ដោយ Donald Lee
ភ្នំពេញ៖ សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងជំរុញក្រុមហ៊ុនធំៗនៅអាស៊ីឱ្យធ្វើពិពិធកម្មប្រភពទុនវិនិយោគរបស់ពួកគេឱ្យឆ្ងាយពីការពឹងផ្អែកតែលើការផ្លាស់ប្តូរអាមេរិក ខណៈរដ្ឋាភិបាលអាមេរិកគំរាមដំឡើងពន្ធលើការនាំចូលរបស់ចិនម្តងទៀត។
ក្រុមហ៊ុនធំជាងគេនៅអាស៊ីគឺក្រុមហ៊ុន Alibaba Group បានរៃអង្គាសប្រាក់បានជិត ១៣ពាន់លានដុល្លារក្នុងសប្តាហ៍នេះនៅលើផ្សារហ៊ុនហុងកុង។ ការលក់ភាគហ៊ុនហុងកុងដែលកើតឡើងគឺជាការចុះបញ្ជីទីពីរ បន្ទាប់ការចុះបញ្ជីផ្សារហ៊ុននៅទីក្រុងញូវយ៉ក។
ក្រុមអ្នកវិភាគជឿជាក់ថា ក្រុមហ៊ុនធំៗ កំពុងស្វែងរកការធ្វើពិពិធកម្មប្រភពធនធាន និងការវិនិយោគ ក្រៅពីអាមេរិក ខណៈគោលនយោបាយសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ប្រធានាធិបតី Donald Trump នៅតែបន្តបង្កភាពមិនប្រាកដប្រជានៅក្នុងតំបន់អាស៊ី និងការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ឧស្សាហកម្មពិភពលោកឡើងវិញ។
ការអត្ថាធិប្បាយមួយពីកាសែត Global Times ដែលគ្រប់គ្រងចិន បានបញ្ជាក់ថា “ដូច្នេះតើក្រុមហ៊ុន Alibaba នឹងចាកចេញពីសហរដ្ឋអាមេរិកឬ? ចម្លើយគឺទេ។ អាមេរិកជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅលើពិភពលោក ហើយដើរតួយ៉ាងសំខាន់ក្នុងវិស័យហិរញ្ញវត្ថុ”។
ការអត្ថាធិប្បាយនេះ បានបន្ថែមថា “ប៉ុន្តែក្រុមហ៊ុនអេឡិចត្រូនិកយក្សនេះត្រូវធ្វើពិពិធកម្មប្រភពហិរញ្ញប្បទានរបស់ខ្លួន ក្នុងពេលមានសង្គ្រាមពាណិជ្ជកម្មដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើអាមេរិក។ គេរំពឹងថា ក្រុមហ៊ុននឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីធានាបាននូវសន្តិសុខហិរញ្ញវត្ថុ នៅពេលសង្គ្រាមពាណិជ្ជកម្មកំពុងបន្ត”។
លើសពីនេះ ក្រសួងពាណិជ្ជកម្មចិន បានបង្ហាញទិន្នន័យបង្ហាញថា ការវិនិយោគផ្ទាល់ពីបរទេស (FDI) បានកើនឡើង ៦,៦ ភាគរយដល់ ១០៧ពាន់លានដុល្លារគិតមកទល់ពេលនេះនៅឆ្នាំនេះ ដោយសារសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកើនឡើងយ៉ាងខ្លាំង។ ក្រុមហ៊ុនបរទេសបានចាប់ដៃគូជាមួយចិន និងបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍរបស់ប្រទេសនេះ។
ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្រុមហ៊ុនបរទេសបានចូលរួមចំណែកជិត ២៥ភាគរយនៃទិន្នផលឧស្សាហកម្ម និងមានចំនួន ៥០ភាគរយនៃពាណិជ្ជកម្មបរទេសទាំងអស់។
ចាប់ពីខែ មករា ដល់ខែ តុលា ឆ្នាំនេះ ប្រទេស និងតំបន់កំពូលទាំង ១០ ដែលមានការវិនិយោគនៅចិនមានដូចជាហុងកុង សឹង្ហបូរី តៃវ៉ាន់ កូរ៉េខាងត្បូង អង់គ្លេស ជប៉ុន អាឡឺម៉ង់ ហូល្លង់ និងម៉ាកាវដែលស្មើនឹង ៩៥ភាគរយនៃការប្រើប្រាស់ជាក់ស្តែងនៃការវិនិយោគបរទេសសរុបនៅក្នុងប្រទេស។
អ្នកវិភាគទីផ្សារជឿជាក់ថា សង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិនកំពុងឆ្ពោះទៅរកដំណោះស្រាយដំណាក់កាលទី ១ ប៉ុន្តែលោក Trump នៅតែបន្តគំរាមកំហែងដល់ចិនជាមួយនឹងការដំឡើងពន្ធគយខ្ពស់។
លោក Trump បាននិយាយនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃ អង្គារ ថា “ប្រសិនបើយើងមិនធ្វើកិច្ចព្រមព្រៀងជាមួយចិនទេ ខ្ញុំនឹងដំឡើងពន្ធខ្ពស់ជាងនេះ”៕






