ដោយ ប៊ី
ភ្នំពេញ៖ កម្ពុជាបានទទួលជោគជ័យក្នុងការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍ដឹកនាំដោយវិនិយោគផ្ទាល់ពីបរទេសប្រកបដោយប្រសិទ្ធភាពដោយសម្រេចបាន ៧ ភាគរយនៃអត្រាកំណើនផលិតផលក្នុងស្រុកសរុបអមដោយអត្រាភាពក្រីក្រធ្លាក់ចុះយ៉ាងឆាប់រហ័ស។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ធនាគារពិភពលោក។

ក្នុងរបាយការណ៍ចុងក្រោយរបស់ធនាគាពិភពលោកក្រោមចំណងជើងថា អនាគតការងារនៅប្រទេសកម្ពុជា៖ តំណភ្ជាប់ជាមួយសេដ្ឋកិច្ចនាពេលខាងមុខ ធនាគារក៏បានព្រមានប្រទេសអំពីបញ្ហាដែលមានស្រាប់។
របាយការណ៍នេះ ឱ្យដឹងថា ទោះបីជាគំរូសេដ្ឋកិច្ចបច្ចុប្បន្នរបស់កម្ពុជានៅតែផ្តល់ការងារថ្មីល្អក៏ដោយ ជោគជ័យរបស់វាអាចនឹងថយចុះ។ ប្រហែលជា ៨០ ភាគរយនៃប្រជាជនកម្ពុជាដែលមានអាយុចាប់ពី ១៥ ឆ្នាំឡើងទៅកំពុងធ្វើការ។
ទោះយ៉ាងណា ៩៤ ភាគរយនៃការងារដែលមានគឺស្ថិតនៅក្នុងមុខរបរដែលមានជំនាញទាប ខណៈអ្នកគ្រប់គ្រង និងអ្នកជំនាញមានចំនួនតិចជាង ៥ ភាគរយនៃការងារទាំងអស់។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ចំនួនការងារនៅកម្ពុជាបានកើនឡើងជាមធ្យម ១២ ភាគរយជារៀងរាល់ឆ្នាំក្នុងអំឡុងឆ្នាំ ២០១០-២០១៥ ដែលមួយភាគបីត្រូវបានបង្កើតដោយក្រុមហ៊ុនបរទេស។
របាយការណ៍បានផ្តល់អនុសាសន៍នូវយុទ្ធសាស្រ្តបួនដែលមានគោលបំណងដើម្បីធានាបាននូវការងារកាន់តែច្រើន និងល្អប្រសើរនាពេលអនាគតរួមមានការធ្វើពិពិធកម្មការនាំចេញទៅក្នុងផលិតកម្មបន្ថែមតម្លៃខ្ពស់ បង្កើតបរិយាកាសអាជីវកម្មក្នុងស្រុកដែលគាំទ្រដល់ការរីកចម្រើនរបស់ក្រុមហ៊ុនក្នុងស្រុក ពង្រឹងទំនាក់ទំនងរវាងវិស័យក្នុងស្រុក និងការនាំចេញ និងវិនិយោគលើជំនាញ និងការអប់រំរបស់កម្មករ។

ក្រៅពីនេះ របាយការណ៍បានឱ្យដឹងថា កម្ពុជាគួរតែធ្វើការបន្ថែមទៀតដើម្បីធានាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងមានវិធានការណ៍សមហេតុផលដើម្បីទប់ទល់នឹងផលប៉ះពាល់ដុល្លារអាមេរិកទៅលើសេដ្ឋកិច្ចក្នុងស្រុក៕






