ក្រសួង​ចំនួន៤​ គ្រោង​ច្របាច់​ក្រុម​អធិការកិច្ច​បញ្ចូល​គ្នា​តែមួយ​ ដើម្បី​សម្រួលការ​លំបាក​ដល់​វិស័យ​ឯកជន

0

ដោយ ​វុត្ថា

​ភ្នំពេញ​៖ ក្រសួង​ទាំង៤រួមមាន​ ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ ក្រសួង​ទេសចរណ៍​ និង​ក្រសួងបរិស្ថាន​ គ្រោង​នឹង​ច្របាច់​បញ្ចូល​ក្រុម​អធិការកិច្ច​ការងារ​ក្នុង​កម្រិត​អន្តរ​ស្ថាប័ន​លើកដំបូង​ ដើម្បី​សម្រួលការ​លំបាក​ដល់​វិស័យ​ឯកជន​ និង​បង្កើន​ប្រសិទ្ធភាព​ការងារ​ ។

គោលបំណង​សំ​ខា​នន់​នៃ​ការ​ច្របាច់​បញ្ចូល​គ្នា​នេះ​ គឺ​ត្រូវ​បាន​ធ្វើឡើង​ស្របតាម​ទិសដៅ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដាក់​ចេញ​នូវ​វិធានការ​កែទម្រង់​មុត​ស្រួច​ ជា​កញ្ចប់​មួយចំនួន​ សំដៅ​ពង្រឹង​ភាព​ប្រកួតប្រជែង​ និង​ជំរុញ​ការ​ពិពិធ​កម្ម​សេដ្ឋកិច្ច​។

លោក​ អ៊ិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ​នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​អន្តរក្រសួង​នា​ព្រឹក​នេះ​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី​ ១៥​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ថា​ យោង​តាម​លទ្ធផល​វេទិកា​រាជរដ្ឋាភិបាល​ និង​ផ្នែកឯកជន​លើក​ទី១៨​ រាជរដ្ឋាភិបាល​បាន​ចាត់តាំង​ឱ្យ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ទទួលបន្ទុក​ការ​ច្របាច់​បញ្ចូល​ក្រុម​អធិការកិច្ច​ការងារ​ក្នុង​កម្រិត​អន្តរក្រសួង​-ស្ថាប័ន​ ក្នុង​នោះ​ ចែក​ជា២ជំហាន​៖

ជំហាន​ដំបូង​៖ គ្រប់​ក្រសួង​-ស្ថាប័ន​ទាំងអស់​ដែល​មាន​អធិការកិច្ច​ទៅតាម​រោងចក្រ​ សហគ្រាស​លើស​ពី​មួយ​ក្រុម​ ត្រូវ​ច្របាច់​បញ្ចូល​គ្នា​ទាំងអស់​ឱ្យទៅ​ជា​ក្រុម​តែមួយ​ និង​ចុះ​តែមួយ​លើក​ក្នុង​មួយឆ្នាំ​ចំពោះ​គោលដៅ​មួយ​ ដោយ​រៀបចំ​បញ្ជី​សកម្មភាព​អធិការកិច្ច​ និង​ការកំណត់​ពេលវេលា​ចុះ​ឱ្យ​បាន​ច្បាស់លាស់​ លើកលែងតែ​មាន​ករណី​ចាំបាច់​ ឬករណី​ជា​បទល្មើស​។

ចំពោះ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ គឺ​បាន​បន្ត​ប្រើ​យន្តការ​ក្រុម​អធិការកិច្ច​ការងារ​តែមួយ​ ដែល​ចុះ​ក្នុង​ពេល​តែមួយ​ និង​ប្រើ​បទដ្ឋាន​វាយតម្លៃ​តែមួយ​ ដែល​ក្រសួង​បាន​ដាក់​ឱ្យ​អនុវត្ត​តាំងពី​ឆ្នាំ២០១៤​។ ក្រុម​អធិការកិច្ច​ការងារ​នេះ​ នឹង​ចុះ​ធ្វើ​អធិការកិច្ច​ការងារ​លើ​សហគ្រាស​ គ្រឹះស្ថាន​ចំនួន​តែម្ដង​គត់​ក្នុង​មួយឆ្នាំ​ ចំពោះ​គោលដៅ​មួយ​។

