ធនាគារពិភពលោក​៖ កម្ពុជា​ចាំបាច់​ត្រូវ​មាន​គោល​នយោបាយ​ថ្មី​ៗដើម្បី​ទាញ​ប្រយោជន៍​ពី​ឱកាស​នានា​ក្នុង​ទីផ្សារ​ពិភពលោក​

0
ធនាគារពិភពលោក​៖ កម្ពុជា​ចាំបាច់​ត្រូវ​មាន​គោល​នយោបាយ​ថ្មី​ៗដើម្បី​ទាញ​ប្រយោជន៍​ពី​ឱកាស​នានា​ក្នុង​ទីផ្សារ​ពិភពលោក​
ធនាគារពិភពលោក​៖ កម្ពុជា​ចាំបាច់​ត្រូវ​មាន​គោល​នយោបាយ​ថ្មី​ៗដើម្បី​ទាញ​ប្រយោជន៍​ពី​ឱកាស​នានា​ក្នុង​ទីផ្សារ​ពិភពលោក​

ដោយ​ ប៊ី​

ភ្នំពេញ​៖ កម្ពុជា​ចាំបាច់​ត្រូវ​មាន​គោល​នយោបាយ​ថ្មី​ៗដើម្បី​ទាញ​យក​អត្ថ​ប្រយោជន៍​ពី​ឱកាស​នានា​ដែល​អាច​រកបាន​នៅ​លើ​ទីផ្សារ​ពិភពលោក​ នា​ពេល​អនាគត​ភាព​។ របាយការណ៍​របស់​ធនាគា​ពិភពលោក​ក្រោម​ចំណងជើង​ថា​ អនាគត​ការងារ​នៅ​ប្រទេស​កម្ពុជា​៖ តំណ​ភ្ជាប់​ជាមួយ​សេដ្ឋកិច្ច​នា​ពេល​ខាងមុខ​។

លោកស្រី​ អ៊ិ​នហ្គូ​ណា​ ដូ​ប្រា​ចា​ ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា​ មានប្រសាសន៍​ថា​ “ភាព​ចម្រុះ​ និង​គុណភាព​នៃ​ការងារ​នៅក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បាន​កែ​លម្អ​ឱ្យ​ប្រសើរ​ឡើង​ជា​បណ្តើរ​ៗហើយ​”។

លោកស្រី​ បាន​បន្ថែម​ថា​ “ប៉ុន្តែ​និន្នាការ​សកល​ មាន​ដូចជា​ការ​កើនឡើង​នូវ​ចំនួន​របស់​វណ្ណៈ​កណ្តាល​ក្នុង​តំបន់​អាស៊ី​ បម្រែបម្រួល​លំនាំ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ និង​ស្វ័យប្រវត្តិ​កម្ម​ តម្រូវ​ឱ្យ​កម្ពុជា​គិតគូរ​ឡើងវិញ​អំពី​យុទ្ធសាស្ត្រ​ការងារ​របស់​ខ្លួន​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​ឈាន​ឆ្ពោះទៅ​កាន់​ដំណាក់កាល​មួយទៀត​នៃ​ការ​អភិវឌ្ឍ​ផ្អែកលើ​ការនាំចេញ​”។

របាយការណ៍​នេះ​ស្នើ​ជូន​អនុសាសន៍​បែប​យុទ្ធ​សាស្រ្ត៤ ដើម្បី​ធានា​សម្រាប់​ឲ្យ​មានការ​ងារ​ច្រើន​និង​ប្រសើរ​នា​ពេល​អនាគត​៖ ធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ​ឲ្យ​ចូលក្នុង​ខ្សែ​ចង្វាក់​តម្លៃ​នៃ​តម្លៃបន្ថែម​ បង្កើត​បរិយាកាស​ធុរកិច្ច​ក្នុង​ស្រុក​ដែល​គាំទ្រ​ដល់​ការ​រីក​លូតលាស់​នៃ​ក្រុមហ៊ុន​ក្នុង​ស្រុក​ ពង្រឹង​ការ​តភ្ជាប់​រវាង​វិស័យ​ការងារ​ក្នុង​ស្រុក​និង​ការនាំចេញ​នៃ​សេដ្ឋកិច្ច​ និង​ការ​វិនិយោគ​លើ​ជំនាញ​និង​ការអប់រំ​នៃ​កម្មករ​។

របាយការណ៍​បាន​លើកឡើង​ជាគោល​នយោបាយ​ជាក់លាក់​ពាក់ព័ន្ធ​ការងារ​ចំនួន​ ៧ ដែល​អាច​ជួយ​សម្រេច​បាន​យុទ្ធ​សាស្រ្ត​នេះ​៖ ទី១​ ធ្វើ​ពិពិធ​កម្មវិស័យ​នាំចេញ​និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ឱ្យ​ចូល​ទៅ​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​នៃ​តម្លៃបន្ថែម​កាន់តែ​ខ្ពស់​។ បច្ចុប្បន្ន​នេះ​ ការងារ​ភា​គច្រើន​ៗតែ​ស្ថិតនៅ​ក្នុង​ផ្នែក​ណា​ដែល​មានតម្លៃ​ទាប​នៃ​ខ្សែ​ចង្វាក់​តម្លៃ​សកល​ (global​ value​ chains​)។

