ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ តំណាងរាជរដ្ឋាភិបាលកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា បានសហការជារដ្ឋាភិបាលចិន ដែលតំណាងដោយសមាគមជំរុញកិច្ចសហប្រតិបត្តិការត្បូង-ត្បូង ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេសចិន ជំរុញវិស័យពាណិជ្ជកម្ម និងបង្កើនការវិនិយោគបន្ថែមនៅកម្ពុជាបន្ថែមទៀត។

សភាពាណិជ្ជកម្មកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង បានជួបប្រជុំពិភាក្សាជាមួយការងារស៊ីជម្រៅជាមួយលោក Lyu Xinhua ប្រធានសមាគមជំរុញកិច្ចសហប្រតិបត្តិការភាគខាងត្បូងប្រទេសចិន (Council for Promoting South-South Cooperation) ដែលដឹកនាំសហគ្រិនភាព និងក្រុមអ្នកវិនិយោគប្រមាណជិត៦០ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្នាក់ការសភាពាណិជ្ជកម្មកម្ពុជា ដើម្បីធ្វើយ៉ាងជំរុញវិស័យពាណិជ្ជកម្ម និងបង្កើនការវិនិយោគនៅកម្ពុជា។
អនុប្រធានសភាពាណិជ្ជកម្ម លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា សមាគមជំរុញកិច្ចសហប្រតិបត្តិការភាគខាងត្បូងប្រទេសចិន គាត់មកធ្វើទស្សនកិច្ច និងស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជាស្ថិតនៅក្នុងផ្លូវមួយខ្សែក្រវ៉ាត់មួយ ដែលយើងនឹងជំរុញបន្ថែមទៀតអំពីកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មរវាងកម្ពុជា-ចិន។
លោកឧកញ៉ាបានបន្តទៀតថា “ប្រធានសមាគមចិនខាងលើនេះ បានដឹកនាំតំណាងក្រុមហ៊ុនដែលមានបទពិសោធន៍ចំនួន២៤ក្រុមហ៊ុន និងជាង៣០សហគ្រិន ដើម្បីចាប់ដៃគូជាមួយកម្ពុជា ដោយអមដំណើរដោយអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាផងដែរ”។
លោកបានបន្តទៀតថា “ពួកគាត់ភាគច្រើនសុទ្ធតែជាអតីតអនុរដ្ឋមន្ត្រី និងជាសមាសភាពតំណាងក្រុមហ៊ុនដែលចំណុះរដ្ឋជាមួយឯកជន និងជាអតីតមន្ត្រីជាន់ចាស់ដែលមានបទពិសោធន៍ខ្ពស់ក្នុងវិស័យពាណិជ្ជកម្ម”។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជារូបនេះបានបន្តទៀតថា “ តាមរយៈនៃកិច្ចជំនួបដ៏ប្រសើរនេះ ខ្ញុំសង្ឃឹមថានឹងកាន់តែមានភាពល្អប្រសើរនៅក្នុងការពង្រីក និងពង្រឹងវិស័យពាណិជ្ជកម្មកម្ពុជា-ចិន កាន់តែមានភាពល្អប្រសើរ ជាពិសេសទាក់ទាញបានការវិនិយោគពីសំណាក់ប្រទេសចិនបន្ថែមទៀត ខណៈដែសក្ដានុពល និងឱកាសវិនិយោគត្រូវបានពួកគាត់សិក្សាស្វែងយល់យ៉ាងច្បាស់រួចទៅហើយនោះ”។

គំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” របស់ចិន បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនរវាងកម្ពុជា និងចិន ខណៈដែលចិនបានចាត់ទុកកម្ពុជា ជាចំណុចស្នូលរបស់គំនិតផ្តួចផ្តើមនេះ ហើយគំនិតផ្តួចផ្តើមនេះ គឺជារឿងសំខាន់បំផុត ដើម្បីសហការក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលកាន់តែផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់កម្ពុជា ដែលក្រៅពីកិច្ចពង្រឹងចំណងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏មានការជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជាផងដែរ៕






