ដោយៈ រ៉ាណេត
ព្រះសីហនុៈ នៅត្រឹមព្រឹកថ្ងៃស្អែកទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុនក៏ដូចជាហាងល្បីៗចំនួន៣ នឹងចាប់បើកដំណើរការសាកល្បងរបស់ខ្លួន ជាលើកដំបូងនៅក្នុងផ្សារទំនើប FURI Times Square លើទឹកដីក្រុងព្រះសីហនុហើយ ដែលហាងធំៗ និងល្បីឈ្មោះទាំងនេះ រួមមានដូចជា ហាងលក់សម្លៀកបំពាក់ម៉ាកល្បី Levi’s ក្រុមហ៊ុនភេសជ្ជៈតែទឹកដោះគោ KOI រួមជាមួយនឹងក្រុមហ៊ុន សេវាផ្នែកចំណីអាហារដ៏ល្បីឈ្មោះមកពីប្រទេសសិង្ហបុរី Bee Chheng Hiang។

-->
កញ្ញា លីម សុខាដាវីន នាយិកាគ្រប់គ្រងផ្នែកទីផ្សារ និងការលក់ផ្សារទំនើប FURI Times Square បានប្រាប់ឱ្យដឹងថា នៅត្រឹមថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ចុងសប្ដាហ៍នេះ ក្រុមហ៊ុនដែលជាដៃគូលក់នៅក្នុងផ្សារទំនើបមួយនេះ នឹងចាប់ផ្តើមបើកដំណើរការលក់សាកល្បងជាលើកដំបូងរបស់ខ្លួន ដើម្បីទទួលបានបទពិសោធន៍ថ្មី លើទឹកដីក្រុងព្រះសីហនុ ជាពិសេសដើម្បីបំពេញបន្ថែម នូវតម្រូវការរបស់អតិថិជន ក្នុងខេត្តមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនេះ។
កញ្ញាបានបញ្ជាក់ថា “ជាមួយនឹងកិច្ចដំណើរការបើកសាកល្បង លើការលក់របស់ក្រុមហ៊ុនល្បីៗខាងលើនេះ រួមមានដូចជា ក្រុមហ៊ុនលក់សម្លៀកបំពាក់ម៉ាកល្បីលំដាប់អន្តរជាតិ Levi’s ក្រុមហ៊ុន ភេសជ្ជៈតែទឹកដោះគោដែលកំពុងមានប្រជាប្រិយភាព KOI រួមជាមួយនឹងក្រុមហ៊ុន បម្រើសេវាផ្នែកចំណីអាហារដ៏ល្បីឈ្មោះមកពីប្រទេស សិង្ហបុរី Bee Chheng Hiang ខណៈដែលក្រុមហ៊ុនកាហ្វេលំដាប់ពិភពលោក Starbucks នឹងបើកដំណើរការនៅត្រឹមថ្ងៃទី២២ ក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ”។
កញ្ញាបានបន្តទៀតថា “ការកំណត់កាលបរិច្ឆេទខាងលើនេះ គឺគ្រាន់តែជាការចាប់ផ្តើមដំណើរសាកល្បងរបស់ក្រុមហ៊ុនផ្គត់ផ្គង់តែប៉ុណ្ណោះ ហើយក្រុមហ៊ុនដែលជាដៃគូសហការលក់ដទៃទៀត ក៏កំពុងតែរៀបចំខ្លួនត្រៀមចូលមកដំណើរការ ក្នុងពេលដ៏ខ្លី ខណៈដែលពិធីបើកដំណើរការផ្សារទំនើប FURI Times Square ជាដំណាក់កាលដំបូងនឹងត្រូវធ្វើឡើងនៅត្រឹមអំឡុងខែធ្នូ ចុងឆ្នាំ២០១៩ឆាប់ៗខាងមុខនេះ”។
ផ្សារទំនើប FURI Times Square មានទីកន្លែងលក់រាយ និងកន្លែងកម្សាន្តចំនួន ៦,០០០ម៉ែត្រការ៉េ ត្រូវបានជ្រើសរើស នៅក្នុងប្រភេទរចនាស្ថាបត្យកម្មល្អបំផុតនៅក្នុងពិធីពានរង្វាន់អចលនទ្រព្យកម្ពុជា។ ផ្សារទំនើបមួយនេះមានកម្ពស់៥ជាន់នេះ ស្ថិតនៅលើផ្លូវឯករាជ្យ សង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ៕







