រដ្ឋាភិបាល​កំណត់​យក​ខេត្ត​បាត់​ដំ​បង​ប្រា​រព្វ​ពិធីបុណ្យ​ទន្លេ​នៅ​ឆ្នាំ២០២០ខាងមុខនេះ​

0

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​សម្រេច​ធ្វើបុណ្យ​ទន្លេ​ជា​រៀងរាល់​ឆ្នាំ​ ដោយធ្វើ​ការ​ផ្លាស់​ប្តូរ​ខេត្ត​ ដែល​ជាប់​តាម​ដង​ទន្លេ​ផ្សេង​ៗគ្នា​ ក៏ដូចជា​បឹងទន្លេសាប​ ដើម្បី​បង្ហាញ​ពី​សក្តា​នុ​ពល​ទេសចរណ៍​នៅ​តាម​តំបន់​ទន្លេ​នៃ​ប្រទេស​កម្ពុជា​ ដោយ​ឆ្នាំ២០២០ ខាងមុខនេះ​ ពិធីបុណ្យ​ទន្លេ​លើក​ទី៦​ នឹង​ត្រូវ​ប្រា​ព្វ​នៅក្នុង​ខេត្តបាត់ដំបង​ ក្នុង​អំឡុង​ខែ​មី​នា​ឆាប់​ៗខាងមុខនេះ​។

រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​បណ្ឌិត​ថោង​ ខុន​ បាន​មានប្រសាសន៍​នៅក្នុង​ឱកាស​បញ្ចប់​ពិធី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​កាលពី​រសៀល​ថ្ងៃទី១២​ ខែវិច្ឆិកា​ ឆ្នាំ២០១៩ម្សិលមិញ​នេះ​ថា​ “កា​រប្រារ​ព្វ​ពិធីបុណ្យ​ទន្លេ​ ដើម្បី​បង្ហាញ​ពី​សក្ដានុពល​នៃ​តំបន់​ជាប់​ដងទន្លេ​ និង​ទន្លេសាប​ យើង​ធ្លាប់​មានបទពិសោធន៍​ចំនួន៥លើក​រួចមក​ហើយ​ ដោយឡែក​សម្រាប់​លើក​ទី៦ឆ្នាំក្រោយ​នេះ​ នឹង​ត្រូវ​រៀបចំ​នៅក្នុង​ខេត្តបាត់ដំបង​ នៅក្នុង​អំឡុង​ខែមីនា​ ប៉ុន្តែ​នៅ​មិនទាន់​កំណត់​ថ្ងៃ​នៅឡើយ​ទេ​”។

កា​រប្រារ​ព្វ​ពិធីបុណ្យ​ទន្លេ​លើក​ទី៥​ ឆ្នាំ២០១៩កន្លងទៅ​ ត្រូវ​បាន​ធ្វើឡើង​នៅ​ខេត្ត​កំពង់ឆ្នាំង​រយៈពេល៣ថ្ងៃ​ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ខណៈ​ដែល​បុណ្យ​ទន្លេ​លើក​ទី៤​ ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ក្រុង​តាខ្មៅ​ ខេត្តកណ្តាល​ ក្រោម​ការចូលរួម​ពី​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ប្រមាណ​ជាង១លាន​នាក់​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​ លោក​ ងួន​ រតនៈ​ បាន​មានប្រសាសន៍​ប្រាប់​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ ថ្វីត្បិត​រដ្ឋបាល​ខេត្ត​បាត់​ដំ​បង់​មិនធ្លាប់​មានបទពិសោធន៍​ ក្នុង​ការរៀបចំ​ព្រឹត្តិ​ការណ៍​ទេសចរណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​ ដូច​ខេត្ត​ ក្រុង​ដទៃទៀត​ ប៉ុន្តែ​ផ្អែក​តាម​បទពិសោធន៍​ក្នុង​ការរៀបចំ​ និង​ដឹកនាំ​ដោយ​ក្រសួងទេសចរណ៍​ ព្រឹត្តិ​ការណ៍​បុណ្យ​ទន្លេ​ប្រចាំឆ្នាំ២០២០ក្នុង​ខេត្តបាត់ដំបង​ ប្រាកដជា​មានដំណើរ​ការ​ល្អ​ប្រកបដោយ​ភាព​រលូន​។

