កម្ពុជា​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង​ ១០​ នៅ​លើ​ពិភពលោក​ក្នុង​សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​ក្នុង​ឆ្នាំ២០១៩

0

​ដោយ​ ប៊ី​

ភ្នំពេញ​៖ ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​ក្នុងរយៈពេល​ ៣០​ ឆ្នាំ​កន្លងមក​បាន​នាំ​ឱ្យ​ប្រទេស​នេះ​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង​ ១០​ នៅ​លើ​ពិភពលោក​ និង​ទី​ ២ នៅ​អាស៊ី​ និង​ប៉ាស៊ីហ្វិក​ស្តី​ពីអ​ត្រា​នៃ​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​នៅក្នុង​សន្ទស្សន៍​អភិវឌ្ឍន៍​មនុស្ស​។ នេះ​បើ​របាយការណ៍​ថ្មី​មួយ​ដែល​ចេញ​ដោយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​កាលពី​ម្សិលមិញ​។

របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​ឆ្នាំ​ ២០១៩​ របស់​កម្ពុជា​បាន​លើកឡើង​ថា​ “បច្ចុប្បន្ន​ ប្រជាជន​កម្ពុជា​ច្រើន​ជាង​មុន​ៗ ទទួល​បាន​ប្រើប្រាស់​ផ្លូវ​ ថាមពល​ សេវាកម្ម​សាធារណៈ​ប្រសើរ​ជាង​មុន​ និង​ឱកាស​សេដ្ឋកិច្ច​ និង​ការ​ងា​រថ្មីៗ​”។

របាយការណ៍​បាន​លើកឡើង​ថា​ “ដើម្បី​ទ្រទ្រង់​ និង​បង្កើន​កំណើន​ក្នុងរយៈពេល​វែង​ និរន្តរភាព​បរិស្ថាន​ត្រូវតែ​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​”។ របាយការណ៍​នេះ​បាន​បន្ថែម​ទៀត​ថា​ កំណើនប្រជាជន​ និង​នគរូបនីយកម្ម​យ៉ាង​ឆាប់រហ័ស​កំពុង​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ទៅលើ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​កម្ពុជា​ ដែល​បណ្តាល​ឱ្យ​មានការ​រិច​រិល​បរិស្ថាន​ និង​ការបាត់បង់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ និង​ជីវចម្រុះ​។

ប្រជាជន​កម្ពុជា​ប្រមាណ​ ៨០​ ភាគរយ​រស់នៅ​ និង​ធ្វើការ​នៅ​តំបន់ជនបទ​ដោយ​ពឹងផ្អែក​លើ​កសិកម្ម​ដោយ​បន្ថែម​ថា​ ធនធាន​ព្រៃឈើ​ និង​សកម្ម​ភាព​ផ្សេង​ៗផ្តល់​នូវ​បណ្តាញ​សុវត្ថិភាព​ដ៏​សំខាន់​សម្រាប់​សហគមន៍​ជនបទ​ទាំងនេះ​ ជាពិសេស​ស្ត្រី​ និង​ប្រជាជន​ក្រីក្រ​ ខណៈ​សកម្មភាព​ទាំងនេះ​ផ្តល់​ប្រភព​ចំណូល​។

របាយការណ៍​នេះ​បានឱ្យ​ដឹង​ថា​ “ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​រវាង​សេដ្ឋកិច្ច​ និង​បរិស្ថាន​ធ្វើ​ឱ្យ​កម្ពុជា​ស្ថិត​ក្នុង​ជំហរតែ​មួយ​ដើម្បី​បង្ហាញថា​ ការ​អភិវឌ្ឍ​មនុស្ស​អាច​ដើរ​ទន្ទឹមគ្នា​ នឹង​និរន្តរភាព​បរិស្ថាន​”។

លោកស្រី​ Valerie​ Cliff​ ជំនួយការ​រដ្ឋបាល​ និង​មន្ត្រី​ទទួលបន្ទុក​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​ និង​ប៉ាស៊ីហ្វិក​បាន​និយាយ​នៅ​របាយការណ៍​ថា​ របាយការណ៍​បាន​ចែករំលែក​នូវ​អនុសាសន៍​មួយចំនួន​សម្រាប់​លើកកម្ពស់​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នៅ​ទូទាំង​ប្រទេស​។

លោកស្រី​បាន​និយាយ​ថា​ វិធានការណ៍​សំ​ខាន់​ៗរួមមាន​ការបង្កើត​ភាពជា​ម្ចាស់​ធនធាន​ធម្មជាតិ​ច្បាស់លាស់​ និង​មាន​សុវត្ថិភាព​ការ​កៀរគរ​ថវិកា​ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ធម្មជាតិ​ផ្តល់​សិទ្ធិ​អំណាច​ដល់​ប្រជាជន​ក្នុង​តំបន់​ដើម្បី​គ្រប់គ្រង​ធនធាន​ដែល​ពួកគេ​ពឹងផ្អែក​បាន​កាន់តែ​ប្រសើរ​ និង​លើកកម្ពស់​ផលិតផល​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​ និង​ឱកាស​ចិញ្ចឹមជីវិត​ជំនួស​។

លោកស្រី​បាន​មានប្រសាសន៍​ថា​ “ការ​ផ្តោត​សំខាន់​នៃ​របាយការណ៍​អភិវឌ្ឍន៍​មនុស្ស​នេះ​គឺ​ដើម្បី​បង្ហាញ​ពី​សក្តា​នុ​ពល​នៃ​មាគ៌ា​អភិវឌ្ឍន៍​នា​ពេល​អនាគត​ដែល​ជំរុញ​ការ​ធ្វើស​មា​ហរ​ណកម្ម​នៃ​ការ​អភិវឌ្ឍ​មនុស្ស​ និង​និរន្តរភាព​បរិស្ថាន​ទន្ទឹម​នឹង​វឌ្ឍនភាព​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​”។

របាយការណ៍​បញ្ជាក់​ពីអ​ត្ថ​ប្រយោជន៍​បរិស្ថាន​ និង​ការ​អភិវឌ្ឍ​រយៈពេល​វែង​នៃ​និរន្តរភាព​សម្រាប់​ការ​បន្ស៊ាំ​ និង​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ដោយ​បង្ហាញថា​ នេះ​អាច​បណ្តាល​ឱ្យ​មាន​លទ្ធផល​នៃ​ការ​អភិវឌ្ឍ​មនុស្សជាតិ​ដ៏​សំខាន់​កសាង​ភាព​ធន់​ និង​ការ​រីកចម្រើន​ប្រកបដោយ​សុវត្ថិភាព​នៅ​ទូទាំង​កម្ពុជា​។

របាយការណ៍​នេះ​បាន​បញ្ជាក់​ទៀត​ថា​ សហគមន៍​ជនបទ​គឺជា​ភ្នាក់ងារ​ដ៏​សំខាន់​សម្រាប់​និរន្តរភាព​ ហើយ​ពួកគេ​ត្រូវការ​ផ្តល់​អំណាច​ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​ពួកគេ​ និង​ជួយ​លើកកម្ពស់​ការ​អភិវឌ្ឍ​មនុស្ស​តាមរយៈ​ការចូលរួម​ក្នុង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ​ប្រកបដោយ​និរន្តរភាព​៕

LEAVE A REPLY

Please enter your comment!
Please enter your name here