ដោយ ប៊ី
ភ្នំពេញៈ ទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (Jetro) បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ការនាំចេញកម្ពុជាទៅកាន់ជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ១,២ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ ២០១៩ កើនឡើងជាង ៨ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទិន្នន័យ Jetro បានឱ្យដឹងថា កម្ពុជាបាននាំចេញគិតជាទឹកប្រាក់ជាង១,២ ពាន់លានដុល្លារ គិតចាប់ពីខែមករាដល់ខែកញ្ញា ក្នុងឆ្នាំនេះ កើនឡើង៨,៤ ភាគរយ។ ការនាំចូលរបស់កម្ពុជាមកវិញ មានតម្លៃជាង ៣៩៨លានដុល្លារ កើនឡើង ៣៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួពាណិជ្ជកម្ម ក្នុងជំនួបពិភាក្សាការងារជាមួយលោក ARAI Hiroyuki ទីប្រឹក្សាពិសេសនៃគណៈរដ្ឋមន្ត្រីជប៉ុនកាលពីខែមុន បានបញ្ជាក់ថា កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ មានសន្ទុះយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយមានទំហំទឹកប្រាក់ប្រមាណ១៥៨៨លានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៨។
លោកបន្តថា ក្រសួងពាណិជ្ជកម្ម បាននឹងកំពុងខិតខំប្រឹងប្រែង ក្នុងការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ផ្អែកតាមរយៈជំនួបពិភាក្សាការងារ វេទិកាធុរកិច្ច ការផ្គូរផ្គងវិនិយោគគិន និងកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគផ្ទាល់ពីជប៉ុន។
លោករំពឹងថា រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់ជំនួយទាំងថវិកា បច្ចេកទេស និងធនធានមនុស្សដល់កម្ពុជាបន្តទៀត ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសកម្ពុជា។
ជាមួយគ្នានេះដែរ ជប៉ុនស្ថិតក្នុងចំណោមវិនិយោគិនធំៗលំដាប់ទី២ នៅក្នុងប្រទេស ខណៈចិនឈរនៅលំដាប់ទី១ នៅកម្ពុជា ស្របពេលអ្នកជំនាញអះអាងថា ការវិនិយោគបរទេសនៅកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមរបាយការណ៍ចុងក្រោយ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន២២២គម្រោងក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០១៩ ជាមួយនឹងការវិនិយោគសរុបចំនួន៦ពាន់លានដុល្លារអាមេរិក ដែលកើនឡើងចំនួន៨១គម្រោង ស្មើនឹង ៤,១២ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជប៉ុនគឺជាវិនិយោគិនបរទេសធំជាងគេទី២ ដែលមាន ៧.៨ភាគរយ នៃការវិនិយោគ FDI សរុបនៅកម្ពុជា ខណៈវៀតណាមមាន ២,៩ភាគរយ សឹង្ហបូរីមាន១,៨ភាគរយ សាធារណរដ្ឋកូរ៉េមាន១,៧ ភាគរយ ម៉ាឡេស៊ីមាន១,៣៦ ភាគរយ និងថៃមាន០,៩ ភាគរយ៕






