សម្តេច​តេជោ​៖ ដំណក់​ប្រេង​ជាលើកដំបូង​របស់​កម្ពុជា​នឹង​ទទួល​បាន​នៅ​ឆ្នាំ២០២០ខាងមុខនេះ​

0

ដោយ​ វុត្ថា​

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​គូសបញ្ជាក់​ថា​ ដំណក់​ប្រេង​ជាលើកដំបូង​របស់​កម្ពុជា​នឹង​ទទួល​បាន​នៅ​ឆ្នាំ២០២០ខាងនេះ​ តែ​មិនទាន់​បញ្ជាក់​កាលបរិច្ឆេទ​ជាក់លាក់​នៅឡើយ​នោះ​ទេ​។

សម្តេច​តេជោ​ នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ សាកល​វិទ្យាល័យ​ធនធានមនុស្ស​ចំនួន​ ១,៩៥៨នាក់​ នា​ព្រឹក​ថ្ងៃទី​ ១៨​ ខែវិច្ឆិកា​ ឆ្នាំ​ ២០១៩​ នេះ​ បានឱ្យ​ដឹង​ថា​ កម្ពុជា​នឹង​ទទួល​បាន​ដំណក់​ប្រេង​ជាលើកដំបូង​នៅក្នុង​ឆ្នាំ​ ២០២០​ ខាងមុខនេះ​ ខណៈ​ខាង​ក្រុមហ៊ុន​បាន​និង​កំពុង​មមាញឹក​ និង​ពន្លឿន​ធ្វើ​កិច្ចការ​នេះ​។

សម្តេច​តេជោ​ បាន​ថ្លែង​ថា​ “ខ្ញុំ​មិនទាន់​ប្រកាស​កាលបរិច្ឆេទ​កំណត់​នៃ​ដំ​ណត់​ប្រេង​ជាលើកដំបូង​នៅឡើយ​ទេ​ ព្រោះ​ខ្ញុំ​មិន​ចង់ឱ្យ​មាន​កំហុស​ ដូច​កាលពី​ឆ្នាំ​ ២០១២​ ដែល​ពេលនោះ​ ខាង​ក្រុមហ៊ុន​ បាន​ប្រាប់​យើង​នោះ​ទេ​” ។

សម្តេច​បាន​បន្ត​ថា​ “ហើយ​ឥឡូវ​ដំណក់​ប្រេង​ដំបូង​របស់​យើង​នឹង​ចេញ​នៅក្នុង​ឆ្នាំ​ ២០២០​ តែ​ថ្ងៃខែ​ជាក់លាក់​ខ្ញុំ​នឹង​ប្រកាស​ជា​លើកក្រោយ​ បន្ទាប់ពី​ធ្វើ​កិច្ចការ​ងារ​ ជាមួយ​ក្រុមហ៊ុន​ដែល​បាន​នឹង​កំពុង​កសាង​យ៉ាង​មមាញឹក​សម្រាប់​កា​របូប​ប្រេង​ដំបូង​របស់​យើង​”។

សម្តេច​តេជោ​បន្ថែម​ថា​ នៅពេល​កម្ពុជា​ទទួល​បាន​ដំណក់​ប្រេង​ជាលើកដំបូង​នេះ​ ទំហំ​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ កើនឡើង​ប្រមាណ​ជិត​ ៣០ពាន់​លាន​ដុល្លារ​អាមេរិក​ ហើយ​ទំហំ​នេះ​នឹង​ផ្តល់​ចំណូល​ប្រចាំឆ្នាំ​ឱ្យ​មនុស្សម្នាក់​ប្រមាណ​ ១៨០០​ ដុល្លារ​អាមេរិក​ ដោយ​នៅក្នុង​ឆ្នាំ២០១៩​ នេះ​ ចំណូល​របស់​ពលរដ្ឋ​កម្ពុជា​ក្នុង​មនុស្ស​ម្នា​ក់ទ​ទូល​បាន​ ១៦០០ដុល្លារ​អាមេរិក​។

សម្តេច​តេជោ​ បញ្ជាក់​ទៀត​ថា​ មកដល់ពេលនេះ​ កម្ពុជា​មិនទាន់​ប្រើប្រាស់​ធនធាន​របស់​យើង​អស់​នៅឡើយ​ទេ​ដូចជា​ប្រេង​ ជា​ឧស្ម័ន​ រ៉ែ​មាស​និង​ជា​ឃ្យូង​ថ្ម​ជាដើម​។ ហើយ​កាលពី​ពេលថ្មីនេះ​កម្ពុជា​រក​ឃើញ​រ៉ែ​ធ្យូងថ្ម​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ​ ហើយ នឹង​បង្កើត​ជា​កន្លែង​ផលិត​ថាមពល​អគ្គិសនី​ដ៏​ធំ​របស់​កម្ពុជា​មួយទៀត​។

សម្តេច​ជោ​ថា​ ក្រៅពី​រ៉ែ​ប្រេង​ ធ្យូងថ្ម​ហើយ​នោះ​ កម្ពុជា​នឹង​មានការ​វិនិយោគ​លើ​រ៉ែ​មាស​ដោយក្រុម​ហ៊ុន​អូស្ត្រាលី​ ដែល​នឹង​ទទួល​បាន​ប្រាក់ចំណូល​គួរសម​ផង​ដែរ​។ តែ​យ៉ាងណា​ក៏​សម្តេច​តេជោ​ រំពឹង​ធំជាង​គេ​គឺ​ចំណូល​បាន​មក​ពី​ដំណក់​ប្រេង​ជាលើកដំបូង​របស់​កម្ពុជា​ដែល​នឹង​ទទួល​បាន​នា​ពេល​ខាងមុខនេះ​ផង​ដែរ​។

បើ​តាម​សម្តេច​តេជោ​ ហ៊ុន​ សែន​ ថា​ កម្ពុជា​នឹង​ចរចា​ជាមួយ​ភាគី​ថៃ​បន្ថែម​ទៀត​លើ​ការអភិវឌ្ឍន៍​វិស័យ​ប្រេង​នៅក្នុង​តំបន់​ត្រួត​គ្នា​ ដើម្បី​ទទួល​ចំណូល​កាន់តែ​ច្រើន​បន្ថែម​ទៀត​ ។ ហើយ​ចំណូល​បាន​ពី​ធនធាន​ធម្មជាតិ​ នឹង​ចំណាយ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​រឹង​ និង​ទន់​ ពោល​ទាំង​ផ្លូវថ្នល់​ ប្រឡាយ​ទឹក​ និង​ការអប់រំ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here