សម្ដេច​ក្រឡាហោម​ ស ខេង​ជំរុញ​ឱ្យ​អន្តរក្រសួង​យកចិត្ត​ទុកដាក់​អភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍​ និង​សហគមន៍​

0

ដោយ​យៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ សម្តេច​ក្រឡាហោម​ ស ខេង​ បាន​ជំរុញ​ឱ្យ​អន្តរក្រសួង​ដែល​ពាក់ព័ន្ធ​ គណ​អភិបាលខេត្ត​ ក្រុង​ រាជធានី​ ជាពិសេស​ក្រសួងទេសចរណ៍​ ដែល​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​ ត្រូវ​ពង្រឹ​កកា​រយ​កចិត្ត​ទុកដាក់​ក្នុង​កិច្ច​ថែរក្សា​ អភិរក្ស​ និង​អភិវឌ្ឍ​តំបន់​អេកូ​ទេសចរណ៍​ និង​សហគមន៍​ឱ្យ​មានប្រសិទ្ធភាព​ខ្ពស់​បំផុត​។

មានប្រសាសន៍​ក្នុង​ពិធី​បើក​វេទិកា​ជាតិ​អេកូ​ទេសចរណ៍​លើក​ទី១​ កាលពី​ព្រឹក​ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ នៅ​សណ្ឋាគារ​ ហ្គា​ដិន​ស៊ី​ធី​ សម្ដេច​ក្រឡាហោម​ ស ខេង​ បាន​មានប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​សហគមន៍​ ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់ក្រ​សួង​ទេសចរណ៍​ ក្រសួងបរិស្ថាន​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ មាន​រហូតដល់​ជាង​ ២,៣០០កន្លែង​ ប៉ុន្តែ​សហគមន៍​ដែល​មាន​សកម្មភាព​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​ មាន​ចំនួន​ត្រឹមតែ​ប្រមាណ១២៩​ កន្លែង​ប៉ុណ្ណោះ​។

សម្តេច​បាន​គាំទ្រ​ និង​ស្នើ​ឲ្យ​មានការ​បញ្ចូល​សកម្មភាព​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​ទៅ​ក្នុង​សហគមន៍​ ដែល​មាន​សក្តា​នុ​ពល​ ក៏ដូចជា​ពង្រឹង​សមត្ថភាព​សហគមន៍​ដែល​មានស្រាប់​ តាមរយៈ​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ ក្នុង​ការជំរុញ​ការ​អភិវឌ្ឍ​សហគមន៍​ទាំងនោះ​ ដោយ​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ និង​គណៈ​អភិបាល​រាជធានី​-ខេត្ត​ ត្រូវ​ជួយ​សហគមន៍​ទាំងនោះ​ទៅតាម​ជំនាញ​ និង​សមត្ថ​កិ​ច្ច​រៀង​ៗខ្លួន​។

ក្រសួងទេសចរណ៍​ ក្នុងនាម​ជា​ប្រធាន​ក្រុមការងារ​អន្តរក្រសួង​ ត្រូវ​ធ្វើការ​ទទួល​ ស្គាល់​តាមផ្លូវ​ច្បាប់​ ចំពោះ​សហគមន៍​ដែល​មាន​សកម្មភាព​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​ និង​ត្រូវ​ធានា​ការបែងចែក​ ប្រកបដោយ​សមធម៌​រវាង​សហគមន៍​ និង​ដៃគូ​ពាក់ព័ន្ធ​នានា​។

សម្តេច​ក្រឡាហោម​ ស ខេង​ បាន​បន្ថែម​ថា​ ចំពោះ​ការងារ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ និង​សម្បទា​ទ្រទ្រង់​ ក្រសួងទេសចរណ៍​ ក្រសួងបរិស្ថាន​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ត្រូវ​សហការ​ជាមួយ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ និង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ និង​គណៈ​អភិបាល​រាជធានី​-ខេត្ត​ ពិនិត្យ​លទ្ធភាព​ក្នុង​ការសាងសង់​ផ្លូវ​ភ្ជាប់​ទៅ​គោលដៅ​សហគមន៍​ទេសចរណ៍​អាទិភាព​។ ជាមួយគ្នា​នោះ​ ក្រសួង​រ៉ែ​ និង​ថាមពល​ និង​អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ ត្រូវ​ធ្វើការ​សិក្សា​លម្អិត​អំពី​លទ្ធភាព​ ក្នុង​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ​សម្រាប់​ការប្រើ​ប្រាស់​ក្នុង​សហគមន៍​។

ក្នុង​ក្របខណ្ឌ​នៃ​ក្រុមការងារ​អន្តរក្រសួង​ ដែល​មាន​ក្រសួងទេសចរណ៍​ជា​ប្រធាន​ សម្រាប់​ការគ្រប់គ្រង​ និង​អភិវឌ្ឍន៍​សហគមន៍​ទេសចរណ៍​ និង​អេកូ​ទេសចរណ៍​ ក្រសួងទេសចរណ៍​ ត្រូវ​សហការ​ជាមួយ​ក្រសួងបរិស្ថាន​ ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ និង​ក្រសួង​-ស្ថាប័ន​ពាក់ព័ន្ធ​ ធ្វើការ​កំណត់​តំបន់​អេកូ​ទេសចរណ៍​អាទិភាព​ រួមមាន​តំបន់​ភូមិ​ភា​គឥសាន្ត តំបន់​បឹងទន្លេសាប​ និង​ទន្លេមេគង្គ​ តំបន់ឆ្នេរ​សមុទ្រ​ តំបន់​ជួរភ្នំ​ក្រ​វ៉ា​ញ តំបន់​ជួរភ្នំ​ដងរែក​ រួម​ជាមួយ​តំបន់​អភិរក្ស​នានា​ ដែល​ត្រូវ​ធានា​កិច្ចការពារ​ធនធាន​ធម្មជាតិ​ និង​ជំរុញ​ការ​អភិវឌ្ឍ​សកម្មភាព​ទេសចរណ៍​ និង​សហគមន៍​នៅ​ទីនោះ​ ក្រោម​ទស្សនទាន​ «ការ​អភិវឌ្ឍ​បម្រើការ​អភិរក្ស​ ការ​អភិរក្ស​ទ្រទ្រង់​ការ​អភិវឌ្ឍ​»៕

LEAVE A REPLY

Please enter your comment!
Please enter your name here