ដោយ វុត្ថា
ភ្នំពេញ៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់លោក អភិបាលរាជធានីភ្នំពេញ នឹងរៀបចចំគម្រោងកែលម្អមហាវិថីម៉ៅសេទុង ឱ្យមានផ្លូវថ្មើរជើងតាមបណ្ដោយមហាវិថី នាថ្ងៃអនាគត ខណៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងសិក្សាលំអិត។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបាន បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងសិក្សាលើគម្រោងកែលម្អផ្លូវមួយនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរថ្មើជើងរបស់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ។
លោកបន្តថា “នេះ គឺជាគំនិតផ្តួចផ្តើមរបស់លោក អភិបាលរាជធានីភ្នំពេញឱ្យមានផ្លូវថ្មើជើងច្រើនជាងបច្ចុប្បន្ននេះ និងច្រើនកន្លែង ហើយកន្លែងនីមួយៗមានសោភណភាពស្អាតដូចនៅក្នុងគម្រោងរចនាដែលជាគំរូរបស់យើងអញ្ចឹង”។លោកបន្ថែមទៀតថា “យើងមិនទាន់កំណត់ពេលណាថានឹងត្រូវធ្វើនៅពេលនោះទេ ព្រោះយើងទើបនឹងចាប់ផ្តើមសិក្សា បន្ទាប់ពីសិក្សាបញ្ចប់ រដ្ឋបាលរាជធានីភ្នំពេញនឹងជូនដំណឹងបន្តទៀត”។
លោកបន្ថែទៀថា ជាធម្មតា ក្រោយកិច្ចប្រជុំម្តងៗ យើងតែងតែដកស្រង់ខ្លឹមសារខាន់ៗ ឬ សម្រង់ដីនានា យកមកចុះផ្សាយនៅក្នុងហ្វេសបុកផេក ដើម្បីឱ្យអ្នកសារព័ត៌មានយកទៅចុះផ្សាយបន្ត និងឱ្យពលរដ្ឋបានជ្រាបពីគម្រោងរបស់រដ្ឋាបាលរាជធានីភ្នំពេញ តែយើងមិនបានកំណត់ពេលវេលាជាក់លាក់ថាធ្វើនៅពេលណានោះទេ។
អ្នកនាំពាក្យរូបនេះ បញ្ជាក់ទៀតថា គម្រោងនេះ មិនមែនជាគម្រោងទី ១ របស់រដ្ឋបាលរាជធានីភ្នំពេញនោះទេ ព្រោះកន្លងមករដ្ឋបាលរាជធានីភ្នំពេញបានធ្វើនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី និងផ្លូវព្រះនរោត្តមជាដើម។
លោកម៉េត មាសភក្តីបញ្ជាក់ទៀតថា បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញគ្រោងរៀបចំផ្លូវសំខាន់ៗនានានៅក្នុងរាជធានីភ្នំពេញ ឱ្យមានផ្លូថ្មើជើងជាអាទិភាពមុនគេ ហើយនៅពេលបញ្ចប់នូវផ្លូវសំខាន់ៗ ទាំងនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តទៅរៀបចំគម្រោងនៅតាមបណ្តោយផ្លូវតូចៗបន្តទៀត។

រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១៩ ខែវិចិ្ឆកា ឆ្នាំ២០១៩ម្សិលមិញនេះបានបើកកិច្ចប្រជុំស្ដីពីគម្រោងសិក្សារៀបចំ និងកែលម្អផ្លូវថ្មើរជើងតាមបណ្ដោយមហាវិថីម៉ៅសេទុង ដើម្បីផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋជាពិសេសបងប្អូនជនពិការ មានផ្លូវថ្មើរជើងសម្រាប់ធ្វើដំណើរឆ្លងកាត់៕






