ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហើបប្រាប់ពីគម្រោង នៃការរៀបចំបង្កើតឱ្យមានព្រឹត្តិការណ៍ធំជាច្រើន នៅតាមបណ្តាខេត្តគោលដៅទេសចរណ៍នានា ទូទាំងប្រទេស ដើម្បីធ្វើយ៉ាងណាអាចបង្កើនភាពទាក់ទាញ និងជំរុញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យបានកាន់តែច្រើននៅឆ្នាំបន្ទាប់នេះ។
មានប្រសាសន៍នៅក្នុងកិច្ចសម្ភាសន៍ ជាមួយបណ្តាអ្នកសារព័ត៌មានជាតិកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងមក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកថោង ខុន បានបង្ហើបប្រាប់ថា “រាជរដ្ឋាភិបាលបានតម្រូវឱ្យអាជ្ញាធរខេត្តទំាងអស់ ពង្រឹងការគ្រប់គ្រងរមណីយដ្ឋាន គ្រប់គ្រងសហគមន៍ទេសចរណ៍ នៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ គ្មានសំរាម សេវាកម្មល្អ ប្រកបដោយគុណភាព និងមានភាពបៃតង ដែលអាចទាក់ទាញភ្ញៀវទេសចរចងមកម្តងហើយចងមកម្តងទៀត”។
បន្ទាប់ពីបញ្ចប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែត ប្រទីប និងសំពះព្រះខែ អកអំបុក នេះទៅ អាជ្ញាធរខេត្តមួយចំនួនបានត្រៀមរៀបចំ បង្កើតឱ្យមានព្រឹត្តិការណ៍ទេសចរណ៍ធំៗជាច្រើន ដូចជា ព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង នៅខេត្តសៀមរាប ការរៀបចំបុណ្យសមុទ្រនៅខេត្តកំពត ការប្រណាំងកង់អន្តរជាតិ ការរត់ប្រណាំង១២៦គីឡូម៉ែត្រ ព្រមទាំងមានបុណ្យទន្លេនៅខេត្តបាត់ដំបង និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀតដើម្បីទាក់ទាញភ្ញៀវទេសចរ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបញ្ជាក់ថា យើងមានព្រឹត្តិការណ៍ធំៗជាច្រើន ឆ្នាំនេះចុងឆ្នាំ២០១៩ ដោយនៅខែធ្នូមានព្រឹត្តិការណ៍រត់ប្រណាំង ពាក់កណ្ដាលម៉ារ៉ាតុង នៅសៀមរាប ចុះឈ្មោះជាង១ម៉ឺននាក់ហើយថ្ងៃ៨ខែធ្នូ។ ថ្ងៃទី៥ ទី៦ធ្នូ នឹងមានការប្រណាំងកង់អន្តរជាតិ ដែលមកជាច្រើនប្រទេស នៅតាមតំបន់ឆ្នេរសមុទ្រ។ ចាប់ពីថ្ងៃទី២០ដល់២២ធ្នូ នឹងមានការរៀបចំបុណ្យសមុទ្រនៅខេត្តកំពត។
ចាប់ពីថ្ងៃ២០ ខែមករា ឆ្នាំ២០២០ មានការរត់ប្រណាំង១២៦ គីឡូម៉ែត្រ ដែលមកពីគ្រប់ទិសទីក្នុងពិភពលោក និងខែមីនា ឆ្នាំ២០២០ បានយើងមានបុណ្យទន្លេ នៅខេត្តបាត់ដំបង និងព្រឹត្តិការណ៍ផ្សេងៗជាច្រើនទៀត”។
គោលដៅនៃការរៀបចំព្រឹត្តការណ៍ ទេសចរណ៍ធំៗនៅកម្ពុជានេះ គឺដើម្បីឆ្ពោះទៅរកព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ ហាត់កីឡា មួយមុខ ហើយទន្ទឹមនេះ គឺការចូលរួមសំអាតប្រទេសកម្ពុជាឱ្យបានស្អាត កាត់បន្ថយឱ្យបាននូវអតិបរមានៃការប្រើប្រាស់គ្រឿងញៀន និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឱ្យកម្ពុជាកាន់តែស្អាត និងមានបដិសណ្ឋារកិច្ចល្អ៕