ជំហាន​បន្ទាប់​៖ គឺ​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នឹង​រៀបចំ​ដឹកនាំ​ក្រុមការងារ​ដោយមាន​ការចូលរួម​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ មាន​ក្រុម​អធិការកិច្ច​ការងារ​ទៅតាម​សហ​គ្រា​ សហគ្រាស​ ដើម្បី​ពិនិត្យ​ពី​សារសំខាន់​នៃ​ការ​ចុះ​ធ្វើ​អធិការកិច្ច​នី​មួយ​ៗ កំណត់​ឱ្យ​បាន​នូវ​អធិការ​មួយ​ណា​គួរ​ទុក​ និង​មួយ​ណា​គួរ​ដកចេញ​ និង​រៀបចំ​ជា​បញ្ជី​ក្រុម​អធិការកិច្ច​ មុខងារ​ និង​ពេលវេលា​ចុះ​អធិការកិច្ច​ឱ្យ​បាន​ច្បាស់លាស់​។

លោក​ ហេង​ សួរ​ រដ្ឋលេខាធិការ​ក្រសួងការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​បញ្ជាក់​បន្ថែម​ថា​ ក្នុង​កិច្ចពិភាក្សា​ជាមួយ​អន្តរក្រសួង​នា​ព្រឹក​នេះ​ យើង​បាន​ស្នើសុំ​បញ្ជី​អធិការកិច្ច​ការងារ​របស់ក្រ​សួង​នី​មួយ​ៗមក​ពិនិត្យ​រួមគ្នា​ «ប្រសិនបើ​កម្មវត្ថុ​អធិការកិច្ច​ណាខ្លះ​ដូចគ្នា​ យើង​នឹង​សំយោគ​បញ្ចូល​គ្នា​ ហើយ​កម្មវត្ថុ​ណាខ្លះ​ស្រដៀងគ្នា​ និង​វា​មាន​ស្តង់​ដា​ផ្សេងគ្នា​ យើង​អាច​សំយោគ​ស្តង់​ដា​នេះ​ឱ្យទៅ​ជា​ស្តង់​ដា​រួម​»។

លោក​បន្ត​ថា​ ក្នុង​ដំណើរការ​នៃ​ការ​ធ្វើ​អធិការកិច្ច​ការងារ​នេះ​ ដំបូង​ឡើយ​ម្ចាស់​សហគ្រាស​ គ្រឹះស្ថាន​ និង​វិស័យ​ឯកជន​នានា​ ត្រូវ​ធ្វើ​ស្វ័យ​ប្រកាស​ដោយខ្លួនឯង​ជាមុន​សិន​ បន្ទាប់មក​ ក្រុម​អធិការកិច្ច​ការងារ​អន្តរក្រសួង​-ស្ថាប័ន​នឹង​ចុះទៅ​ត្រួតពិនិត្យ​រួមគ្នា​លើ​ស្វ័យ​ប្រកាស​របស់​ផ្នែកឯកជន​ទាំងនោះ​ «ថា​តើ​កិច្ចការ​ដែល​គាត់​ធ្វើ​សមស្រប​ ឬត្រឹមត្រូវ​តាម​ស្វ័យ​ប្រកាស​របស់​គាត់​ដែរ​ឬទេ​»។

ដល់ពេល​នោះ​ ក្រុម​អធិការកិច្ច​ការងារ​អន្តរក្រសួង​នឹង​ធ្វើការ​វាយតម្លៃ​ជាក់ស្ដែង​ទៅលើ​អាជីវកម្ម​របស់​ពួកគាត់​តែម្ដង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here