ការ​កែសម្រួល​ដំណើរការ​ឱ្យ​សាមញ្ញ​ ការ​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន​ប្រទេស​ និង​ការបង្កើត​សេវា​ត្រួតពិនិត្យ​ធានា​គុណភាព​ នឹង​ជួយ​ជំរុញ​ការ​ធ្វើ​ពិពិធ​កម្ម​នៃ​វិស័យ​នាំចេញ​និង​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ឱ្យ​ចូល​ទៅ​ក្នុង​ខ្សែ​ចង្វាក់​តម្លៃ​នៃ​តម្លៃបន្ថែម​កាន់តែ​ខ្ពស់​ ឬទៅ​ក្នុង​ផ្នែក​ណាមួយ​នៃ​ខ្សែ​ចង្វាក់​តម្លៃ​។

ទី២​ សម្រួល​ដំណើរការ​នីតិវិធី​ឱ្យ​រលូន​ ​និង​កាត់បន្ថយ​ចំណាយ​ថ្លៃដើម​លើ​ការបង្កើត​និង​ការពង្រីក​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ ដែល​មាន​សក្តា​នុ​ពល​ច្រើន​គួរសម​នៅក្នុង​ការបង្កើត​ការងារ​។ គោលនយោបាយ​ទាំងនេះ​ រួម​ទាំង​ការកាត់បន្ថយ​ការ​ចំណាយ​លើ​ធុរកិច្ច​សម្រាប់​ក្រុមហ៊ុន​ក្នុង​ស្រុក​ ការ​បង្កើន​ការចូលរួម​របស់​ក្រុមហ៊ុន​ក្នុង​ការ​អភិវឌ្ឍ​ជំនាញ​សម្រាប់​កម្មករ​ ការ​បង្កើន​ការ​ទទួល​បាន​ហិរញ្ញវត្ថុ​តាមរយៈ​កម្មវិធី​ជំនួយ​និង​ការ​លើកទឹកចិត្ត​សារពើពន្ធ​ និង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​ក្រុមហ៊ុន​ក្នុង​ការ​ជ្រើសរើស​កម្មករ​។

ទី​ ៣. ជួយ​ដល់​អាជីវកម្ម​តាម​គ្រួសារ​ឱ្យ​ពង្រីក​ផលិតភាព​របស់​ខ្លួន​ និង​បង្កើត​ការងារ​កាន់តែ​ល្អ​ឡើង​។ អាជីវកម្ម​តាម​គ្រួសារ​ ផ្តល់​ការងារ​មួយ​ក្នុងចំណោម​ការងារ​ប្រាំ​ ហើយ​គេ​រំពឹង​ថា​ចំណែក​ការងារ​ក្នុង​អាជីវកម្ម​តាម​គ្រួសារ​នេះ​នឹង​កើនឡើង​ថែមទៀត​ ជាមួយនឹង​ការ​រីកចម្រើន​របស់​ទីក្រុង​។

បច្ចេកវិទ្យា​ព័ត៌មាន​ ឧទាហរណ៍​ អាច​ជួយ​អាជីវកម្ម​តាម​ផ្ទះ​ឱ្យ​បង្កើន​គុណភាព​នៃ​ទម្លាប់​អនុវត្ត​ជា​មូលដ្ឋាន​ក្នុង​ការ​ធ្វើ​ធុរកិច្ច​របស់​ខ្លួន​ និង​សមត្ថភាព​រកបាន​ទីផ្សារ​កាន់តែ​ធំ​។ទី​ ៤. គាំទ្រ​ការ​អភិវឌ្ឍ​បណ្តាញ​តភ្ជាប់​រវាង​ក្រុមហ៊ុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​សម្រាប់​ការនាំចេញ​ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធាតុ​ចូលក្នុង​ស្រុក​ ឧទាហរណ៍​ ដោយ​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​ជនបរទេស​ណា​ដែល​ជាវ​ធាតុ​ចូល​ពី​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ក្នុង​ស្រុក​យក​ទៅ​ប្រើប្រាស់​ ការបង្កើត​ជា​បញ្ជី​មួយ​ដែល​ភ្ជាប់​អ្នកផ្គត់ផ្គង់​ក្នុង​ស្រុក​ជាមួយនឹង​សមត្ថភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​បរទេស​ និង​ការបង្កើត​កម្មវិធី​អភិវឌ្ឍ​អ្នក​ផ្គត់ផ្គង​ក្នុង​ស្រុក​។

