ដោយ Donald Lee
សហរដ្ឋអាមេរិកៈ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅក្នុងសុន្ទរកថាមួយ នៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារថា គោលនយោបាយពាណិជ្ជកម្មអឺរ៉ុបប្រឆាំងនឹងអាមេរិកគឺអាក្រក់ជាងចិន។
ប្រធានាធិបតីអាមេរិក Donald Trump នឹងសម្រេចចិត្តថា តើត្រូវដាក់ពន្ធលើគ្រឿងបន្លាស់រថយន្ត និងគ្រឿងបន្លាស់ផ្សេងៗរបស់អឺរ៉ុប នៅថ្ងៃពុធនេះដែរឬទេ ខណៈលោកបង្កើនវោហារសាស្ត្រ ដែលប្រឆាំងនឹងគោលនយោបាយពាណិជ្ជកម្មរបស់អឺរ៉ុប។
លោក Trump បានថ្លែងនៅទីក្រុងញូវយ៉កកាលពីថ្ងៃអង្គារថា “ប្រទេសជាច្រើនគិតថ្លៃពន្ធខ្ពស់ហួសហេតុ ឬបង្កើតរបាំងពាណិជ្ជកម្មដែលមិនអាចទៅរួច ហើយខ្ញុំនឹងនិយាយដោយស្មោះត្រង់ គឺអឺរ៉ុបមានការលំបាកខ្លាំងណាស់។ ឧបសគ្គដែលពួកគេមានគឺគួរឱ្យខ្លាចក្នុងវិធីជាច្រើនដែលអាក្រក់ជាងចិន”។
លោក Trump មានពេលរហូតដល់ចុងបញ្ចប់នៃថ្ងៃពុធ ដើម្បីអនុម័តពន្ធគយដែលអឺរ៉ុបអះអាងថា មិនមានសុពលភាពទេ។ រដ្ឋាភិបាលអាមេរិកបានបញ្ជាក់ថា ពន្ធគយចាំបាច់ត្រូវបានធ្វើឡើង ដើម្បីការពារដល់ការស្រាវជ្រាវ និងការអភិវឌ្ឍនៅក្នុងវិស័យផលិតកម្មអាមេរិកដើម្បីជាប្រយោជន៍ដល់សន្តិសុខជាតិ។
សេតវិមានបានថ្លែង នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីខែ ឧសភា នៅពេលដែលពន្ធអឺរ៉ុបត្រូវបានព្យូរថា “ឧត្តមភាពផ្នែកការពារ និងយោធាអាមេរិកពឹងផ្អែកលើការប្រកួតប្រជែងនៃឧស្សាហកម្មរថយន្តរបស់យើង និងការស្រាវជ្រាវ និងការអភិវឌ្ឍដែលឧស្សាហកម្មបង្កើត”។
លោក Cecilia Malmstrom ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប បានបដិសេធយ៉ាងដាច់អហង្កាចំពោះការសន្និដ្ឋានអាមេរិកថា ពន្ធគយគឺចាំបាច់ ដើម្បីការពារសន្តិសុខជាតិអាមេរិក និងចាត់ទុកថាខុសច្បាប់។
លោក Cecilia Malmstrom បានឱ្យដឹងថា “យើងបដិសេធរាល់ការយល់ឃើញថា ការនាំចេញរថយន្តរបស់យើង គឺជាការគំរាមកំហែងដល់សន្តិសុខជាតិ។ សហគមន៍អឺរ៉ុបបានត្រៀមចរចាចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម មានកំណត់រួមទាំងរថយន្ត ប៉ុន្តែមិនមែនពាណិជ្ជកម្មគ្រប់គ្រងដោយខុសច្បាប់ របស់អង្គការពាណិជ្ជកម្មពិភពលោកទេ។
ពន្ធគយនឹងបង្កបញ្ហា ដល់វិស័យផលិតកម្មរបស់សហភាពអឺរ៉ុប ដែលធ្វើឱ្យអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេ នៅអឺរ៉ុបធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច។
ធនាគារកណ្តាល Bundesbank បានឱ្យដឹងថា សេដ្ឋកិច្ចអាល្លឺម៉ង់ បានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច នៅក្នុងខែកញ្ញា ដោយសារតែការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងវិស័យផលិតកម្មរថយន្ត។
របាយការណ៍ធនាគារ Bundesbank បានបញ្ជាក់ថា “សូចនាករបច្ចុប្បន្នផ្តល់នូវសញ្ញាតិចតួចនៃការងើបឡើងវិញ ប្រកបដោយនិរន្តរភាពក្នុងការនាំចេញ និងស្ថេរភាពឧស្សាហកម្ម”។ ធនាគារកណ្តាលបានឱ្យដឹងថា វិស័យផលិតកម្មរថយន្តដ៏សំខាន់ របស់អាឡឺម៉ង់ បានធ្លាក់ចុះចាប់តាំងពីដើមឆ្នាំនេះ ដោយសារកង្វះខាតតម្រូវការនៅបរទេស។
ប្រសិនបើពន្ធរថយន្តនៅអឺរ៉ុបត្រូវបានអនុម័ត វានឹងបន្ថែមលើពន្ធគយផ្សេងទៀតដែលលោក Trump បានដាក់លើទំនិញអឺរ៉ុបដែលមានតម្លៃ៧,៥ ពាន់លានដុល្លារកាលពីខែមុន។
បញ្ជីពន្ធរបស់អាមេរិក រួមមាន ពន្ធ២៥ភាគរយ លើស្រាវីស្គីអៀរឡង់ និង scotch ឧបករណ៍ និងគ្រឿងម៉ាស៊ីនអាឡឺម៉ង់ និងអេស៉្បាញ។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ អាមេរិកនឹងដាក់ពន្ធ១០ភាគរយលើយន្តហោះ ដែលផលិតនៅប្រទេសបារាំង អាល្លឺម៉ង់ អេស្ប៉ាញ ឬអង់គ្លេស៕






