ដោយៈ រ៉ាណេត
ព្រះសីហនុៈ នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ក្រុមហ៊ុនកាហ្វេដ៏ល្បីឈ្មោះលំដាប់អន្តរជាតិ Starbucks ចាប់ផ្តើមបើកសម្ពោធលក់បម្រើអតិថិជន នៅក្រុងពាណិជ្ជកម្មព្រះសីហនុជាលើកដំបូងហើយ។

ស្ថិតនៅលើទីតាំងដ៏ល្អនៃផ្សារទំនើបដ៏ធំ និងលើកដំបូងគេបង្អស់នៅក្រុងព្រះសីហនុ FURI Times Square ក្រុមហ៊ុនការហ្វេល្បីឈ្មោះលំដាប់ពិភពលោក Starbucks ចាប់ផ្តើមបើកទ្វារសម្ពោធការលក់របស់ខ្លួន ជាមួយនឹងគម្រោងពង្រីកសាខារបស់ខ្លួន នៅក្នុងក្រុងពាណិជ្ជកម្មមួយនេះថែមទៀតផង។
នៅក្នុងឱកាសនៃការចាប់ផ្តើមលក់ ជាលើកដំបូងនៅពេលនេះ Starbucks ក៏បាននាំមកជូននូវកម្មវិធីពិសេសសម្រាប់អតិថិជនរបស់ខ្លួន ជាមួយនឹងការទិញកាហ្វេគ្រប់រស់ជាតិចំនួនមួយកែវ និងទទួលបានការបន្ថែមជូននូវកែវទឹកដ៏ស្រស់ចំនួនមួយភ្លាមៗ ដែលកម្មវិធីដ៏ពិសេសមួយនេះ នឹងផ្តល់ជូនសម្រាប់តែអតិថិជនចំនួន២០០នាក់ដំបូង តែប៉ុណ្ណោះ។
លោកប៉ោ លីម តំណាងក្រុមហ៊ុនកាហ្វេ Starbucks បានឱ្យដឹងតាមទូរស័ព្ទថា “ការពង្រីកខ្លួនទៅកាន់ក្រុងព្រះសីហនុ ដែលជាគោលដៅទី៣នេះ ដោយសារខេត្តព្រះសីហនុក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ មានសក្តានុពលក្នុងការវិនិយោគ”។ លោកបន្តថា “បន្ថែមពីនេះ វិស័យអចលនទ្រព្យនៅក្នុងខេត្តជាប់សមុទ្រមួយនេះ មានអគារសំណង់មានសន្ទុះរីកចម្រើនយ៉ាងកំហុក ជាពិសេសមានផ្សារទំនើប Furi Times Squares ដែលគ្រោងនឹងបើកដំណើរជាផ្លូវការដំបូងនៅក្នុងខេត្តនេះ គឺជាពេលវេលាដ៏ត្រឹមត្រូវមួយសម្រាប់ Starbucks ក្នុងការបន្តពង្រីកខ្លួនទៅកាន់ទីនោះ”។
លោកបានបន្ថែមទៀតថា ផ្សារទំនើប Furi Times Squares ស្ថិតនៅទីតាំងល្អ និងស្ថិតនៅតាមបណ្តោយផ្លូវដ៏សំខាន់ នៅក្នុងកណ្តាលក្រុងព្រះសីហនុ ដូច្នេះ Starbucks និងទទួលបានជោគជ័យ និងមានការគាំទ្រច្រើន។ លោកបន្តថា ផ្សារនេះមិនត្រឹមតែស្ថិតនៅទីតាំងល្អនោះទេ តែមានការរៀបចំឌីសាញដ៏ទាក់ទាញ មានការរៀបចំប្រព័ន្ឋនៃការលក់យ៉ាងល្អប្រសើរ ដែលផ្តល់នូវអំណាចនៃការទាក់ទាញអតិថិជនយ៉ាងច្រើន នាពេលអនាគត។
នៅចុងឆ្នាំនេះ Starbucks នឹងបន្តពង្រីកខ្លួនបានឱ្យបាន២០ទីតាំង នៅទូទាំងប្រទេស។

ជាមួយនឹងការបង្ហាញវត្តមានរបស់ក្រុមហ៊ុនកាហ្វេ លំដាប់អន្តរជាតិ Starbucks នៅពេលនេះ ក៏មានបណ្តាក្រុមហ៊ុនលក់សម្ភារៈប្រើប្រាស់ ដែលមានម៉ាកសញ្ញាល្បីៗលំដាប់អន្តរជាតិជាច្រើនទៀត ចូលមកបង្ហាញខ្លួននៅក្នុងផ្សារទំនើបមួយនេះផងដែរ ដែលក្នុងនោះរួមមានដូចជាក្រុមហ៊ុន KFC ហាងអាហារBee Chheng Hiang ក្រុមហ៊ុន Amazone Café ក្រុមហ៊ុន KOI ក្រុមហ៊ុន Dakasi Tea, Pizza Company ក្រុមហ៊ុនលក់សម្លៀកបំពាក់ LEVI’s , ក្រុមហ៊ុន NIKE , ក្រុមហ៊ុន Samsonite, ក្រុមហ៊ុននាឡិកាដ៏ល្បីឈ្មោះ G-Shock, ក្រុមហ៊ុនលក់រថយន្ត HGB Group រួមជាមួយក្រុមហ៊ុនល្បីៗជាច្រើនទៀត។
លោក នង ឌីណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ និងពិធីការនៃរដ្ឋបាលខេត្តព្រះសីហនុ បានបង្ហាញពីក្ដីសាទរ ចំពោះវត្តមានក្រុមហ៊ុនលក់ផលិតផល ចំណីអាហារ និងសម្ភារៈប្រើប្រាស់ ដែលមានម៉ាកល្បីៗលំដាប់អន្តរជាតិ នៅក្នុងផ្សារទំនើប FURI Times Square ដែលទើបតែមានជាលើកដំបូងនៅក្នុងក្រុងព្រះសីហនុ។

លោកបានបញ្ជាក់ថា “វត្តមានក្រុមហ៊ុនអន្តរជាតិ និងផ្សារទំនើបមួយនេះ គឺជាការបង្ហាញពីការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ក្រុងព្រះសីហនុ ខណៈដែលកម្រិតជីវភាពប្រជាជនកាន់តែមានភាពធូរធា ដោយចំណូលរបស់មនុស្សម្នាក់ក្នុងមួយឆ្នាំនៅខេត្តនេះមានទឹកប្រាក់ ៣៧២៦ដុល្លារ ហើយកំណើនសេដ្ឋកិច្ចមានប្រមាណ ១០,៣ភាគរយ”។

លោកបានបន្តទៀតថា នៅក្នុងក្រុងព្រះសីហនុកាលពីមុន មានត្រឹមតែជាផ្សារទំនើបខ្នាតតូចដែលវិនិយោគដោយជនជាតិចិន និងលក់ទំនិញតែប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះ FURI Times Square បាននាំមកនូវបទពិសោធន៍ថ្មីក្នុងនាមជាផ្សារទំនើប ដែលមានលក់ទំនិញ ចំណីអាហារ សម្ភារៈប្រើប្រាស់គ្រប់ប្រភេទ ជាពិសេសជាតំបន់កម្សាន្ត សម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ដែលកាន់តែជួយលើកមុខមាត់ក្រុងព្រះសីហនុផងដែរ៕







