​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្តកំពត​។

ចាប់ពី​ថ្ងៃ២០​ ខែមករា​ ឆ្នាំ២០២០​ មានការ​រត់ប្រណាំង១២៦​ គីឡូម៉ែត្រ​ ដែល​មក​ពីគ្រប់ទិស​ទី​ក្នុង​ពិភពលោក​ និង​ខែមីនា​ ឆ្នាំ២០២០​ បាន​យើង​មានបុណ្យ​ទន្លេ​ នៅ​ខេត្តបាត់ដំបង​ និង​ព្រឹត្តិ​កា​រណ៍​ផ្សេង​ៗជាច្រើន​ទៀត​”។

គោលដៅ​នៃ​ការរៀបចំ​ព្រឹត្ត​ការណ៍​ ទេស​ចរ​ណ៍​ធំៗ​នៅ​កម្ពុជា​នេះ​ គឺ​ដើម្បី​ឆ្ពោះទៅ​រក​ព្រឹត្តិ​ការណ៍​កីឡា​ស៊ី​ហ្គេម​ឆ្នាំ២០២៣​ ធ្វើ​យ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ ហាត់​កីឡា​ មួយ​មុខ​ ហើយ​ទន្ទឹម​នេះ​ គឺ​ការចូលរួម​សំអាត​ប្រទេស​កម្ពុជា​ឱ្យ​បាន​ស្អាត​ កាត់បន្ថយ​ឱ្យ​បាន​នូវ​អតិបរមា​នៃ​ការប្រើ​ប្រាស់​គ្រឿងញៀន​ និង​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ ដើម្បី​ឱ្យ​កម្ពុជា​កាន់តែ​ស្អាត​ និង​មាន​បដិសណ្ឋារ​កិច្ច​ល្អ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here