ដោយៈ រ៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលសម្រេចធ្វើបុណ្យទន្លេជារៀងរាល់ឆ្នាំ ដោយធ្វើការផ្លាស់ប្តូរខេត្ត ដែលជាប់តាមដងទន្លេផ្សេងៗគ្នា ក៏ដូចជាបឹងទន្លេសាប ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍នៅតាមតំបន់ទន្លេនៃប្រទេសកម្ពុជា ដោយឆ្នាំ២០២០ ខាងមុខនេះ ពិធីបុណ្យទន្លេលើកទី៦ នឹងត្រូវប្រាព្វនៅក្នុងខេត្តបាត់ដំបង ក្នុងអំឡុងខែមីនាឆាប់ៗខាងមុខនេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកបណ្ឌិតថោង ខុន បានមានប្រសាសន៍នៅក្នុងឱកាសបញ្ចប់ពិធីព្រះរាជពិធីបុណ្យអុំទូកកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ម្សិលមិញនេះថា “ការប្រារព្វពិធីបុណ្យទន្លេ ដើម្បីបង្ហាញពីសក្ដានុពលនៃតំបន់ជាប់ដងទន្លេ និងទន្លេសាប យើងធ្លាប់មានបទពិសោធន៍ចំនួន៥លើករួចមកហើយ ដោយឡែកសម្រាប់លើកទី៦ឆ្នាំក្រោយនេះ នឹងត្រូវរៀបចំនៅក្នុងខេត្តបាត់ដំបង នៅក្នុងអំឡុងខែមីនា ប៉ុន្តែនៅមិនទាន់កំណត់ថ្ងៃនៅឡើយទេ”។
ការប្រារព្វពិធីបុណ្យទន្លេលើកទី៥ ឆ្នាំ២០១៩កន្លងទៅ ត្រូវបានធ្វើឡើងនៅខេត្តកំពង់ឆ្នាំងរយៈពេល៣ថ្ងៃ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលបុណ្យទន្លេលើកទី៤ ត្រូវបានធ្វើឡើងនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ក្រោមការចូលរួមពីភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង១លាននាក់។
អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានមានប្រសាសន៍ប្រាប់ទូរស័ព្ទកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ថ្វីត្បិតរដ្ឋបាលខេត្តបាត់ដំបង់មិនធ្លាប់មានបទពិសោធន៍ ក្នុងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំប្រចាំឆ្នាំ ដូចខេត្ត ក្រុងដទៃទៀត ប៉ុន្តែផ្អែកតាមបទពិសោធន៍ក្នុងការរៀបចំ និងដឹកនាំដោយក្រសួងទេសចរណ៍ ព្រឹត្តិការណ៍បុណ្យទន្លេប្រចាំឆ្នាំ២០២០ក្នុងខេត្តបាត់ដំបង ប្រាកដជាមានដំណើរការល្អប្រកបដោយភាពរលូន។
លោកបន្តទៀតថា “ក្រសួងទេសចរណ៍ទទួលបានបទពិសោធន៍ ជោគជ័យច្រើនពីការរៀបចំបុណ្យទន្លេចំនួន៥លើករួចមកហើយ ដូចជាការពង្រឹងសន្តិសុខល្អ ការរៀបចំព្រឹត្តិការណ៍កីឡាលើទឹក ការតាំងពិព័រណ៍ផលិតផលខ្មែរ និងការថែរក្សាបរិស្ថានជាដើម ដូច្នេះតាមរយៈការណែនាំ ពីសំណាក់មន្ត្រីជំនាញកម្រិតថ្នាក់ជាតិ យើងនឹងយកបទពិសោធន៍ល្អៗទាំងអស់នោះមកអនុវត្តន៍ នៅក្នុងពិធីបុណ្យទន្លេនៅក្នុងខេត្តបាត់ដំបង នៅឆ្នាំ២០២០ ខាងមុខឱ្យកាន់តែទទួលបានជោគជ័យថែមទៀត”។
លោក ងួន រតនៈ បានបន្តឱ្យដឹងថា ខេត្តបាត់ដំបង មានសក្ដានុពលជាច្រើន ដែលក្រៅពីវិស័យកសិកម្ម ដែលបានដើរតួឈានមុខគេ នៅមានវិស័យទេសចរណ៍ដែលសម្បូរទៅដល់តំបន់ទេសចរណ៍វប្បធម៌ ធម្មជាតិ រួមជាមួយនឹងវិស័យឧស្សាហកម្មផងដែរ ដែលជំរុញឱ្យកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់មានភាពល្អប្រសើរ ផ្តល់ចំណូលប្រចាំឆ្នាំដល់ប្រជាពលរដ្ឋម្នាក់ប្រមាណ១៥០០ដុល្លារ ក្នុងមួយឆ្នាំ ក្នុងចំណោមប្រជាជនសរុបចំនួនជាង១លាននាក់នៅទូទាំងខេត្ត។
ផ្តល់កិត្តិយសចូលរួមបើកពិធីបុណ្យទន្លេលើកទី៥ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកថា ការរៀបចំពិធីបុណ្យទន្លេ មិនត្រឹមតែជួយទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ តែក៏បានជួយផ្សព្វផ្សាយផលិតផល កសិផល និងវប្បធម៌របស់ខ្មែរផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ឱ្យក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំខេត្តនិមួយៗនៅជុំវិញបឹងទន្លេសាប រៀបចំបុណ្យទន្លេឱ្យបានជាប់ជាប្រចាំ តាមរយៈការវិលជុំនៃការរៀបចំកម្មវិធីនេះផងដែរ៕