ដោយ ប៊ី
ភ្នំពេញ៖ ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកបាននាំឱ្យប្រទេសនេះជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ នៅលើពិភពលោក និងទី ២ នៅអាស៊ី និងប៉ាស៊ីហ្វិកស្តីពីអត្រានៃធ្វើឱ្យមានភាពប្រសើរឡើងនៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ នេះបើរបាយការណ៍ថ្មីមួយដែលចេញដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិកាលពីម្សិលមិញ។

-->
របាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ ២០១៩ របស់កម្ពុជាបានលើកឡើងថា “បច្ចុប្បន្ន ប្រជាជនកម្ពុជាច្រើនជាងមុនៗ ទទួលបានប្រើប្រាស់ផ្លូវ ថាមពល សេវាកម្មសាធារណៈប្រសើរជាងមុន និងឱកាសសេដ្ឋកិច្ច និងការងារថ្មីៗ”។
របាយការណ៍បានលើកឡើងថា “ដើម្បីទ្រទ្រង់ និងបង្កើនកំណើនក្នុងរយៈពេលវែង និរន្តរភាពបរិស្ថានត្រូវតែបញ្ចូលទៅក្នុងសេដ្ឋកិច្ច”។ របាយការណ៍នេះបានបន្ថែមទៀតថា កំណើនប្រជាជន និងនគរូបនីយកម្មយ៉ាងឆាប់រហ័សកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងទៅលើប្រព័ន្ធអេកូឡូស៊ីរបស់កម្ពុជា ដែលបណ្តាលឱ្យមានការរិចរិលបរិស្ថាន និងការបាត់បង់សេវាកម្មប្រព័ន្ធអេកូឡូស៊ី និងជីវចម្រុះ។
ប្រជាជនកម្ពុជាប្រមាណ ៨០ ភាគរយរស់នៅ និងធ្វើការនៅតំបន់ជនបទដោយពឹងផ្អែកលើកសិកម្មដោយបន្ថែមថា ធនធានព្រៃឈើ និងសកម្មភាពផ្សេងៗផ្តល់នូវបណ្តាញសុវត្ថិភាពដ៏សំខាន់សម្រាប់សហគមន៍ជនបទទាំងនេះ ជាពិសេសស្ត្រី និងប្រជាជនក្រីក្រ ខណៈសកម្មភាពទាំងនេះផ្តល់ប្រភពចំណូល។
របាយការណ៍នេះបានឱ្យដឹងថា “ទំនាក់ទំនងយ៉ាងស៊ីជម្រៅរវាងសេដ្ឋកិច្ច និងបរិស្ថានធ្វើឱ្យកម្ពុជាស្ថិតក្នុងជំហរតែមួយដើម្បីបង្ហាញថា ការអភិវឌ្ឍមនុស្សអាចដើរទន្ទឹមគ្នា នឹងនិរន្តរភាពបរិស្ថាន”។
លោកស្រី Valerie Cliff ជំនួយការរដ្ឋបាល និងមន្ត្រីទទួលបន្ទុកការិយាល័យប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកបាននិយាយនៅរបាយការណ៍ថា របាយការណ៍បានចែករំលែកនូវអនុសាសន៍មួយចំនួនសម្រាប់លើកកម្ពស់ការគ្រប់គ្រងធនធានធម្មជាតិឱ្យកាន់តែប្រសើរឡើងនៅទូទាំងប្រទេស។
លោកស្រីបាននិយាយថា វិធានការណ៍សំខាន់ៗរួមមានការបង្កើតភាពជាម្ចាស់ធនធានធម្មជាតិច្បាស់លាស់ និងមានសុវត្ថិភាពការកៀរគរថវិកាដើម្បីការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិផ្តល់សិទ្ធិអំណាចដល់ប្រជាជនក្នុងតំបន់ដើម្បីគ្រប់គ្រងធនធានដែលពួកគេពឹងផ្អែកបានកាន់តែប្រសើរ និងលើកកម្ពស់ផលិតផលធនធានធម្មជាតិប្រកបដោយនិរន្តរភាព និងឱកាសចិញ្ចឹមជីវិតជំនួស។
លោកស្រីបានមានប្រសាសន៍ថា “ការផ្តោតសំខាន់នៃរបាយការណ៍អភិវឌ្ឍន៍មនុស្សនេះគឺដើម្បីបង្ហាញពីសក្តានុពលនៃមាគ៌ាអភិវឌ្ឍន៍នាពេលអនាគតដែលជំរុញការធ្វើសមាហរណកម្មនៃការអភិវឌ្ឍមនុស្ស និងនិរន្តរភាពបរិស្ថានទន្ទឹមនឹងវឌ្ឍនភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស”។
របាយការណ៍បញ្ជាក់ពីអត្ថប្រយោជន៍បរិស្ថាន និងការអភិវឌ្ឍរយៈពេលវែងនៃនិរន្តរភាពសម្រាប់ការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុដោយបង្ហាញថា នេះអាចបណ្តាលឱ្យមានលទ្ធផលនៃការអភិវឌ្ឍមនុស្សជាតិដ៏សំខាន់កសាងភាពធន់ និងការរីកចម្រើនប្រកបដោយសុវត្ថិភាពនៅទូទាំងកម្ពុជា។

របាយការណ៍នេះបានបញ្ជាក់ទៀតថា សហគមន៍ជនបទគឺជាភ្នាក់ងារដ៏សំខាន់សម្រាប់និរន្តរភាព ហើយពួកគេត្រូវការផ្តល់អំណាចដើម្បីបំពេញសេចក្តីត្រូវការរបស់ពួកគេ និងជួយលើកកម្ពស់ការអភិវឌ្ឍមនុស្សតាមរយៈការចូលរួមក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