លោក​បន្ត​ទៀត​ថា​ “ក្រសួងទេសចរណ៍​ទទួល​បាន​បទពិសោធន៍​ ជោគជ័យ​ច្រើន​ពី​ការរៀបចំ​បុណ្យ​ទន្លេ​ចំនួន៥លើក​រួចមក​ហើយ​ ដូចជា​ការ​ពង្រឹង​សន្តិសុខ​ល្អ​ ការរៀបចំ​ព្រឹត្តិ​ការណ៍​កីឡា​លើទឹក​ ការ​តាំងពិព័រណ៍​ផលិតផល​ខ្មែរ​ និង​ការ​ថែរក្សា​បរិស្ថាន​ជាដើម​ ដូច្នេះ​តាមរយៈ​ការណែនាំ​ ពីសំណាក់​មន្ត្រី​ជំនាញ​កម្រិត​ថ្នាក់​ជាតិ​ យើង​នឹង​យក​បទ​ពិសោធ​ន៍​ល្អ​ៗទាំងអស់​នោះ​មក​អនុវត្តន៍​ នៅក្នុង​ពិធីបុណ្យ​ទន្លេ​នៅក្នុង​ខេត្តបាត់ដំបង​ នៅ​ឆ្នាំ២០២០​ ខាងមុខ​ឱ្យ​កាន់តែ​ទទួល​បាន​ជោគជ័យ​ថែមទៀត​”។

លោក​ ងួន​ រតនៈ​ បាន​បន្ត​ឱ្យ​ដឹង​ថា​ ខេត្តបាត់ដំបង​ មាន​សក្ដានុពល​ជាច្រើន​ ដែល​ក្រៅពី​វិស័យ​កសិកម្ម​ ដែល​បាន​ដើរតួ​ឈានមុខ​គេ​ នៅ​មាន​វិស័យ​ទេសចរណ៍​ដែល​សម្បូរ​ទៅដល់​តំបន់​ទេសចរណ៍​វប្បធម៌​ ធម្មជាតិ​ រួម​ជាមួយនឹង​វិស័យ​ឧស្សាហកម្ម​ផង​ដែរ​ ដែល​ជំរុញ​ឱ្យ​កំណើន​សេដ្ឋកិច្ច​នៅក្នុង​តំបន់​មាន​ភាពល្អ​ប្រសើរ​ ផ្តល់​ចំណូល​ប្រចាំឆ្នាំ​ដល់​ប្រជាពលរដ្ឋ​ម្នាក់​ប្រមាណ១៥០០ដុល្លារ​ ក្នុង​មួយឆ្នាំ​ ក្នុងចំណោម​ប្រជាជន​សរុប​ចំនួន​ជាង១លាន​នាក់​នៅ​ទូទាំង​ខេត្ត​។

ផ្តល់​កិត្តិយស​ចូលរួម​បើក​ពិធីបុណ្យ​ទន្លេ​លើក​ទី៥​ នៅ​ខេត្ត​កំពង់ឆ្នាំង​ កាលពី​ថ្ងៃទី២១​ ខែមីនា​ ឆ្នាំ២០១៩​ កន្លងទៅ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ បាន​ចាត់ទុកថា​ ការរៀបចំ​ពិធីបុណ្យ​ទន្លេ​ មិន​ត្រឹមតែ​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ប៉ុណ្ណោះទេ​ តែ​ក៏បាន​ជួយ​ផ្សព្វផ្សាយ​ផលិតផល​ កសិផល​ និង​វប្បធម៌​របស់​ខ្មែរ​ផង​ដែរ​។

​សម្តេច​តេជោ​ ហ៊ុន​ សែន​ ក៏បាន​ផ្តល់​អនុសាសន៍​ឱ្យ​ក្រសួងទេសចរណ៍​ និង​ថ្នាក់ដឹកនាំ​ខេត្ត​និ​មួយ​ៗនៅ​ជុំវិញ​បឹងទន្លេសាប​ រៀបចំ​បុណ្យ​ទន្លេ​ឱ្យ​បាន​ជាប់​ជាប្រចាំ​ តាមរយៈ​ការ​វិល​ជុំ​នៃ​ការរៀបចំ​កម្មវិធី​នេះ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here