ទី​ ៥. កសាង​ប្រព័ន្ធ​អភិវឌ្ឍន៍​ជំនាញ​មួយ​ដែល​នឹងអាច​ទាក់ទាញ​បានការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ដែល​មានតម្លៃ​កាន់តែ​ខ្ពស់​ និង​បង្កើន​ផលិតភាព​នៅ​តាម​គ្រប់​ផ្នែក​នៃ​សេដ្ឋកិច្ច​។ កម្លាំង​ពលកម្ម​នៅ​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ ទទួល​បាន​កម្រិត​អប់រំ​ជាមធ្យម​បាន​ត្រឹមតែ ៦,៣ឆ្នាំ​ទេ​។

អ្នកធ្វើ​គោលនយោបាយ​គួរតែ​ផ្តោត​លើ​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​អប់រំ​សព្វថ្ងៃ​នេះ​ ដើម្បី​ជួយ​ពលករ​នៅ​ថ្ងៃស្អែក​(ថ្ងៃខាងមុខ​) ឱ្យ​ទទួល​បាន​ជំនាញ​ច្រើនមុខ​ ដែល​ចាំបាច់​សម្រាប់​ធ្វើការ​នៅក្នុង​សេដ្ឋកិច្ច​ដែល​ពឹងផ្អែក​លើ​ចំណេះដឹង​ខ្លាំង​ ហើយ​ធ្វើការ​ពាក់ព័ន្ធ​សហគ្រាស​នានា​ឱ្យ​ចូលរួម​ក្នុង​ការរចនា​រៀបចំ​ ផ្តល់​ហិរញ្ញប្បទាន​ និង​ការ​គាំទ្រ​ដល់​ប្រព័ន្ធ​បណ្តុះបណ្តាល​ ​បច្ចេកទេស​និង​វិជ្ជាជីវៈ​មួយ​ ដើម្បី​ជា​ប្រយោជន៍​ដល់​កម្មករ​នា​បច្ចុប្បន្ន​នេះ​។

ទី៦​. លើកកម្ពស់​ចល័ត​ភាព​នៃ​កម្លាំង​ពលកម្ម​និង​ការផ្គូផ្គង​ជំនាញ​ជាមួយ​ការងារ​ ​ឱ្យ​មាន​ប្រសិទ្ធ​ផល​ខ្ពស់​ ដោយ​បើក​ឱ្យ​មាន​បណ្តាញ​ផ្លូវការ​សម្រាប់​ការ​ធ្វើ​ចំណាកស្រុក​ជា​អន្តរជាតិ​ និង​រៀបចំ​កម្មវិធី​គាំទ្រ​នានា​ដែល​លើកទឹកចិត្ត​ដល់​ការ​ធ្វើ​ចំណាកស្រុក​ជា​លក្ខណៈ​វិល​ជុំ​ និង​តាមរយៈ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​អំពី​ឱកាស​ការងារ​ទាំង​ក្នុង​និង​ក្រៅប្រទេស​ដល់​និស្សិត​ អ្នក​ស្វែងរក​ការងារ​ វិទ្យាស្ថាន​អប់រំ​និង​បណ្តុះបណ្តាល​ និង​និយោជក​ ដើម្បី​ឱ្យ​ជម្រើស​ក្នុង​ការ​ភិ​វឌ្ឍ​ជំនាញ​អាច​សម្រប​ខ្លួន​ស៊ីគ្នា​ជាមួយនឹង​តម្រូវការ​ទីផ្សារ​ការងារ​ដែល​កំពុង​មានការ​វិវត្ត​ប្រែប្រួល​។

ទី៧​. យក​មកវិញ​ឱ្យ​បាន​នូវ​ឯករាជ្យ​ភាព​ផ្នែក​ម៉ាក្រូ​សេដ្ឋកិច្ច​ និង​អត្រា​ប្តូរ​ប្រាក់​មួយ​ដែល​មាន​ភាព​បត់បែន​។ ដំណើរ​ឡើងចុះ​តម្លៃ​ប្រាក់​ដុល្លារ​អាមេរិក​ជះឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​វិស័យ​ពាណិជ្ជកម្ម​និង​ទំនិញ​របស់​កម្ពុជា​ ដែល​ទទួលខុសត្រូវ​លើ​ការបង្កើត​ការងារ​ភាគច្រើន​របស់​ប្រទេស​។

នៅពេល​ដែល​ប្រទេស​កម្ពុជា​ចាប់ផ្តើម​នាំចេញ​ទៅកាន់​ប្រទេស​នានា​កាន់តែ​ច្រើន​ ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​និង​សារពើពន្ធ​ នឹង​ជួយការ​ពារ​ការងារ​ដែល​មានស្រាប់​ពីក​ត្តា​នានា​ដែល​ពាក់ព័ន្ធ​ជាមួយ​ប្រាក់​ដុល្លារ​អាមេរិក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here