ដោយ វុត្ថា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែន ប្រមុខរាជនៃរាជរដ្ឋាភិបាលកម្ពុជាបានគូសបញ្ជាក់ឱ្យដឹងថា ជានិច្ចជាកាល និងនៅក្នុងពេលបច្ចុប្បន្ននេះ ប្រសកម្ពុជាមានលុយជាប្រាក់សុទ្ធិដែលអាចចាយបានចំនួនជាង ៣០០០លានដុល្លារអាមេរិក និងប្រាក់រៀលចំនួន ១៥លានលានរៀល។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យធនធានមនុស្សចំនួន១,៩៥៨នាក់នាព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះបានឱ្យដឹងថា “ធ្វើជានាយករដ្ឋមន្ត្រីដែលពិបាកជាងគេ គឺនាយករដ្ឋមន្ត្រីអត់សាច់ប្រាក់ក្នុងការចាយវាយ”។
សម្តេចតេជោថា កាលពីមុនមន្ត្រីរាជការមានប្រាក់ខែតិចហើយ អត់ប្រាក់បើកឱ្យទៀត ។ មិនតែប៉ុណ្ណោះ ការបើកប្រាក់ទៀតសោតក៏យឺតផងដែរ ។ រដ្ឋាភិបាលសម្រួលឱ្យមានការបើកប្រាក់បៀវត្សនៅបំណាច់ខែ ឬមុខដាច់ខែ តែរហូតដល់បច្ចុប្បន្ននេះបើកកន្លះខែបើកម្តង។ នេះក៏ដោយសារតែរាជរដ្ឋាភិបាលមានប្រាក់ ហើយប្រាក់ទាំងនេះមិនបានយកពីមកEBA នោះ ហើយក៏គ្មានការព្រួយបារម្ភដែរ។
សម្តេចតេជោបញ្ជាក់ថា រារដ្ឋាភិបាលកម្ពុជាទទួលបានចំណូលពីការនាំចូលនានា ជាពិសេសចំណូលពីការនាំចូលរថយន្តប្រមាណ៥២ភាគរយ ក្នុងចំណោមការនាំចូលផលិតផលផ្សេងៗទៀត ដោយសារតែបច្ចុប្បន្ននេះប្រជាពលរដ្ឋកម្ពុជា មានលទ្ធភាពទិញរថយន្តជិះ។
បើតាមសម្តេចតេជោហ៊ុន សែនបានអះអាងថា កម្ពុជារកចំណូលបានពីពន្ធគយលើសពីផែនការក្នុងរង្វង់ពី៧០០ ទៅ៧០០ លានដុល្លារអាមេរិក។ ចំណែកចំណូលបានមកពីពន្ធដារបានចំនួនពី៤០០ ទៅ៥០០លានដុល្លារអាមេរិក លើសផែនការដែលបានគ្រោងទុក។ នេះ បើគិតត្រឹមរយៈពេល១០ខែ នៃឆ្នាំ២០១៩ នេះ។
សម្តេចបញ្ជាក់ថា ប្រាក់ចំណូលសារពើពន្ធដែលលើសផែនការ មានចំនួនជាង ១០០០លានដុល្លារអាមេរិក ហើយនៅប្រាក់ចំណូលដែលមិនមែនសារពើពន្ធផ្សេងទៀត។ ដូច្នេះកម្ពុជាមានប្រាក់សម្រាប់ចាយវាយគ្រប់គ្រាន់៕






