ដោយ វុត្ថា
ភ្នំពេញ៖ រោងចក្រផលិតអគ្គិសនីទំហំ ៤០០មេហ្កាវ៉ាត់នៅស្រុកល្វាឯម ខេត្តកណ្តាលនឹងតចូលមកបណ្តាញជាតិ នៅមុនពាក់កណ្តាលឆ្នាំ២០២០ ខណៈក្រុមជំនាញកំពុងសម្រុកធ្វើការសាងសង់ទាំងយប់ទាំងថ្ងៃ។

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានឱ្យដឹងកាលពីថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០១៩ ម្សិលមិញនេះ ខណៈចុះពិនិត្យរោងចក្រ អគ្គិសនីដើរដោយប្រេងខ្មៅ នៅឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល បានឱ្យដឹងថា រាជរដ្ឋាភិបាលបានចំណាយថវិការបស់ជាតិ ដើម្បីបង្កើតរោងចក្រនេះឡើង ដែលមានកំលាំងថាមពលប្រមាណ ៤០០មេហ្គាវ៉ាត់ ដោយគ្រោងសាងសង់ឲ្យរួចរាល់ជាស្ថាពរ នៅមុនពាក់កណ្តាល ឆ្នាំ២០២០ ខាងមុខ ដើម្បីទ្រទ្រង់ការកង្វះអគ្គិសនីនៅរដូវប្រាំង នឹងទៅឆ្នាំខាងមុខបន្តបន្ទាប់ទៀត។
លោកបន្តថា នៅក្នុងរដូវប្រាំងខាងមុខនេះ នឹងទៅឆ្នាំខាងមុខបន្តទៀត កម្ពុជាមិនមានការខ្វះខាតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទៀតឡើយ ។
លោករដ្ឋមន្ត្រីបន្តថា ចំពោះគម្រោងនៃការសាងសង់រោងចក្រនេះ បើតាមការសន្យារបស់ក្រុមហ៊ុន គឺធ្វើយ៉ាងណាជំរុញការសាងសង់ នឹងគ្រោងដាក់ឲ្យដំណើរការ ១០០មេហ្គាវ៉ាត់ជាមុនសិន នៅក្នុងរដូវប្រាំង មុនឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីបំពេញនឹងតម្រូវការ នៃការប្រើប្រាស់អគ្គិសនីនៅកម្ពុជា ។
លោករដ្ឋមន្ត្រីបន្ថែមថា ដូច្នេះ នៅក្នុងរដូវប្រាំងខាងមុខនេះ កម្ពុជាមិនមានការខ្វះខាតថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ទៀតឡើយ ទោះបីរោងចក្រអគ្គិសនីដើរដោយប្រេងខ្មៅ ដែលគ្រោងដាក់ឲ្យដំណើរការនៅក្នុងរដូវប្រាំងខាងមុខនេះ សាងសង់មិនទាន់ចប់តាមផែនការយ៉ាងក៏ដោយ ។
សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រីនៃកម្ពុជាកាលពីកន្លងទៅថ្មីៗនេះផងដែរ បានតម្រូវឱ្យក្រុមហ៊ុនសាងសង់រោងចក្រផលិតអគ្គិសនីនេះ សាងសង់ទាំងយប់ទាំងថ្ងៃ ដើម្បីឆ្លើយតបទៅនឹងកង្វះខាតអគ្គិសនីប្រើប្រើប្រាស់នៅក្នុងទីក្រុងភ្នំពេញ និង ចែកចាយទៅកាន់ខេត្តជាគោលដៅរបស់កម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាសហការជាមួយអាជ្ញាធរអគ្គីសនីកម្ពុជាបកាលពីកន្លងទៅបានបោះទុនវិនិយោគជិត ៤០០លាន ដុល្លារអាមេរិកសាងសង់លើរោងចក្រ ៤០០មេហ្កាវ៉ាត់ HFO/LNG មួយនេះក្នុងគោលដៅដើម្បីរួមចំណែកមួយនៃផែនការបន្ថែម អានុភាពចំនួនជាង១០០០មេហ្កាវ៉ាត់ទៀត សម្រាប់ឆ្នាំ២០២០។
រោងចក្រផលិតអគ្គិសនី ៤០០មេហ្កាវ៉ាត់នៅស្រុកល្វាឯមនេះ ត្រូវបានបញ្ជាទិញម៉ាស៊ីន២០០មេហ្កាវ៉ាត់ ពីប្រទេស អាល្លឺម៉ង់២០០មេហ្កាវ៉ាត់ ពីប្រទេសហ្វាំងឡង់ ហើយក្រុមហ៊ុន ចិនពីរធំជាអ្នកសាងសង់។
គិតដល់ ឆ្នាំ២០១៩ នេះ រោងចក្រអគ្គិសនីរបស់កម្ពុជាដែលដាក់ឲ្យកំពុងដំណើរការមាន វារីអគ្គិសនីចំនួន៧កន្លែង អគ្គិសនីដុតធ្យូងថ្មចំនួន២ និងអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យចំនួន២ ក្នុងនោះចំពោះខ្សែបញ្ជូនអគ្គិសនីជាតិ តភ្ជាប់ទៅខេត្តផ្ទាល់មានចំនួន២០ និងមិនផ្ទាល់ចំនួន៥ បច្ចុប្បន្ន កំពុងផ្គត់ផ្គង់ថាមពលអគ្គិសនី គ្របដណ្តប់លើភូមិចំនួន ៩៣% នៃចំនួនភូមិទាំងអស់នៅទូទាំងប្រទេស នឹងបានតភ្ជាប់អគ្គិសនីប្រើប្រាស់ បានចំនួន ៧៤% នៃលំនៅឋានសរុបនៅកម្ពុជាផងដែរ៕













